អត្ថបទពាណិជ្ជកម្ម
ព្រូ​ដិ​នស​ល​កម្ពុជា គាំទ្រ​កម្មវិធី​សាលារៀន​សុវត្ថិភាព​នៅ​ខេត្តស្ទឹងត្រែង​
05, Feb 2020 , 3:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ទឹងត្រែង ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០៖ តំណាង​មកពី​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​មូលនិធិ​សិទ្ធិ​កុមារ បាន​ចូលរួម​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តស្ទឹងត្រែង ក្នុងការ​លើកកម្ពស់​សុ​វត្ថិ​ភាព (​ពី​គ្រោះមហន្តរាយ​) នៅតាម​សាលារៀន និង​កាត់បន្ថយ​ផលប៉ះពាល់ ពី​គ្រោះមហន្តរាយធម្មជាតិ តាមរយៈ​កម្មវិធី​សាលារៀន​សុវត្ថិភាព ។
 
​ជា​ផ្នែក​មួយ នៃ​កម្មវិធី​ក្នុងការ​លើកកម្ពស់​គោល​គំនិត និង​ការអនុវត្ត​សកម្មភាព​ដើម្បី​សាលារៀន​សុវត្ថិភាព  ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង​រាប់រយ​នាក់ បាន​ចូលរួម​ក្នុង​ក្បួន​ដង្ហែ ដែល​រៀបចំឡើង​ដោយ​មន្ទីរអប់រំ យុវជន និង​កីឡា គ្រូបង្រៀន អង្គការ​ដៃគូ​ក្រៅ​រាជរដ្ឋាភិបាល និង​សមាជិក​ក្រុម​ត្រួតពិនិត្យ​ក្នុង​មូលដ្ឋាន​។ 


 
​លោក វណ្ណ​ដេ​ត តារា​រដ្ឋ ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់ ផ្នែក​ផ្សព្វផ្សាយ ទំនាក់ទំនង និង​អភិវឌ្ឍន៍​សហគមន៍ នៃ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​មានប្រសាសន៍ថា កុមារ និង​សិស្សានុសិស្ស​ទាំងអស់ គួរតែមាន​សុវត្ថិភាព​ជានិច្ច   ជាពិសេស ពេល​ពួកគេ​មក​សាលារៀន​។ លោក​បន្តថា​៖«​យើង​ប្តេជ្ញា បន្ត​ការគាំទ្រ​ដល់​សិស្សានុសិស្ស និង​ព្យាយាម​ធានា​ឱ្យបាន​ថា ពួកគេ​អាច​បន្ត​ការសិក្សា​បាន ទោះបី​មានការ​រំខាន​ដែល​បណ្តាលមកពី​គ្រោះមហន្តរាយធម្មជាតិ​ក៏ដោយ​។ យើង​មាន​មោទកភាព​ណាស់ ដែល​បានធ្វើការ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា អង្គការ​ដៃគូ ដូចជា អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​មូលនិធិ​សិទ្ធិ​កុមារ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សុវត្ថិភាព​នៅតាម​សហគមន៍ និង​មូលដ្ឋាន ដោយ​ផ្អែកលើ​ក្របខណ្ឌ​សាលារៀន​សុវត្ថិភាព​»​។​
 
​ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅ​កម្ពុជា ព្រូ​ដិ​នស​ល​កម្ពុជា រីករាយ​បន្ត​កិច្ចសហការ​របស់ខ្លួន ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​ដៃគូ ដើម្បី​បង្កើត​បរិយាកាស​សិក្សា ប្រកបដោយ​សុវត្ថិភាព​សម្រាប់​សិស្សានុសិស្ស​។ កម្មវិធី​នេះ មាន​គោលបំណង​ឱ្យ​សាលារៀន ចេះ​កំណត់​អត្តសញ្ញាណ​នៃ​គ្រោះមហន្តរាយ​តូច ឬ​ធំ និង​រៀបចំ​សម្រាប់​សុវត្ថិភាព​ឱ្យបាន​សមស្រប​។​


