របបអាហារក៏ជះឥទ្ធិពលលើសុខភាពនិងពណ៌នៃស្បែកផងដែរ។ ថាតើអាហារអ្វីខ្លះជួយឱ្យស្បែកកាន់តែសស្អាតជាងមុន?
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីស្បែកសស្រស់ថ្លា ៖
១. មើមឆៃថាវក្រហម
បន្លែមើមនេះមានប្រសិទ្ធភាពកម្ចាត់ជាតិពុលដែលបង្កភាពស្រអាប់ដល់ស្បែកចេញពីរាងកាយ។ ការបន្សាបជាតិពុលក៏ជួយបង្កើនអុកស៊ីសែននិងសារធាតុចិញ្ចឹមដល់កោសិកាស្បែកដែលជួយរក្សាសុខភាពល្អប្រសើរនិងកាន់តែស្រស់ថ្លា។ មើមឆៃថាវក្រហមក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូម ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រនិងវីតាមីន C ដែលសុទ្ធតែចាំបាច់សម្រាប់សុខភាពស្បែក។
២. សូកូឡាខ្មៅ
ការញ៊ាំសូកូឡាខ្មៅដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ ភាគរយជួយការពារស្បែកមិនឱ្យទទួលរងផលប៉ះពាល់ពីពន្លឺព្រះអាទិត្យ។ ម្យ៉ាងវិញទៀតសូកូឡាខ្មៅមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាស្បែកមិនឱ្យទទួលរងការបំផ្លាញពីរ៉ាឌីកាល់សេរី។
៣. បឺរី
ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងវីតាមីន C ដែលជួយការពារកោសិកាស្បែកមិនឱ្យទទួលរងការបំផ្លាញពីរ៉ាឌីកាល់សេរី ហើយបង្កើនការសំយោគកូឡាជែនចាំបាច់សម្រាប់រក្សាសុខភាពស្បែកស្រស់ស្អាតទប់ស្កាត់ស្នាមជ្រីវជ្រួញថែមទៀត។
៤. ផ្លែឈើប្រភេទ Citrus
រួមមានផ្លែក្រូច ទំពាំងបាយជូរ ក្រូចឆ្មារជាដើមមានផ្ទុកសម្បូរទៅដោយវីតាមីន C។ វីតាមីននេះជាសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងក្លាបំផុតមួយដែលមិនត្រឹមតែជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់សម្រាប់សុខភាពស្បែកផងដែរ។ សម្រាប់អ្នកដែលចង់ឱ្យស្បែកសស្រស់ស្អាតជាងមុនកុំភ្លេចរួមបញ្ចូលផ្លែឈើប្រភេទ Citrus ក្នុងរបបអាហារប្រចាំថ្ងៃ។
៥. ផ្លែល្ហុង
ធ្លាប់ដឹងទេថាផលិតផលជួយឱ្យស្បែកសស្អាតដែលដាក់លក់លើទីផ្សារភាគច្រើនផ្សំឡើងពីល្ហុង? នេះក៏ព្រោះតែផ្លែល្ហុងមានផ្ទុកសារធាតុ papain ដែលមានប្រសិទ្ធភាពជួយឱ្យស្បែកស។ ដូច្នេះកុំភ្លេចទទួលទានផ្លែល្ហុងជាប្រចាំ។ អ្នកក៏អាចលាបផ្លែល្ហុងទុំដែលកិនម៉ដ្ឋលើស្បែកនិងទុកចោលសម្រាប់រយៈពេល ១ ម៉ោងសឹមលាងសម្អាតចេញដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
៦. តែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយឱ្យស្បែកសជាងមុននិងការពារស្បែកពីកម្ដៅថ្ងៃផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh