ភ្នំពេញ៖ វិបត្តិកូវីដ-១៩ បានធ្វើឲ្យមាតាបិតាដែលមានកូនតូចៗរវល់ទ្វេដង។ ក្រៅពីរបររកស៊ី ឬការងារប្រចាំថ្ងៃ ពួកគាត់ត្រូវចំណាយពេលវេលាបន្ថែមទៀតលើការអប់រំកូនៗ។ តែជាមួយគ្នានេះ ឪពុកម្តាយក៏បានយល់ដឹងបន្ថែមពីវិស័យអប់រំបែបឌីជីថល និងមានឱកាសបង្កើនភាពស្និទ្ធស្នាលបន្ថែមទៀតជាមួយកូនៗផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ឪពុកម្តាយមិនចង់នៅស្ថានភាពបែបនេះរហូតនោះដែរ ដោយបន់ស្រន់ឲ្យវិបត្តិកូវីដ-១៩ឆាប់ចប់ ដើម្បីវិលទៅរកស្ថានភាពដើម ប៉ុន្តែរក្សានូវអ្វីដែលជាចំណុចវិជ្ជមានក្នុងកាលៈទេសៈដ៏ស្មុគស្មាញនេះ។
មាតាដៃមួយរយ
ទូរស័ព្ទដៃរបស់អ្នកស្រី ញាណ មល្លីកា មិនសូវស្ងាត់ឡើយ ដោយសំឡេងសារចេញពីក្រុមជជែកគ្នា(chat) ក្នុងបណ្តាញសង្គម បន្លឺឡើងជាញឹកញាប់។ សារខ្លះជាទំនាក់ទំនងផ្ទាល់ខ្លួនជាមួយមិត្តភក្តិ សាច់ញាតិ សារខ្លះពាក់ព័ន្ធនឹងការងារមុខជំនួញ ប៉ុន្តែសារដែលនាំឲ្យអ្នកស្រីរវល់កាន់តែខ្លាំងនារយៈពេលចុងក្រោយនេះ គឺជុំវិញការសិក្សាអនឡាញរបស់កូនស្រីពីរនាក់ ដែលត្រូវការអន្តរាគមន៍ជាប្រចាំពីអ្នកស្រី។
ស្ត្រីអ្នកជំនួញវ័យជិត៤០ឆ្នាំរូបនេះ បានអះអាងថា ក្រោយសាលាឯកជនមានដំណើរការកម្មវិធីអនឡាញទៅតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា អ្នកស្រីបានក្លាយជាគ្រូផង និងជាសិស្សផង ដើម្បីសម្រួលដល់ការសិក្សារបស់កូនៗ នាអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩។
អ្នកស្រី មល្លីកា បានរៀបរាប់យ៉ាងដូច្នេះថា៖«កូនស្រីច្បងរបស់ខ្ញុំដែលរៀននៅថ្នាក់ទី៩ មិនសូវចោទជាបញ្ហានោះឡើយ ដោយសារនាងអាចដោះស្រាយ និងចាត់ចែងការងារសាលាបានដោយខ្លួនឯង ហើយខ្ញុំគ្រាន់តែរំលឹកបន្តិចបន្តួចប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់កូនស្រីទីពីរដែលរៀនថ្នាក់ទី៥វិញ ខ្ញុំត្រូវចំណាយពេលរៀងរាល់ថ្ងៃប្រមាណ១២ម៉ោងដើម្បីតាមដានការសិក្សា និងគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទរបស់គាត់ រួមទាំងភ្ជាប់ទំនាក់ទំនងជាមួយសាលាទាំងភាសាខ្មែរ និងអង់គ្លេស»។
