COVID-19
ជាតិ
COVID-19៖ មីក្រូហិរញ្ញវត្ថុ ជួយ​ដោះស្រាយ​ឥណទាន​ជាង​៨០០​លាន​ដុល្លារ ដល់​ពលរដ្ឋ​ជាង​១៨​ម៉ឺន​នាក់
09, Jun 2020 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​ជាង​១៨​ម៉ឺន​នាក់ ដែល​រង​ផលប៉ះពាល់​ជីវភាព ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​នោះ ទទួលបាន​ដំណោះស្រាយ​ឥណទាន​ជាង​៨០០​លាន​ដុល្លារ ពី​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។ នេះ​បើតាម​របាយការណ៍​រប​ស់​សមាគម​មីក្រូ​ហិរញ្ញវត្ថុកម្ពុជា ។​


​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​បញ្ជាក់ថា ពលរដ្ឋ​ចំនួន ១៩៦, ៣០៧ ​នាក់ ដែល​ជួប​បញ្ហា​ធ្លាក់ចុះ​ចំណូល អំឡុងពេល​ជំងឺ​កូ​វីដ​១៩ រីក​រាល​នេះ បានដាក់​ពាក្យស្នើសុំ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឱ្យជួយ​រៀបចំ​ឥណទាន (​កម្ចី​)​ឡើងវិញ​។ ក្រោយ​ពិនិត្យ​លើ​ឯកសារ និង​ស្ថានការណ៍​ជាក់ស្ដែង​នៃ​ការស្នើសុំ​នេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក៏បាន​ជួយ​សម្រាល​បន្ទុក​លំបាក​ពលរដ្ឋ ចំនួន ១៨០ ,៣០១ គឺ​ជាង​៩០​ភាគរយ ដែល​ទទួលបាន​ការរៀប​ចំ​ឥណទាន​ឡើងវិញ ក្នុង​ទំហំ​ទឹកប្រាក់​សរុប ៨១៧ ,៧២៥ ,៤៣៦ ដុល្លា​សហរដ្ឋអាមេរិក​។​
 
​ដោយឡែក​អតិថិជន​ជាង​១​ម៉ឺន​នាក់​ទៀត ស្មើនឹង​១០​ភាគរយ មិនអាច​ទទួលបាន​ដំណោះស្រាយ​ឥណទាន​នោះទេ ដោយសារ​លក្ខខណ្ឌ និង​បែបបទ​ឯកសារ​មិនទាន់​គ្រប់គ្រាន់​។ នេះ​បើតាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។​
 
​តាមរយៈ​ឥណទាន​រៀបចំ​ឡើងវិញ​នេះ ធនាគារជាតិ បានកំណត់​លក្ខខណ្ឌ​មួយចំនួន ដើម្បី​សម្រាល​បន្ទុក​ពលរដ្ឋ ដែល​ប្រឈមមុខ​នឹង​បញ្ហា​ជំងឺ​COVID-19​។ លក្ខខណ្ឌ​អនុគ្រោះ​ទាំងនោះ​រួមមាន​១៖ ការកាត់បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន ឬ​ចំនួន​ដែល​ត្រូវ​សង​នៅ​ឥណប្រតិទាន​,២៖ ការកាត់បន្ថយ​អត្រា​ការប្រាក់​ទាប​ជាង​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដើម​, ៣៖ ការពន្យារពេល​ទូទាត់​សង​ប្រាក់​ដើម ឬ​ការប្រាក់ ឬ​ការធ្វើ​មូលធន​កម្ម​ការប្រាក់​,៤៖ ការពន្យារ​ឥណទាន​ប្រតិ​ទាន​,៥៖ ការបន្ថែម និង​/​ឬ ការផ្លាស់ប្តូរ​អ្នក​រួម​ខ្ចី និង​/​ឬ អ្នកធានា ប្រសិនបើ​មាន​, ៦៖ ការផ្លាស់ប្តូរ​ពី​ឥណទាន​មានការ​ទូត​ទាត់​សង​តាម​ការបង់​រំលស់ ទៅជា​ការទូទាត់​តែ​ការប្រាក់ ហើយ​ទូទាត់​សង​ប្រាក់​ដើម​ទាំងអស់​នៅ​ឥណប្រតិទាន​, ៧៖ ការលើកលែង ឬ​បន្ថយ​ទ្រព្យ​ធានា ,៨៖ ការបន្ថយ​លក្ខខណ្ឌ​កិច្ចសន្យា ឬ​/​និង​ចុងក្រោយ​ការផ្តល់​រយៈពេល​អនុគ្រោះ​ដោយ​គ្មាន​ការទូទាត់​សង ដែល​អាចមាន​រយៈពេល​រហូតដល់​៦​ខែ គិត​ចាប់​ពីថ្ងៃ​ប្រសិទ្ធភាព​នៃ​កិច្ចសន្យា​ថ្មី​។​
 
​កន្លងមក​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​រំឭកថា ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ត្រូវអនុវត្ត​វិធានការ​នានា​របស់​ធនា​គារ​ជាតិ​កម្ពុជា ដែល​បាន​ដាក់ចេញ​កន្លងមក និង​នាពេល​អនាគត​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​សម្រាល​បន្ទុក​អ្នក​ខ្ចីប្រាក់ និង​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដែល​កំពុង​រង​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​
 
​លោក ជា ចាន់តូ ក៏​ស្នើឱ្យ​អតិថិជន​ត្រូវមាន​ភាពស្មោះត្រង់ និង​ទទួលខុសត្រូវ​ក្នុងការ​ដោះស្រាយ​បញ្ហាលំបាក​ជាក់ស្តែង​រប​ស់​ខ្លួន ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​។ បើតាម​លោក ជា ចាន់តូ កាលៈទេសៈ​នៃ​ជំងឺ​កូ​វីដ​១៩​នេះ មិន​ត្រូវឱ្យ​មានការ​ញុះញង់​ណាមួយ ដែល​បង្កចលាចល​សង្គម នាំឱ្យ​ប៉ះពាល់​ដល់​វិស័យ​ហិរញ្ញវត្ថុ​ឡើយ​។​
 
​គិត​ត្រឹម​ដំណាច់​ខែមេសា ឆ្នាំ​២០២០ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នៃ​សមាជិក​របស់​សមាគម បាន​បញ្ចេញ​ប្រាក់កម្ចី​ដល់​ប្រជាជន​កម្ពុជា ជាង​២,១​លាន​នាក់ ដែលមាន​ទំហំ​ឥណទាន​សរុប ជាង​៣០​ទ្រី​លាន​រៀល (៧,៤​ប៊ី​លាន​ដុល្លា​) ខណៈ​អតិថិជន​បញ្ញើ​សរុប​មាន​ជាង​២,៨​លាន​នាក់ និង​មាន​ប្រាក់​បញ្ញើ​សរុប ជាង​១៥​ទ្រី​លាន​រៀល (៣,៧​ប៊ី​លាន​ដុល្លា​) ៕
 

Tag:
 COVID-19
  មីក្រូហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com