COVID-19
ជាតិ
លោក ម៉ម ប៊ុនហេង​៖ ពលរដ្ឋ​ត្រូវ​ចេះ​ផ្លាស់ប្តូរ​ឥរិយាបទ និង​រស់នៅ​ទម្លាប់​ថ្មី​
04, May 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​ត្រូវ​ចេះ​រៀបចំ​ការរស់នៅ បែប​ទម្លាប់​ថ្មី​មួយ នៅក្នុង​ស្ថានភាព​ចំពោះមុខ នៃ​ជំងឺ​កូ​វីដ​១៩​។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែង​បែបនេះ នៅក្នុង​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​៤ ឧសភា​។​

 
​លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា ការរស់នៅ​តាមបែប​ទ​ម្លា​ប់​ថ្មី​នេះ វា​នឹង​ជួយ​ឱ្យ​ពលរដ្ឋ​ចៀស​ផុតពី​ជំងឺឆ្លង​ផ្សេងៗ​។ «​ទន្ទឹមនឹងនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ផ្លាស់ប្ដូរ​ឥរិយាបទ និង​ទម្លាប់​របស់ខ្លួន ដោយនៅ​ចំពោះ​មុខការ​រាតត្បាត​នេះ យើង​ត្រូវខិតខំ​ប្រឹងប្រែង​រៀបចំ​ការរស់នៅ តាម​គន្លង​ថ្មី​នៃ​ជីវភាព​ធម្មតា​របស់ខ្លួន ដើម្បី​ចៀសវាង​ការចម្លង​រោគ​»​។

នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល ដែល​ស្នើឱ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​ការលាង​ដៃ​នឹង​សាប៊ូ ទឹក​អាល់កុល និង​ជែ​ល​ឱ្យបាន​ខ្ជាប់ខ្ជួន​។ ជាពិសេស​ការប្រើប្រាស់​ម៉ាស់ ក្រ​ម៉ា ឬ​ក្រដាស សម្រាប់​ខ្ទប់មាត់ នៅពេល​ក្អក និង​ផ្ដាសាយ​។​
 
​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី Li Ailan បាន​បញ្ជាក់ថា ជំងឺ​កូ​វីដ​-១៩ នៅតែ​ជា​បញ្ហា​សុខភាព​សាធារណៈ ដ៏​មាន​ភាពស្មុកស្មាញ ទាំង​នៅក្នុង​សកលលោក ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ការគ្រប់គ្រង​ហានិភ័យ​នៃ​ជំងឺ​នេះ ត្រូវតែ​បន្ត​។ បើតាម​លោក Li Ailan ពលរដ្ឋ​ក៏ត្រូវ​អនុវត្ត​ការរស់នៅ​តាម​លក្ខណៈ​ស្ដង់ដារ​ថ្មី​មួយ ដោយ​មិនត្រូវ​ងាក​ទៅ​រស់នៅ​បែប​ទម្លាប់​ចាស់​នោះទេ​។ 
 
​បន្ថែម​ពីលើ​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នោះ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​រូបនេះ បានបញ្ជាក់​ដូច្នេះ​៖«​យើង​មិនអាច​ត្រឡប់ ទៅកាន់​ភាព​ធម្មតា កាលពី​ដូចដើម​មុន​(​ពេល​មិនទាន់មាន​ជំងឺ​កូ​វីដ​១៩)​នោះទេ  គឺ​យើង​ត្រូវតែ​បង្កើត​ទម្លាប់​មួយ​ដែល​ថ្មី​ធម្មតា​ដែរ តែ​ជា​លក្ខណៈ​ស្ដង់ដារ​ថ្មី​មួយ​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​៤ មេសា​នេះ អ្នកជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា បានជា​សះស្បើយ​១២០​នាក់​ហើយ ។ កម្ពុជា​នៅសល់​អ្នកជំងឺ​កូ​វីដ​១៩​តែ​២​នាក់​ទៀត​ប៉ុណ្ណោះ​។​
 
​ដ្បិត​កម្ពុជា​ថមថយ​ការឆ្លង​ជំងឺ​ក្តី ប៉ុន្តែ​មិនមែន​មានន័យថា កម្ពុជា​អស់​ជំងឺ​កូ​វីដ​១៩​នោះទេ ព្រោះ​មេរោគ​នៃ​ជំងឺ​នេះ អាច​ទុំ​នៅលើ​វត្ថុ និង​រស់នៅ​ជាមួយ​មនុស្ស​រយៈពេល​វែង​។​បើតាម​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​សុខាភិបាល វីរុស​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ មិនទាន់​ផុតរលត់​ពី​កម្ពុជា​នោះទេ ព្រោះ​វា​អាច​កើត​ឡើងវិញ តែមួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ បើសិនជា​ពលរដ្ឋ​ខ្វះ​ការយកចិត្តទុកដាក់​ការពារ និង​ទប់ស្កាត់​៕

Tag:
 ​ម៉ម ប៊ុនហេង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com