ជាតិ
ដើមឈើ​នៅ​ឧទ្យាន​កាកបាទក្រហម​សៀមរាប​មាន​អាយុ​២១​ឆ្នាំ​ហើយ​
03, Mar 2020 , 8:39 am        
រូបភាព
​សៀមរាប​៖ សាធារណជន​ច្បាស់​ជា​ធ្លាប់​បានឃើញ​ហើយ​នូវ​ដើមឈើ​តូចធំ​អម​សង​ខាងលើ​កំណាត់​ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល ឆ្ពោះទៅ​ប្រាសាទអង្គរវត្ត​។ នៅ​ទីនោះ ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា «​ឧទ្យាន​សហស្សវត្ស​រ៍កា​ក​បាទ​ក្រហម​» និង​មកដល់ពេលនេះ​ដើមឈើ​នៅ​ទីនោះ​មាន​អាយុ​២១​ឆ្នាំ​ហើយ​។​
 
​ឧទ្យាន​សហស្សវត្ស​រ៍កា​ក​បាទ​ក្រហម ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៩ និង​ត្រូវ​ប្រារព្ធ​ពិធី​ដាំ​នៅ​ថ្ងៃទី ៨ ឧសភា ដើម្បី​អបអរ​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ១៩៩៩ នៅ​បរិវេណ​ប្រាសាទអង្គរវត្ត ក្រោម​ប្រធានបទ «​ពិភពលោក​ហ៊ាន​សុបិន​»​។ នៅពេលនោះ សម្ដេច​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ទ្រង់​យាង​ជា​ព្រះរាជាធិបតី​, សម្ដេច ហ៊ុន សែន និង​លោកជំទាវ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​។ ដើមឈើ​ដែល​ដាំ​នៅពេលនោះ​មាន ២​ពាន់​ដើម ដែលមាន​កូនឈើ​គគីរ និង​ឈើទាល នៅលើ​ផ្ទៃ​ជាង​៤​ហិកតា ស្ថិតនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប​។ មកដល់ពេលនេះ ដើម​ទាំងនោះ​មាន​អាយុ​២១​ឆ្នាំ​ហើយ ដែល​បង្កើតជា​ម្លប់  សោភ័ណភាព​ស្រស់ស្អាត និង​ភាព​ទាក់ទាញ​។​
 
​នៅ​ថ្ងៃទី​១៨ កុម្ភៈ សាខា​កាកបាទក្រហម​ខេត្តសៀមរាប​បានរៀបចំ​ពិធី​អបអរ​ខួប​លើក​ទី​៦៥ ថ្ងៃកំណើត​កាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២០) ដោយមាន​ការសម្អាត​ប​រិ​ស្ថាន​ក្នុង​ឧទ្យាន​នេះ​។ ក្នុង​ពិធី​នៅពេលនោះ លោកស្រី ទាង អៀង ទៀ សីហា ប្រធាន​កាកបាទក្រហម​ខេត្ត បាន​អំពាវនាវ​ឱ្យ​យុវជន​ទាំងអស់ ត្រូវបាន​បន្ត​ការថែរក្សា​ឧទ្យាន​នេះ​ដើម្បី​ប្រយោជន៍​សម្រាប់​បរិស្ថាន​នៅ​កម្ពុជា​៕





























Tag:
 ឧទ្យាន​សហស្សវត្ស​រ៍កា​ក​បាទ​ក្រហម​
  ព្រៃឈើ​
  បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com