ជាតិ
សង្គមជាតិ
ថ្នាក់រៀនដែលមានសិស្សប្រុស និងសិស្សស្រី គោរពវិន័យបានល្អ ជាងរៀនដាច់ដោយឡែក 30, Dec 2020 , 10:59 pm
![ទិដ្ឋភាពក្នុងថ្នាក់រៀនមួយដែលមានសិស្សស្រី និងសិស្សប្រុសរៀនជាមួយគ្នា។ ថតដោយ សែម វណ្ណា](https://image.thmeythmey.com/pictures/2020/05/30/thumb2/peda__1_.jpg)
ទិដ្ឋភាពក្នុងថ្នាក់រៀនមួយដែលមានសិស្សស្រី និងសិស្សប្រុសរៀនជាមួយគ្នា។ ថតដោយ សែម វណ្ណា
×![]()
ទស្សនាវដ្តី សាស្ត្រាចារ្យឆ្នាំទី៥ លេខ៨ ឆ្នាំ១៩៦២ ក្នុងខ្ទង់ «ចិត្ត-គរុកោសល្យ» របស់ខ្លួន បានសរសេរពីប្រសិទ្ធភាពនៃការដាក់ឲ្យសិស្សប្រុស និងសិស្សស្រី រៀនក្នុងថ្នាក់ជាមួយគ្នា ដោយលើកឡើងថា វិន័យមានលក្ខណៈល្អប្រសើរជាងការដាក់ពួកគេឲ្យនៅដាច់ដោយឡែកពីគ្នា។ ហេតុអ្វី? ចម្លើយនោះគឺថា មកពីមានតុល្យភាពរវាងការលូតលាស់ភេទស្រី និងភេទប្រុស។
ស្មេរនៃសមាគមសាស្ត្រាចារ្យ បានកត់សម្គាល់ឃើញថា ក្នុងថ្នាក់រៀនដែលមានតែសិស្សប្រុស ការលេងសើចពោរពេញទៅដោយពាក្យខិលខូច កាយវិការលោតឆ្ដោប្រមាល់ អាកប្បកិរិយារឹងរូស គ្មានអធ្យាស្រ័យ។ ចំណែកឯថ្នាក់រៀន មានតែស្រីវិញ គេប្រទះញឹកញាប់នូវការខ្សឹបខ្សៀវ លាក់ពុត លាក់គំនិត នូវឫកពាម្ញិកម្ញ៉ក់ នូវទឹកមុខនៅកញ្ចប់កញ្ចូវ នូវការសម្រក់ទឹកភ្នែកចំពោះមុខគ្រូ។
«តាមទំនៀមទម្លាប់ ខ្មែរយើងតែចេញក្រៅគ្រួសារកាលណា គេចូលចិត្តបំបែកប្រុសដោយឡែក ស្រីដោយឡែក តាំងពីអង្គុយស្តាប់ធម៌ទេសនា ចូលរងទទួលទានបាយឡើងទៅ»។ នេះបើតាមការផ្សាយរបស់ទស្សនាវដ្តី គ្រូបង្រៀន កាលពីជិត៦០ឆ្នាំមុន។
ប៉ុន្តែជាមួយគ្នានេះ អត្ថបទ «ចិត្ត-គរុកោសល្យ» ដដែល បានលើកឡើងថា គរុកោសល្យទំនើប មិននិយមបំបែកភេទយ៉ាងនេះទេក្នុងការអប់រំយុវជន។ នៅពេលរៀនក្នុងវិទ្យាល័យ-អនុវិទ្យាល័យ ការលូតលាស់សព៌ាង្គកាយកំពុងតែពេញសន្ទុះក្នុងយុវជន ដែលយើងហៅថា «ឡើងខ្លួន»។ កាលណាបើឃើញគ្នា ព្រឹកល្ងាច ការទាក់ទងរវាងសិស្សប្រុស និងស្រី មានលក្ខណៈធម្មតា ស្មោះត្រង់គួរសម។
