អន្តរជាតិ
ទោះមានវ័យ៩៤ឆ្នាំហើយ លោក មហាធៀ ថា នៅចង់បន្តបម្រើប្រទេសជាតិ 04, Jun 2020 , 9:39 pm
![front-លោកអតីតនាយករដ្ឋមន្ត្រូីម៉ាឡេស៊ី មហាធៀ មហាម៉ាត់](https://image.thmeythmey.com/pictures/2020/06/04/thumb2/hij.jpg)
front-លោកអតីតនាយករដ្ឋមន្ត្រូីម៉ាឡេស៊ី មហាធៀ មហាម៉ាត់
×![]()
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បង្ហាញអារម្មណ៍ថា លោកសប្បាយចិត្តខ្លាំងដែលនៅមានជីវិតរហូតដល់អាយុ ៩៤ឆ្នាំ ដែលជាក្ដីសុខមួយ ហើយនៅមានបំណងចូលរួមបម្រើប្រទេសជាតិលោក។ បន្ថែមពីនេះ លោកបណ្ឌិតក៏និយាយដល់ក្តីសុខក្នុងជីវិតលោកមួយទៀត ហើយនោះគឺការរៀបការជាមួយភរិយាលោក។
ក្នុងកិច្ចសម្ភាសផ្សាយផ្ទាល់មួយតាមហ្វេសប៊ុក នៅថ្ងៃទី៣ ខែមិថុនា អតីតប្រមុខរដ្ឋាភិបាលវ័យចំណាស់ជាងគេលើពិភពលោករូបនេះ បញ្ជាក់ថា លោកធ្លាប់តែរំពឹងរស់នៅរហូតដល់អាយុ៧៥ឆ្នាំប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោកនិយាយដូច្នេះថា៖«ខ្ញុំពិតជាសប្បាយចិត្តណាស់ ព្រោះខ្ញុំរស់នៅលើសអាយុដែលខ្ញុំរំពឹងទុក។ ខ្ញុំធ្លាប់គិតថា អាយុ ៧៥ឆ្នាំ គួរតែគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ ប៉ុន្តែឥឡូវនេះ ខ្ញុំអាយុ ៩៤ឆ្នាំ ។ នេះគឺជាអំណោយបន្ថែម»។ លោក មហាធៀ សង្កត់ធ្ងន់ថា ដោយសារនៅមានជីវីតបែបនេះ លោកគិតថា លោកគួរប្រើប្រាស់ជីវិតនេះឲ្យមានប្រយោជន៍សម្រាប់បម្រើប្រទេសជាតិលោក។
ម្យ៉ាងទៀត លោក មហាធៀ ដែលនឹងឈានចូលវ័យ៩៥ឆ្នាំនាខែក្រោយខាងមុខនេះ ក៏បានលើកឡើងពីរឿងសំខាន់មួយទៀតដែលផ្ដល់ពន្លឺស្រស់ថ្លាដល់ជីវិតលោក។ ហើយនោះគឺជាចំណងដៃអាពាហ៍ពិពាហ៍៦៤ជាមួយភរិយាវ័យ៩៤ឆ្នាំ គឺលោកស្រីបណ្ឌិត Siti Hasmah Mohamed Ali ។ គូស្វាមីភរិយាមួយគូនេះបានរៀបការក្នុងខែសីហា ឆ្នាំ១៩៥៥។ «ខ្ញុំរួមរស់ជាមួយភរិយាខ្ញុំជាង៦០ឆ្នាំហើយ។ ខ្ញុំឃើញប្ដីប្រពន្ធជាច្រើនចាប់ផ្ដើមធុញទ្រាន់គ្នា»។ លោក មហាធៀ និយាយបែបនេះ មុនពេលឈប់មួយភ្លែត ហើយផ្ដើមញញឹម។
គូស្នេហ៍ស្រលាញ់គ្នាដល់វ័យចាស់កោងខ្នងមួយគូនេះ បានជួបគ្នាក្នុងឆ្នាំ១៩៤៧ ដោយកាលនោះអ្នកទាំងពីរគឺជានិស្សិតក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រ King Edward ក្នុងប្រទេសសិង្ហបុរី។ បើមើលតាមប្រព័ន្ធផ្សព្វផ្សាយ និងរូបថតលោកបង្ហោះផ្ទាល់ ប្តីប្រពន្ធមួយគូនេះ តែងបង្ហាញភាពស្និទ្ធស្នាល និងក្តីស្រលាញ់ចំពោះគ្នាខ្លាំង។
![](https://image.thmeythmey.com/pictures/2020/06/04/thumb2/pic2.jpg)
អតីតនាយករដ្ឋមន្ត្រី មហាធៀ អះអាងទៀតថា លោកបន្តរក្សាភាពសកម្មខ្លាំងទោះនៅវ័យចំណាស់បែបនេះ ព្រោះថាវាជួយឲ្យលោករក្សាភាពវិជ្ជមាន និងសម្រួចផ្នែកសតិអារម្មណ៍។ លោកនិយាយដូច្នេះថា៖«ភាពភ័យខ្លាច គឺនៅជាប់ខ្លួនជានិច្ច ប៉ុន្តែបើអ្នកគិតតែបារម្ភរឿងនេះជ្រុលហួសហេតុ អ្នកពុំអាចជួយអ្វីបានឡើយ។ ចង់ឬមិនចង់ អ្នកគង់តែស្លាប់ យ៉ាងណានៅមុនពេលស្លាប់ ហេតុអ្វីត្រូវចំណាយពេលអត់ប្រយោជន៍?»។
សូមបញ្ជាក់ថា លោក មហាធៀ ធ្លាប់ក្លាយជានាយករដ្ឋមន្ត្រី២ដង ដែលលើកដំបូងគឺចាប់ពីឆ្នាំ១៩៨១ដល់២០០៣ និងម្ដងទៀតពីឆ្នាំ២០១៨ រហូតដល់ខែកុម្ភៈឆ្នាំ២០២០។ លោកត្រូវកត់សម្គាល់ថា មានសុខភាពល្អមាំមួន និងស្រលាញ់ការអាន ដែលលោកចាត់ទុកជាការហ្វឹកហ្វឺនខួរក្បាលដ៏ល្អ។ លោកនិពន្ធសៀវភៅជាច្រើនក្បាលក្នុងឆាកជីវិតលោក ដូចជា A Doctor in the House: The Memoirs of Tun Dr. Mahathir Mohamad (២០១១), The Wit and Wisdom of Dr Mahathir Mohamad (២០១៥) និង The Malay Dilemma (១៩៧០) ជាដើម៕
Tag:
ម៉ាឡេស៊ី
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com