ស្ត្រីដែលជាម្ចាស់ហាងលក់រថយន្តមួយកន្លែងនៅរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់ថា ការសិក្សាអនឡាញរបស់កូនៗ ពិតជាធ្វើឲ្យអ្នកស្រីរវល់ជាងការរកស៊ីទៅទៀត ពេលខ្លះកំពុងតែជាប់ពិភាក្សាជាមួយអតិថិជន ក៏ត្រូវផ្អាកសិនផងដែរដើម្បីងាកទៅដោះស្រាយកិច្ចការសាលាកូនសិន។ ចំពោះមេរៀនខ្លះ អ្នកស្រី មល្លីកា អាចពន្យល់ និងជួយដោះស្រាយឲ្យកូនបានភ្លាមៗ ប៉ុន្តែចំពោះមេរៀន ឬកិច្ចការសាលាជាច្រើនទៀត អ្នកស្រីត្រូវចំណាយពេលស្រាវជ្រាវ និងសិក្សាបន្ថែមផងដែរ។
អ្នកស្រី ញាណ មល្លីកា បានរៀបរាប់ដូច្នេះថា៖«មុនពេលបង្រៀន គ្រូដាក់វីដេអូឲ្យមើលសិន ទើបដាក់លំហាត់ឲ្យធ្វើ។ អ៊ីចឹង ខ្ញុំមើលវីដេអូហ្នឹងហើយ ទើបពន្យល់បន្ថែមដល់កូន។ ទាក់ទងនឹងមេរៀនភូមិវិទ្យា ប្រវត្តិវិទ្យា គឺយើងអាចចងចាំបាន តែបើវេយ្យាករណ៍ គឺយើងត្រូវតែមើលម្តងទៀត ដើម្បីអាចពន្យល់កូនបាន ព្រោះយើងរៀនយូរឆ្នាំហើយ បើយើងយកអ្វីដែលយើងរៀនពីមុនយកមកពន្យល់គាត់ វាអត់ត្រូវតាមមេរៀនដែលគ្រូពន្យល់ក្នុងសៀវភៅនោះទេ»។
![](https://image.thmeythmey.com/pictures/2020/07/22/thumb2/sers.png)
កូនប្រុសរបស់ អ្នកស្រី ហេង សុខនី ដែលជាបុគ្គលិកនៅវិទ្យុអេហ្វអឹម១០២ កំពុងតែសិក្សាតាមអនឡាញជាមួយនឹងមិត្តភក្តិរួមថ្នាក់ ដោយពន្យល់មេរៀនពីគ្រូប្រចាំថ្នាក់តាមកម្មវីធីZoom
ស្ថានភាពក៏មិនសូវខុសគ្នាប៉ុន្មានឡើយ សម្រាប់អ្នកស្រី ហេង សុខនី ដែលជាបុគ្គលិកនៅវិទ្យុអេហ្វអឹម១០២ តែងតែយកកូនៗទៅកន្លែងធ្វើការរបស់ខ្លួនជារៀងរាល់ថ្ងៃ។ បន្ថែមលើការងារប្រចាំថ្ងៃ អ្នកស្រីតែងតែចំណាយពេលថ្ងៃត្រង់ និងក្រោយសម្រាកពីការងារដើម្បីសម្រួលដល់ការសិក្សាកូនប្រុសទាំងពីររបស់ខ្លួន ដោយកូនច្បងរៀនថ្នាក់ទី១ និងកូនបន្ទាប់រៀនកម្រិតមត្តេយ្យ។
«ខ្ញុំជួយបើកទូរស័ព្ទ និង iPad សម្រាប់ពួកគេ ហើយនៅក្បែរពួកគេជានិច្ចនៅពេលដែលពួកគេភ្ជាប់ទំនាក់ទំនងជាមួយខាងសាលាតាមរយៈកម្មវិធី Zoom»។ នេះជាការរៀបរាប់របស់អ្នកស្រី សុខនី ដោយបញ្ជាក់បន្ថែមថា អ្នកស្រីខិតខំចាត់ចែងពេលវេលាយ៉ាងច្បាស់លាស់លើការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតរបស់កូនៗ ដើម្បីទប់ស្កាត់ការប្រើប្រាស់ខុសគោលដៅ។