 
​លោក តារា​រដ្ឋ បាន​បន្ថែមទៀតថា​៖ «​យើង​បាន​ដាក់ឱ្យអនុវត្ត កម្មវិធី​សាលារៀន​សុវត្ថិភាព​នេះ​ដល់​សាលារៀន​ចំនួន ១៥ សាលា ក្នុង​ឃុំ​ចំនួន​៥ តាមរយៈ​ការបង្កើត​កម្មវិធី​សាលារៀន​សុវត្ថិភាព​«​គំរូ​» ស្របតាម​ក្របខណ្ឌ​កម្មវិធី​សាលារៀន​សុវត្ថិភាព​របស់​អាស៊ាន​។ កម្មវិធី​គំនិត​ផ្តួចផ្តើម​នេះ មានបំណង​ជួយ​អប់រំ​សិស្សានុសិស្ស​ជាង ៣,០០០ នាក់​»​។​
 
​សាលារៀន​សុវត្ថិភាព គឺជា​កម្មវិធី​បណ្តុះបណ្តាល អំពី​ការកាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​ប្រចាំ​តំបន់​អាស៊ី  គាំទ្រ​ដោយ មូលនិធិ​ព្រូ​ដិ​នស៍  ដែលជា​ដៃគូ​អភិវឌ្ឍន៍​សហគមន៍រ​បស់​សាជីវកម្ម​ព្រូ​ដិ​នស​ល​អាស៊ី និង​អាហ្វ្រិក​។  កម្មវិធី​សាលារៀន​សុវត្ថិភាព ដែល​ចាប់តាំងពី​ឆ្នាំ​២០១៣​មក ស្របទៅនឹង​កម្មវិធី​គ្រោះមហន្តរាយធម្មជាតិ របស់ មូលនិធិ​ព្រូ​ដិ​នស៍  ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត និង​ធានាថា​សាលារៀន និង​សហគមន៍​ត្រៀមខ្លួន​បានល្អ​រួចជាស្រេច នៅពេល​មាន​គ្រោះមហន្តរាយធម្មជាតិ​។​
 
​លោក ជា ប៊ុន​សាង ប្រធានការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​មានប្រសាសន៍ថា​៖«​កម្មវិធី​របស់​យើង បាន​ជួយ​ដល់​សិស្សានុសិស្ស និង​ឪពុកម្តាយ​បន្ថែមទៀត ដើម្បីឱ្យ​ចេះ​ត្រៀម​ទប់ទល់​នឹង​គ្រោះថ្នាក់ និង​ហានិភ័យ នៃ​គ្រោះមហន្តរាយធម្មជាតិ រួមមាន​ទឹកជំនន់ អគ្គិភ័យ ឬ​សកម្មភាព​ខាងក្រៅ ដែល​អាច​បង្ក​គ្រោះថ្នាក់​។ ឥឡូវនេះ​សិស្សានុសិស្ស​ទទួល​បានកា​រ​យល់ដឹង​កាន់តែច្បាស់ អំពី​សុវត្ថិភាព​»​។​


 
​លោកស្រី  ហម ចាន់ថន ជា​ពលរដ្ឋ​ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ បាន​លើកឡើងថា​៖«​កម្មវិធី​នេះ ទទួលបាន​ជោគជ័យ​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង​អំពី​ហានិភ័យ​នៃ​គ្រោះមហន្តរាយធម្មជាតិ និង​ជួយ​សិស្សានុសិស្ស និង​កុមារ​ឱ្យ​ចេះ​ត្រៀមខ្លួន​ប្រឆាំងនឹង​គ្រោះមហន្តរាយធម្មជាតិ​។ ខ្ញុំ​ចង់ឱ្យមាន​យុទ្ធនាការ​សុ​វត្តិភាព ក្នុង​សាលារៀន និង​សហគមន៍​ផ្សេងៗ​ទៀត​ដែរ​»​។​
 
​ចាប់តាំងពី​បាន​ផ្ដើម​ប្រតិបត្តិការ​របស់ខ្លួន នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៣​មក ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាន​ខិតខំ​ស្វែងរក​កម្មវិធី​ផ្តួចផ្តើម និង​ឱកាស​ដើម្បី​ជួយ​កសាង​សហគមន៍ ដែលមាន​ភាព​ធន់​ឱ្យ​ច្រើន​បន្ថែមទៀត នៅ​ទូទាំងប្រទេស​កម្ពុជា​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com