ជាតិ
ពីខែកុម្ភៈដល់ខែឧសភា រដ្ឋមិនយកពន្ធពីសណ្ឋាគារ ផ្ទះសំណាក់នៅសៀមរាបឡើយ 24, Feb 2020 , 9:42 am
សម្ដេច ហ៊ុន សែន
× សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការសម្រេចមិនយកពន្ធ៤ខែ ពីខែកុម្ភៈ ដល់ ខែឧសភា លើសណ្ឋាគារ ផ្ទះសំណាក់ ក្នុងខេត្តសៀមរាប ខណៈដែលភ្ញៀវទេសកំពុងធ្លាក់ចុះ ដោយការផ្ទុះជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19)។ ការមិនយកពន្ធ៤ខែនេះ មានន័យថារដ្ឋជាអ្នកបង់ពន្ធជំនួយ ។
«លើកលែងការបង់ពន្ធគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាបរយៈពេល៤ខែ ដោយចាប់ពីខែកុម្ភៈ ដលខែឧសភា ឆ្នាំ២០២០»។ នេះបើតាមការលើកឡើងរបស់សម្ដេច ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពថ្មីៗពាក់ព័ន្ធនឹងកម្ពុជានៅថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២០។
ទន្ទឹមនឹងនេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញគ្រប់គ្រងអាជីវករ លើតម្លៃបន្ថែមជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។ ការលើកលែងពន្ធនេះ មានន័យរដ្ឋទទួលបង់ពន្ធជំនួស។
ជាមួយគ្នាដែរ សម្ដេច បានបញ្ជាក់ពីស្ថានភាពភ្ញៀវទេសចរ ធ្លាក់ចុះក្នុងខែកុម្ភៈ នេះថា ភ្ញៀវទេសចរបរទេសធ្លាក់ចុះជាង៦០ភាគរយ ជាពិសេសជនជាតិចិនបានធ្លាក់ចុះជាង៩០ភាគរយ ក្នុងនោះខេត្តសៀមរាបរងផលប៉ះពាល់ខ្លាំងជាងគេ៕
© រក្សាសិទ្ធិដោយ thmeythmey.com