សម័យកាលកូវីដ-១៩ ពិតជាឆ្លុះបញ្ចាំងកាន់តែច្បាស់ពីស្ថានភាពពិតរបស់មាតាដៃមួយរយ ប៉ុន្តែលោកឪពុកក៏មិនមែនជាអ្នកដែលនៅទំនេរពេកនោះដែរ។ លោក កាន់ គន្ធី ដែលរស់នៅរាជធានីភ្នំពេញ បានចែកកាលវិភាគជាមួយភរិយាសម្រាប់កំដរការសិក្សាអនឡាញរបស់កូនៗ។
ក្រោយមមាញឹកការងារពេញមួយថ្ងៃ លោក គន្ធីតែងតែបន្តពេលវេលានៅពេលយប់ដើម្បីបង្រៀនកូនទាំងបីនាក់ដែលរៀនពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៤នៅសាលាអន្តរជាតិ CIA។ ទោះជារវល់យ៉ាងណា ប៉ុន្តែ លោក គន្ធី មិនត្អូញត្អែរនោះឡើយ ពីព្រោះនេះជាកាតព្វកិច្ចដែលឪពុកម្តាយទូទៅត្រូវរ៉ាប់រងនាអំឡុងវិបត្តិកូវីដ-១៩។
យល់ដឹងច្រើនពីការអប់រំនាសម័យកាលឌីជីថល
ក្រៅពីដើរតួជាគ្រូ អ្នកស្រី មល្លីកា អះអាងថា ពេលខ្លះគាត់ក៏ត្រូវដើរតួដូចជាសិស្សម្នាក់ផងដែរ តាមរយៈការស្រាវជ្រាវមេរៀនផ្សេងៗ ដែលធ្វើឲ្យអ្នកស្រីមើលឃើញពីភាពខុសគ្នារវាងការអប់រំសម័យខ្លួនកាលពីអំឡុងឆ្នាំ១៩៩០ និងសម័យកាលបច្ចុប្បន្ន។
សម្រាប់អ្នកស្រី ហេង សុខនី ការប្រើប្រាស់កុំព្យូទ័រ និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗ មិនមែនជារឿងលំបាកសម្រាប់គាត់ប៉ុន្មានឡើយ ព្រោះវាជាផ្នែកនៃការងារប្រចាំថ្ងៃរបស់គាត់។ អ្នកស្រី បានបញ្ជាក់ថា៖«ទោះមិនស្ទាត់ជំនាញ តែមិនពិបាកឡើយ ដោយសារខ្ញុំជាអ្នកធ្វើការ តែបើឪពុកម្តាយដែលអត់ធ្វើការ គឺពួកគាត់អាចពិបាក ដូចជាការដោនឡូតមេរៀន ព្រីនឯកសារជាដើម»។
ជាក់ស្តែង លោក លាង វណ្ណធី ដែលជាអាណាព្យាបាលមួយរូបទៀតនោះ លោកមិនធ្លាប់មានបទពិសោធន៍បង្រៀនកូន ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាលើការសិក្សាអនឡាញនោះឡើយ ប៉ុន្តែនាអំឡុងកូវីដ-១៩នេះ លោកបានសិក្សាឈ្វេងយល់ច្រើនពីបច្ចេកវិទ្យាឌីជីថល តាមរយៈការជួយបង្រៀនកូននៅផ្ទះ។
«ខ្ញុំអត់មានបទពិសោធន៍បង្រៀនកូនទេ ដូចជាម៉ោងអង់គ្លេសអ៊ីចឹង ខ្ញុំអត់សូវចេះអង់គ្លេសទេ ហើយការប្រើកុំព្យូទ័រក៏ខ្ញុំមិនចេះដែរ។ លោកគ្រូប្រាប់ពីសាលាមកអ៊ីចឹងទៅ ខ្ញុំក៏ដឹងពីរបៀបភ្ជាប់យ៉ាងម៉េច ដើម្បីរៀនជាមួយគាត់។ ពេលនេះ មានអារម្មណ៍ថាខ្លួនហាក់ដូចជាស្ទាត់ជំនាញគ្រាន់បើដែរ»។ នេះជាការរៀបរាប់របស់លោក វណ្ណធី ដែលតែងតែចំណាយពេល៥ម៉ោងកំដរកូនរៀនអនឡាញទៅតាមកម្មវិធីរបស់សាលា។
បង្កើនភាពស្និទ្ធស្នាល និងគ្រប់គ្រងពេលវេលាកូនៗច្បាស់ជាងមុន
