ជាតិ
ករណី​រថយន្ត​បាត់​គ្រឿង​! នគរបាល​អង្គស្នួល​ប្រគល់​១២០០​ដុល្លារ​ទៅ​ម្ចាស់​រថយន្ត​
14, May 2020 , 4:59 pm        
រូបភាព
លោក សុខ សំណាង នាយផ្នែក​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃទី​១៤ ខែឧសភា បានប្រគល់​ថវិកា​ចំនួន​១២០០​ដុល្លារ​អាមេរិក ដល់​តំណាង​ម្ចាស់​រថយន្ត ដែល​បាន​បាត់បង់​សម្ភារ​មួយចំនួន ក្រោយ​ការឃាត់ទុក​នៅ​អធិការដ្ឋាន​។ រថយន្ត​នោះ ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​តាំងពី​ខែមេសា ឆ្នាំ​២០១៩​។​
 
​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហុក តាំង​ហុង ថត​វីដេអូ​ផ្សព្វផ្សាយ​ពី​រថយន្ត​ដែល​បាន​បាត់បង់​គ្រឿង មួយចំនួន​ក្រោយ​ការឃាត់ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​។ ក្រោយ​អធិការដ្ឋាន​នគរបាល​ស្រុក បានទទួល​ស្គាល់​ចំពោះ​ការបាត់បង់ ដូចជា​ធុង​ទឹក ម៉ាឡេស៊ី ចង្កៀង​មុខ​មួយ​គួរ ដោយបាន​បញ្ជាក់ថា បណ្តាលមកពី​កង្វះខាត​នៃ​ការគ្រប់គ្រង​។​
 
​ថ្ងៃទី​១៤ ខែឧសភា នេះ វិវាទ​ពាក់ព័ន្ធ​នឹង​ការបាត់​សម្ភារ​រថយន្ត​ត្រូវបាន​ដោះស្រាយ ដោយ​អធិការដ្ឋាន​អង្គស្នួល ជួយ​ថវិកា​១២០០​ដុល្លារ​អាមេរិក​ដល់​ម្ចាស់​រថយន្ត​ឈ្មោះ នូ វិ​រៈ ហើយ លោក ហុក តាំង​ហុង រស់នៅ​ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ ដែល​ត្រូវជា​បងថ្លៃ និង​ជា​អ្នក​ថត LIVE វីដេអូ បានទទួល​ថវិកា​ផ្ទាល់ដៃ​ពី​លោក សុខ សំណាង​។​
 
​លោក សុខ សំណាង ប្រធាន​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ដោយសារ​រថយន្ត​នោះ ទុក​ឆ្ងាយ​ពី​អធិការដ្ឋាន​នគរបាល ប្រមាណ​២០០​ម៉ែត្រ ហើយ​រយៈពេល​យូរ​ទើប​បណ្ដាល​ឲ្យ​បាត់​គ្រឿង​មួយចំនួន​។ 
 
​លោក ថ្លែងថា​៖ «​ដោយសារ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ទើប​សម្រេច​ប្រគល់​ថវិកា​និង​ជួយ​ដល់​ម្ចាស់​ឡាន ១២០០​ដុល្លារ​។ ហើយ​កម្លាំង​ក្រុម​ការងារ​នឹងធ្វើ​ការស្រាវជ្រាវ​ស៊ើប​បន្ត ឲ្យ​ដឹងថា​តើ​អ្នកណា​ជា​អ្នក​លួច​»៕
 

Tag:
 រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com