COVID-19
អន្តរជាតិ
COVID-19៖ រដ្ឋាភិបាលជប៉ុនថា មិនទាន់ចាំបាច់ដាក់ប្រទេសក្នុងអាសន្នឡើយ 27, Mar 2020 , 5:23 pm
× ដោយ៖ គយ រតនបុរិន្ទ
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុននៅថ្ងៃទី ២៧ មីនានេះ បាននិយាយថា នៅពេលនេះពុំទាន់ចាំបាច់ ក្នុងការប្រកាសប្រទេសក្នុងស្ថានភាពអាសន្នឡើយ។ ការលើកឡើងបែបនេះបន្ទាប់ពីលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុនបានហៅ ជំងឺ COVID-19 ជា« វិបត្តិជាតិ» បន្ទាប់ពីចំនួនអ្នកចំនួនអ្នកឆ្លងមានការកើនឡើងយ៉ាងគំហុក នៅទីក្រុងតូក្យូ ។
តាមរយៈសន្និសីទសារព័ត៍មានប្រចាំថ្ងៃ លោក Yoshihide Suga អ្នកនាំពាក្យនិងជាប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា ដំណាក់កាលនេះ ពុំទាន់ជាស្ថានការណ៍ដែលគេត្រូវដាក់ប្រទេសក្នុងស្ថានភាពអាសន្នឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៍មាន Reuters ។
ការប្រកាសអាសន្នថ្នាក់ជាតិ ត្រូវជឿថា ជាជម្រើសមួយដើម្បីបើកផ្លូវឲ្យរដ្ឋាភិបាលមានអំណាចកាន់តែទូលាយក្នុងការដោះស្រាយវិបត្តិ COVID-19។ ការបង្កើតក្រុមការងារថ្មីមួយ របស់លោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេកាលពីប៉ុន្មានថ្ងៃមុន ត្រូវបានគេចាត់ទុកថាជាដំណាក់កាលដំបូងដើម្បីប្រកាសដាក់ប្រទេសក្នុងអាសន្ន។ យ៉ាងណាមិញ ស្ថានភាពនៅជប៉ុនហាក់ធូរស្រាលបន្តិច ដោយការមានការលើកការប្រកាសអាសន្ននៅតំបន់មួយចំនួន។
ចាប់តាំងតែពីមានការផ្ទុះជំងឺ COVID-19 មករដ្ឋាភិបាលជប៉ុនាបានចាត់វិធានការដូចជាបិទសាលារៀន ស្នើកុំឲ្យមានការជួបជុំជាសាធារណៈ និងការសម្រាកនៅផ្ទះនៅចុងសប្តាហ៍។
គូរបញ្ជាក់ផងដែរថា គណៈរដ្ឋមន្ត្រីជប៉ុនបានអនុម័ត សេចក្តីព្រៀងច្បាប់ដើម្បីដាក់ប្រទេសក្នុងស្ថានភាពអាសន្នតាំងតែពីថ្ងៃ១០ មីនាមកម្ល៉េះ។ គិតមកដល់ពេលនេះ ចំនួនអ្នកឆ្លងមានចំនួន ១,៣៨៧ ក្នុងនោះមានករណីស្លាប់មានចំនួន ៤៧ និងករណីជាសះស្បើយមានចំនួន៣៥៩ ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com