គ្រួសារ សាលា និងសហគមន៍ ជាធាតុផ្សំនៃការអប់រំ ប៉ុន្តែបើផ្អែកតាមស្ថានភាពជាក់ស្តែង ឪពុកម្តាយដែលមមាញឹកខ្លាំងក្នុងការងារប្រចាំថ្ងៃនោះគឺពឹងផ្អែកស្ទើរតែទាំងស្រុងលើសាលារៀន។ តាមរយៈការសិក្សាអនឡាញនាអំឡុងនៃការរាតត្បាតកូវីដ-១៩នេះ ឪពុកម្តាយជាច្រើនទទួលស្គាល់ថា ខ្លួនមានភាពស្និទ្ធស្នាល និងមានទំនាក់ទំនងជាមួយកូនៗ បានល្អប្រសើរជាងមុន។
ការសិក្សាតាមអនឡាញនៅតែបន្តរហូតដល់ថ្ងៃដែលក្រសួងអប់រំប្រកាសបើកសាលារៀនសាជាថ្មី។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យអាណាព្យាបាលសិស្សគ្រប់រូប ជាពិសេសអាណាព្យាបាលសិស្សដែលមានកូនតូចៗរៀននៅថ្នាក់មត្តេយ្យ ជួយបង្រៀនកូន ដោយអង្គុយរៀនជាមួយកូនៗ និងត្រូវលើកទឹកចិត្តកូនដើម្បីឲ្យកូនមានកម្លាំងចិត្តរៀន ដើម្បីឲ្យការសិក្សារបស់ពួកគេប្រកបដោយគុណភាព។
លោករដ្ឋមន្ត្រី ប្រាប់ទៅឪពុកម្តាយនិងអាណាព្យាបាលថា៖«កុំគិតថាខ្លួនមិនចេះ ឬចេះតិចជាងកូន មិនអាចជួយកូនបាន ប៉ុន្តែត្រូវគិតថានៅពេលដែលបាននៅក្បែរកូនពេលកំពុងរៀន គឺជាការលើកទឹកចិត្តដ៏ប្រពៃ»។
លោក ឈត ប៊ុនថង ប្រធានទំនាក់ទំនងផ្នែកវប្បធម៌ ទេសចរណ៍ និងអប់រំនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ការអប់រំតាមបែបឌីជីថលនេះ ជាពេលដែលឪពុកម្តាយ និងកូនមានពេលវេលាផ្តល់ឲ្យគ្នាទៅវិញទៅមកច្រើនជាងមុន។ លោកបានគូសបញ្ជាក់ថា៖«ពេលរៀននៅផ្ទះ កូនៗអាចនឹងជិតស្និទ្ធជាមួយឪពុកម្តាយ។ បើសិនជាឪពុកម្តាយមិនលះបង់ពេលវេលាទេ គឺកូនៗទាំងនោះនឹងជួបផលលំបាកហើយ»។
គ្រប់ពេលដែលឪពុកម្តាយបាននៅក្បែរកូន មិនត្រឹមតែធ្វើឲ្យពួកគាត់យល់ពីកម្រិតចំណេះដឹងកូន បង្កើតភាពស្និទ្ធសា្នលជាមួយកូនប៉ុណ្ណោះទេ។ លើសពីនេះ ឪពុកម្តាយក៏ទទួលបានចំណេះដឹងពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជាទុនអភិវឌ្ឍន៍ខ្លួនឯងផងដែរ។
លោក គន្ធី បានកំណត់ពេលវេលាជាក់លាក់សម្រាប់កូនៗលើការប្រើប្រាស់ទូរស័ព្ទដៃ ជាពិសេសការលេងហ្គេមអនឡាញ ឬមើលយូធូប ដែលលោកមិនរារាំងពួកគេឲ្យបាន១០០ភាគរយនោះឡើយ។