បើចេះតែបង្អត់មិនឲ្យទាក់ទងគ្នា ឬបិទបាំងច្រើនពេក យុវជនរឹតតែឆ្ងល់ និងសង្ស័យ ហើយមាននិន្នាការចង់។ បាតុភាពចេញមក គឺជួនកាល ខ្មាសអៀនច្រើន គេចមុខពីគ្នា ថាជួនកាលជ្រើមពេក ឬស្រើបស្រាលរកជួបគ្នាដោយលួចលាក់ទៅវិញ។
«មិត្តយើងជាសាស្ត្រាចារ្យ ប្រហែលជាធ្លាប់ប្រទះនៅក្នុងថ្នាក់ដែលមានតែសិស្សប្រុសៗ គ្រាន់តែថា និយាយអ្វីមួយប៉ះពាល់ទៅលើរូបកាយស្ត្រី ក៏ស្រាប់តែហ៊ោកញ្ជ្រៀវឥតសមហេតុផល។ ពេលទៅសិស្សនារីប្រកួតកីឡា គេសម្គាល់ឃើញថា សិស្សប្រុសដែលធ្លាប់រៀនជាមួយស្រីៗ មានប្រតិកម្មធម្មតា ជួយទះដៃ លើកទឹកចិត្ត ប៉ុន្តែសិស្សប្រុសៗខ្លះ ដែលមកពីសាលាគ្មានស្រីៗ រៀនជាមួយ គិតតែគយគន់រាងកាយគេ ហើយមានពាក្យសំដីពុំសមរម្យ»។ នេះជាការការលើកឡើងក្នុងសំណេរ។
![](https://image.thmeythmey.com/pictures/2020/05/30/thumb2/peda__3_.jpg)
ក្របមុខនៃទស្សនាវដ្តី សាស្ត្រាចារ្យឆ្នាំទី៥ លេខ៨ ឆ្នាំ១៩៦២
ចាប់ពីអាយុ១៧ ទៅ២០ឆ្នាំ ការស្និទ្ធស្នាលគ្នាអាចវិវត្តទៅរកមនោសញ្ចេតនាជ្រៅ។ ចំនួនតិចទេដែលមិត្តភាពក្លាយទៅជាការប្រតិព័ទ្ធ ប៉ុន្តែការប្រតិព័ទ្ធរវាងយុវជនដែលស្គាល់គ្នាពីដើមមក មានគ្រោះថ្នាក់តិចជាង។ ករណីនេះ អ្នកអប់រំ ត្រូវចេះរកវិធីអប់រំ និងព្រមានឲ្យបានត្រឹមត្រូវ លើការដាក់កម្រិតព្រំដែននៃភាពស្និទ្ធស្នាល។ «កុំឲ្យគ្រាន់តែចាប់សំបុត្រ បានមួយ បង្អើលគ្រូ និងសិស្សមួយសាលា ព្រមទាំងគ្រួសារសាមីខ្លួនទាំងពីរ រហូតដល់នាំឲ្យគ្នាអាម៉ាសមុខ»។
![](https://image.thmeythmey.com/pictures/2020/05/30/thumb2/peda__2_.jpg)
ទិដ្ឋភាពបង្រៀននៅក្នុងថ្នាក់រៀនមួយ។ ថតដោយ សែម វណ្ណា
«បើឪពុកម្តាយសិស្សណាចង់អប់រំបុត្រីលោកឲ្យផុតពីភេទបុរស នោះទុកឲ្យលោកយកបុត្រីលោកទៅផ្ញើឯសាលាយាយជីតែម្តងទៅ! »។
ទាំងនេះជាខ្លឹមសារនៃសំណេរ «ចិត្ត-គរុកោសល្យ» ដែលបានចុះផ្សាយក្នុងទស្សនាវដ្តីសាស្ត្រាចារ្យ កាលពីឆ្នាំ១៩៦២។ សារព័ត៌មានថ្មីៗ យល់ឃើញថា ទោះបីជាសង្គមមានការផ្លាស់ប្តូរ ផ្នត់គំនិតមានការប្រែប្រួលទៅតាមការវិវត្តបច្ចេកវិទ្យាក៏ដោយ ប៉ុន្តែការដាក់សិស្សប្រុស និងសិស្សស្រីឲ្យនៅរៀនជាមួយគ្នានៅតែជាជម្រើសដ៏ល្អប្រសើរ៕
© រក្សាសិទ្ធិដោយ thmeythmey.com