អន្តរជាតិ
ក្រសួងការពារជាតិចិន៖ ចិន ជំទាស់ដាច់ខាតវត្តមាននាវាអាមេរិកក្នុងសមុទ្រចិនខាងត្បូង 01, May 2020 , 4:31 pm
នាយឧត្តមសេនីយ៍ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន។ រូបភាព៖ Xinhua
× ចិន ជំទាស់ដាច់ខាតចំពោះវត្តមាននាវាបរទេស ដែលបើកកាត់ដែនទឹករបស់ចិននៅក្នុងតំបន់សមុទ្យចិនខាងត្បូង។ សកម្មភាពនេះ គឺមានតែបង្កឲ្យមានផលប៉ះពាល់ និងបំផ្លាញស្ថិរភាព និងសន្តិភាព នៅក្នុងតំបន់តែប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកវរសេនីយ៍ជាន់ខ្ពស់ Wu Qian បានលើកឡើងបែបនេះ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី៣០ ខែមេសា។
ចិន មិនសប្បាយចិត្តឡើយនឹងវត្តមានយោធាអាមេរិកនៅសមុទ្រចិនខាងត្បូង។ នាវាចម្បាំង USS Barry គឺជានាវាចម្បាំងចុងក្រោយដែលបានបើកកាត់តំបន់ដែនទឹកសមុទ្រចិនខាងត្បូងនាថ្ងៃទី២៨ ខែមេសា ដោយអះអាងថា ធ្វើទៅតាមប្រតិបត្តិការ «សេរីភាពនៃនាវាចរណ៍» ក្រោមច្បាប់អន្តរជាតិ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានបញ្ជាក់ យ៉ាងច្បាស់ៗថា កងទ័ពរំដោះប្រជាជនចិន នៅតែបន្តការប្រុងប្រយ័ត្ន និងពិនិត្យមើលគ្រប់សកម្មភាពរបស់នាវាបរទេសទាំងអស់ នៅក្នុងតំបន់។ ដោយលើកឡើងពីឈ្មោះអាមេរិកចំៗ លោកវរសេនីយ៍ជាន់ខ្ពស់រូបនេះ បានអះអាងយ៉ាងដូច្នេះថា៖ «ការពិត បានបង្ហាញម្តងទៀតថា អាមេរិក គឺជាអ្នកនាំឲ្យមានសកម្មភាពយោធាដ៏ធំបំផុត នៅក្នុងសមុទ្រចិនខាងត្បូង ហើយក៏ជាអ្នកបង្កបញ្ហាតែមួយគត់ សម្រាប់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ដែរ»។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន China Daily ដែលស្រង់សម្ដីអ្នកនាំពាក្យខាងលើ កងទ័ពចិន នៅតែមានការប្រុងប្រយ័ត្នខ្ពស់ និងប្តេជ្ញាដែនអធិបតេយ្យ សន្តិសុខ ផលប្រយោជន៍ ក៏ដូចជាសន្តិភាព និងវិបុលភាពរបស់ខ្លួននៅក្នុងតំបន់ឲ្យបានល្អបំផុត។
ក្រៅតំបន់សមុទ្រចិនខាងត្បូង លោក Wu ក៏បានលើកឡើងពីសកម្មភាពយោធាចិនមួយចំនួន ដែលត្រូវបានមន្ត្រីការពារជាតិតៃវ៉ាន់ចោទថា គឺជាការគំរាមកំហែង។ ទាក់ទងនឹងបញ្ហានេះ មន្ត្រីក្រសួងការពារជាតិចិនដដែល បាននិយាយថា សកម្មភាពយោធាចិននៅក្បែរកោះតៃវ៉ាន់ គឺគ្រាន់តែជាការការពារដែនអធិបតេយ្យ និងទឹកដីរបស់ខ្លួនប៉ុណ្ណោះ ព្រោះតៃវ៉ាន់ក៏ជាផ្នែកមួយរបស់ចិនដែរ។
សូមបញ្ជាក់ថា តំបន់សមុទ្រចិនខាងត្បូង គឺជាជម្លោះដ៏ស្មុគស្មាញមួយ ដែលទាមទារដោយភាគីច្រើនប្រទេស និងមិនចេះចប់មិនចេះហើយ។ ម្យ៉ាងតំបន់ជម្លោះខ្លះនៅក្នុងសមុទ្រចិនខាងត្បូង គឺទាមទារដោយភាគីច្រើន ឬជាការទាមទារត្រួតគ្នាលើតំបន់តែមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com