COVID-19
អន្តរជាតិ
ឥណ្ឌា ពន្យារពេលបិទប្រទេសរយៈដល់ដំណាច់ខែឧសភា 18, May 2020 , 9:59 pm
ពលរដ្ឋឥណ្ឌា និងគ្រួសារ អង្គុយរង់ចាំមធ្យោបាយដឹងជញ្ជនទៅកាន់ស្ថានីយរថភ្លើង។ រូបភាព៖ Reuters
× ឥណ្ឌា នាថ្ងៃទី១៧ ខែឧសភា បានសម្រេចពន្យារពេលបិទប្រទេសរហូតដល់ដំណាច់ខែឧសភា ដើម្បីទប់ស្កាត់ការរាតត្បាតនៃ ជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) ខណៈពេលតួលេខអ្នកឆ្លងសរុបកើនដល់ជាង ៩ម៉ឺនករណី។ យ៉ាងណាក៏ដោយ ឥណ្ឌាក៏បានបន្ធូរបន្ថយការរឹតត្បិត នៅក្នុងតំបន់មួយចំនួនផងដែរ។
ឥណ្ឌា បានបិទប្រទេសតាំងពីថ្ងៃទី២៥ ខែមីនាមកម្លេះ ដោយសារបារម្ភពីការរាតត្បាតនៃកូរ៉ូណាវីរុសនៅក្នុងប្រទេស។ បទបញ្ជានេះ ត្រូវបានឥណ្ឌាពន្យារពេលជាច្រើនលើក។ បទបញ្ជាចុងក្រោយ បានអស់សុពលភាពនាថ្ងៃទី១៧ ខែឧសភា។ ដោយមើលឃើញថា ករណីឆ្លងនៅតែបន្តកើនឡើង ឥណ្ឌាបានសម្រេចបន្ថែមរយៈពេលបិទប្រទេសជាថ្មី រហូតដល់ដំណាច់ខែឧសភាខាងមុខ។
បើទោះបីជាបន្តបិទប្រទេសមែន រដ្ឋាភិបាលក្រុងញូវដែលី បានបន្ធូរបន្ថយវិធានមួយចំនួនសម្រាប់តំបន់ ដែលមានករណីឆ្លងតិច។ បើតាមបទបញ្ជាពន្យារពេលបិទប្រទេសថ្មី សកម្មភាពទាំងអស់ នឹងត្រូវអនុញ្ញាតនៅក្រៅតំបន់ទប់ស្កាត់ COVID-19 ឬក្រៅតំបន់មានអត្រាឆ្លងCOVID-19 ច្រើន ប៉ុន្តែការជួបជុំមនុស្ស ក្នុងទ្រង់ទ្រាយធំ នៅតែបន្តហាមឃាត់ដដែល។ ការកំណត់លើបង្កើតតំបន់ទប់ស្កាត់ COVID-19 គឺអាស្រ័យលើការសម្រេចចិត្តរបស់អាជ្ញាធរតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បទបញ្ជាបិទប្រទេសនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជន ដែលរកប្រាក់ចំណូលក្នុងមួយថ្ងៃៗ។ បញ្ហានេះ បានធ្វើឲ្យប្រជាជនចំណាកស្រុកមួយចំនួន សម្រុកទៅស្រុកកំណើតវិញ។
ដោយសារតែបិទប្រទេស មធ្យោបាយដឹកជញ្ជូន ត្រូវបានគេរឹតត្បិត និងមានតិច។ ប្រជាជនខ្លះ បានដើរត្រលប់ទៅស្រុកវិញ ខ្លះឃាត់រថយន្តជិះតាមផ្លូវ និងខ្លះរង់ចាំរថភ្លើង។
បន្ថែមពីលើពីនោះ ប្រជាជនចំណាកស្រុកនៅក្នុងតំបន់មួយចំនួន បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលតំបន់ ដែលបានលុបចោលមធ្យោបាយធ្វើដំណើរ។ នៅក្នុងទីក្រុង Rajkot រដ្ឋ Gujarat ប្រជាជនចំណាកស្រុកឥណ្ឌាប្រមាណ ១៥០០នាក់ បានបាតុកម្មប្រឆាំងរដ្ឋាភិបាលតំបន់ ដែលបានលុបចោលសេវារថភ្លើងពិសេស។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៧ ខែឧសភា ឥណ្ឌាមានករណី COVID-19 សរុបចំនួន ៩៥៦៩៨ករណី អ្នកស្លាប់ចំនួន ៣០២៥នាក់ និងអ្នកជាសះស្បើយចំនួន ៣៦៧៩៥នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com