«ខ្ញុំឃើញថាក្មេងឆ្លាតណាស់ វាចេះលេងហេ្គមអនឡាញ។ តែខ្ញុំឲ្យពួកគេលេងតែហ្គេមណាដែលជំនួយដល់ខួរក្បាល។ ខ្ញុំហាមពួកគេលេងហ្គេមបែបហិង្សា ដែលនាំឲ្យឆាប់មួម៉ៅ»។ នេះជាការលើកឡើងរបស់លោក គន្ធី ដែលក្រៅពីលោកទំនេរពីការងារ រៀងរាល់ថ្ងៃចុងសប្តាហ៍ លោកតែងជូនកូនទៅកម្សាន្តលេងនៅតាមរមណីយដ្ឋាននានាដើម្បីលំហែកាយផងដែរ។
រីឯអ្នកស្រី សុខនី ឯណោះវិញ ក៏បានអះអាងផងដែរថា៖«ពេលដែលខ្ញុំបង្រៀនកូនតាមអនឡាញ យើងយល់ពីកូនច្រើន យើងដឹងថាកូនចេះនៅកម្រិតណា យើងស្អិតល្មួតជាមួយកូន។ មែនទែនទៅ កូនតូចៗដែលនៅជិតឪពុកម្តាយ គឺវាល្អជាងពួកគាត់នៅសាលា។ ពេលដែលយើងនៅជិតកូន គឺយើងអាចឈ្វេងយល់ចិត្តកូន និងមើលអត្តចរិតកូន យើងមើលពេលវាខឹង គឺយើងអាចគ្រប់គ្រងបានទាន់ពេល។ នៅសាលា គ្រូក៏មានវិធីសាស្ត្រដែរ តែគ្រាន់តែយើងអត់សូវដឹង គឺយើងគ្រាន់តែឮពីគ្រូ Reportមកប៉ុណ្ណោះ»។
ប៉ះពាល់ដល់របរទទួលទានប្រចាំថ្ងៃ
ក្នុងអំឡុងពេលឪពុកម្តាយចំណាយពេលវេលានៅជាមួយកូន ឪពុកម្តាយក៏ត្រូវប្រឈមបញ្ហាមួយចំនួនផងដែរ។ ពេលខ្លះការចំណាយពេលនៅក្បែរកូន ក៏ធ្វើឲ្យអ្នកស្រីហេង សុខនី ប៉ះពាល់ដល់កិច្ចការងារមួយចំនួនរបស់អ្នកស្រី។ អ្នកស្រីបាននិយាយដូច្នេះថា៖«ជាទូទៅយើងធ្វើការក្នុងមួយថ្ងៃគឺចំនួន៨ម៉ោង អ៊ីចឹងដល់ពេលកូនយើងអត់ទៅសាលា អ៊ីចឹងយើងត្រូវចំណាយពេលស្ទើរតែ៤ ទៅ៥ម៉ោងក្នុងមួយថ្ងៃ ហើយពេលខ្លះក៏វាប៉ះពាល់ដល់ការងារខ្លះដែរ»។
សម្រាប់លោក កាន់ គន្ធី ដែលធ្លាប់ស្នើសុំឲ្យសាលាបញ្ចុះតម្លៃលើការសិក្សាតាមអនឡាញរបស់កូនទាំង៣នាក់របស់លោកកន្លងមក បានរងនូវវិបត្តិធ្លាក់ចុះនូវផ្នែកហរិញ្ញវត្ថុ ក្នុងអំឡុងការរាតត្បាតជំងឺកូវីដ-១៩ រហូតដល់បច្ចុប្បន្ន។ លោក បានរៀបរាប់ដូច្នេះថា៖«ប្រភពចំណូលរបស់ខ្ញុំគឺប៉ះពាល់ខ្លាំងក្នុងពេលមានកូវីដ-១៩។ ដូច្នេះបានខ្ញុំសម្រេចព្យួរការសិក្សាតាមអនឡាញរបស់កូនម្នាក់ដែលរៀននៅថ្នាក់មេត្តេយ្យ ក្នុងចំណោមកូនទាំង៣របស់ខ្ញុំ»។
ទាក់ទងនឹងចំណុចនេះ ប្រធានទំនាក់ទំនងផ្នែកវប្បធម៌ ទេសចរណ៍ និងអប់រំនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជ្យបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការកំដរកូនរៀនតាមអនឡាញនេះ គឺមិនមែនទាមទារឲ្យឪពុកម្តាយទាំងអស់ចំណាយពេលវេលានៅក្បែរកូនរៀនតាមអនឡាញ ដោយភ្លេចបំពេញការងារ និងការប្រកបមុខរបររកស៊ីនោះទេ។ លោក ឈត ប៊ុនថង បញ្ជាក់ថា ឪពុកម្តាយគួរចំណាយពេលវេលា ឬឆ្លៀតពេលវេលាណាមួយនៅក្បែរកូន ដើម្បីផ្តល់ភាពកក់ក្តៅដល់កូន។
លោកបានបន្តថា៖«ការស្គាល់កូន និងដឹងពីការសិក្សាកូន វាមិនចាំបាច់តែឪពុកម្តាយនៅជាមួយកូននោះទេ។ ឪពុកម្តាយត្រូវឧស្សាហ៍ពិនិត្យសៀវភៅកូន សួរនាំកូន ឬក៏មានទំនាក់ទំនងជាមួយសាលា និងគ្រូ។ យើងក៏អាចដឹងពីស្ថានភាពរបស់កូនដែរ»។
បើតាមលោក ឈត ប៊ុនថង ឪពុកម្តាយដែលមានកូនតូចៗ គឺជាបុគ្គលដែលត្រូវចំណាយពេលវេលាឃ្លាំមើលកូនជាងឪពុកម្តាយដែលមានកូនរៀននៅថ្នាក់អនុវិទ្យាល័យឡើងទៅ។ លោកបានរៀបរាប់ដូច្នេះថា៖«កុមារដែលត្រូវការឪពុកម្តាយនៅក្បែរ និងត្រូវនៅជួយគាត់ច្រើន គឺកុមារដែលមានវ័យតូចៗ ដែលរៀនចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៦។ សម្រាប់កុមារអាយុកាន់តែច្រើន ក៏ជាការកាត់បន្ថយបន្ទុករបស់ឪពុកម្តាយដែរ»។
លោក ហ៊ុយ ឃី ទីប្រឹក្សាជាន់ខ្ពស់ផ្នែកគោលនយោបាយនៃអង្គការសង្គ្រោះកុមារ (Save the Children) បានបញ្ជាក់ថា អង្គការរបស់លោកបានសហការួមគ្នាជាមួយអង្គការដៃគូចំនួន៦ដែលផ្តោតលើការអប់រំកុមារ និងសិទ្ធិកុមារនៅកម្ពុជាដើម្បីស្ទង់មតិកុមារ និងសិស្ស១០០០នាក់តាមប្រព័ន្ធទូរស័ព្ទក្នុងអំឡុងការរាតត្បាតពីជំងឺកូវីដ-១៩កន្លងមក។
ការស្ទង់មតិ បានបង្ហាញថា ឪពុកម្តាយចំនួន៧៤ភាគរយមានចំណេះដឹងតិចតួចបង្រៀនកូនតូចៗ ក្នុងនោះ មានឪពុកម្តាយចំនួន៦០ភាគរយ ដែលបានចំណាយពេល និងយកចិត្តទុកដាក់លើការណែនាំកូនរៀនតាមផ្ទះ ហើយមានឪពុកម្តាយ៣០ភាគរយ មិនបានបង្រៀនកូនទាល់តែសោះ។
រយៈពេលជិត៤ខែហើយដែលគ្រឹះស្ថានសិក្សាគ្រប់កម្រិតចាប់ពីថ្នាក់មតេ្តយ្យសិក្សា ដល់ថ្នាក់ឧត្តមសិក្សា ក៏ដូចជាគ្រឹះស្ថានសិក្សាបណ្តុះបណ្តាលគ្រូត្រូវបិទទ្វារ។ បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩បានធូរស្បើយ ដោយក្រសួងអប់រំបានពិភាក្សាជាមួយនឹងក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុដើម្បីស្នើសុំទៅនាយករដ្ឋមន្ត្រីកម្ពុជា ឲ្យបើកសាលារៀនឡើងវិញនៅខែសីហា សម្រាប់ក្នុងដំណាក់កាលទី១ សំដៅតែសាលារៀនដែលមានស្តង់ដាសុវត្ថិភាពខ្ពស់ប៉ុណ្ណោះ ហើយក្រសួងនឹងបន្តបើកសាលា ក្នុងដំណាក់កាលទី២ និងដំណាក់កាលទី៣ជាបន្តបន្ទាប់ទៀត៕