សង្គមអន្តរជាតិ​
អន្តរជាតិ
តើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នឹង​បង្ក​ផលប៉ះពាល់​បែបណា​ដល់​ប្រជាជន​ហុងកុង​?
29, Jun 2020 , 9:39 pm        
រូបភាព
​ច្បាប់​សន្តិសុខ​ជាតិ​ទីក្រុង​ហុងកុង​ជា​ច្បាប់​មួយ​ដ៏​ចម្រូងចម្រាស​មួយ និង​ត្រូវបាន​ប្រជាជន​ហុងកុង​ភាគច្រើន​ចាត់ទុកថា​ជា​វិធានការ​សម្រាប់​រឹតត្បិត​សិទ្ធិសេរីភាព​ដើរ​ផ្ទុយ​នឹង​គោលការណ៍​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់​ហុងកុង និង​ទីក្រុង​ប៉េកាំង​បន្ត​បកស្រាយ​ថា ច្បាប់​នេះ​ជា​ឧបករណ៍​ដើម្បី​ការពារ​ទីក្រុង​ហុងកុង និង​មាន​គោលដៅ ការពារ​គោលការណ៍​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​ទៅវិញ​»​។ តើ​ច្បាប់​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​បែបណា​ឲ្យ​ប្រាកដ​?

​តាម​ការរំពឹងទុក គណៈអចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន នឹង​សម្រេច​អនុម័ត​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ក្រុង​ហុងកុង ឲ្យ​បាន​មុន​ខួប​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន នៅ​ថ្ងៃទី​១ ខែកក្កដា​។ ក្រោយ អនុម័ត​ហើយ អំណាច​ធានា​នីតិវិធី​តាក់តែង​សេចក្តី​ស្នើច្បាប់ ក៏ដូចជា​ការអនុម័ត​នឹង​ធ្លាក់​លើ​គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​។ អ្វីដែល​សំខាន់​នោះ ក្នុងពេលដែល​បទបញ្ញត្តិ​នេះ​ចូល​ជា​ធរមាន វា​នឹង​ផ្តល់​អំណាច​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បង្កើត​ទីភ្នាក់ងារ​មួយ​។ នោះ​គឺ ទីភ្នាក់ងារ​ដែល​ដឹកនាំ​ដោយ​ប្រធាន​ប្រតិបត្តិ​ហុងកុង​នេះ​ដែលមាន​ឈ្មោះថា «​ការិយាល័យ​ស្នងការ​សន្តិសុខ​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទទួលបន្ទុក​ដែនដី​រដ្ឋបាល​ពិសេស​ទីក្រុង​ហុងកុង​»​។ ស្ថាប័ន​ថ្មី​នេះ​មាន​សមាជិក​ជាទី​ប្រឹក្សា​មួយក្រុម ដែល​តែងតាំង​ដោយ​ទីក្រុង​ប៉េកាំង​។ ចំណែក​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​ទទួលបន្ទុក​ក្នុង​រឿង​ក្តីក្តាំ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ជាតិ នឹងត្រូវ​ជ្រើសតាំង​ដោយ​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​Xinhua ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង នឹង​ដឹកនាំ​ការិយាល័យ​ស្នងការ​សន្តិសុខ​ជាតិ​មួយ​នេះ​។ រាល់​ជនល្មើស​ដែល​រង​ការចោទប្រកាន់​ពីបទ​ល្មើស​មួយចំនួន​ដូចជា វិទ្ធង្សនា ការបង្កើត​អបគមន៍ ចលនា​ភេរវកម្ម និង​បទ​សមគំនិត​ជាមួយ​បរទេស​ជាដើម​នោះ នឹងត្រូវ​កាត់ទោស​ដោយ​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​ត្រូវបានតែងតាំង​ដោយ​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង​។ 
 
​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​នៅពេលនេះ មិនមែនជា​សេចក្តីស្នើច្បាប់​លើកទីមួយ​ទេ​។ នៅក្នុង​ឆ្នាំ​២០០៣ រដ្ឋាភិបាល​ហុងកុង បានធ្វើ​សេចក្តីស្នើច្បាប់​មួយ ដែលមាន​លក្ខណៈ​ស្រដៀង​នឹង​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ក្នុងពេល​បច្ចុប្បន្ន​ដែរ ប៉ុន្តែ​នៅក្នុង​សម័យនេះ វា​ត្រូវបាន​គេ​ហៅថា សេចក្តីស្នើច្បាប់​ប្រឆាំង​វិទ្ធង្សនា (Anti-subversion Bill)​។ ទាក់ទិន​នឹង​បញ្ហា​នេះ ប្រជាជន​ហុងកុង​ជាច្រើន​ម៉ឺន​នាក់ បាន​ចេញមក​ធ្វើបាតុកម្ម ហើយ​សេចក្តីស្នើច្បាប់​នេះ​ត្រូវគេ​លុបចោល​វិញ​។ 
 
​ពិតណាស់ នៅក្នុង​ក្រសែភ្នែក​របស់​ប្រជាជន​ហុងកុង ជាពិសេស​ក្រុម​អ្នកប្រឆាំង ច្បាប់​សន្តិសុខ​ជាតិ គ្មាន​លទ្ធផល​ល្អ​ឡើយ​សម្រាប់​ពួកគេ​ក្នុងពេល​ខាងមុខ​។ ច្បាប់​នេះ គឺ​គ្រាន់តែ​ជា​វិធានការ​សម្រាប់​ដាក់ទោស​ទណ្ឌ​ក្រុម​អ្នកប្រឆាំង ឬ​ក្រុមបាតុករ​តែប៉ុណ្ណោះ​។ កន្លងមក​លោក Joshua Wong សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ដ៏​ល្បីល្បាញ​នោះ បាន​អះអាងថា ខ្លួន​ក្លាយជា​គោលដៅ​សំខាន់​នៃ​ច្បាប់​សន្តិសុខ​ជាតិ ដ្បិតថា​លោក​ធ្លាប់​ប្រមូលផ្ដុំ​មនុស្ស​តវ៉ា​ប្រឆាំងនឹង​ការ​លូកដៃ​របស់​ចិន​ក្នុង​កិច្ចការ​ហុងកុង ប្រមូល​មនុស្ស​ធ្វើបាតុកម្ម​ប្រឆាំង​ចិន​នៅ​បរទេស រួមទាំង​ជួបពិភាក្សា​ជាមួយ​ក្រុម​អ្នកនយោបាយ​អាមេរិក និង​អឺរ៉ុប​ជាដើម​ទៀត​។ 
 
​លើសពីនេះទៅទៀត​នោះ ច្បាប់​នេះ គឺ​ប្រៀបដូចជា​ដកហូត​សិទ្ធិសេរីភាព​របស់​ប្រជាជន​ហុង​ដូច្នេះ​ដែរ​។ នោះ​ក៏ដោយ​សារ ទោះ​ចង់ ឬ​មិន​ចង់ សិទ្ធិសេរីភាព​របស់​ប្រជាជន​ហុងកុង​ខ្លះ​ប្រហែលជា​ត្រូវគេ​រឹតត្បិត​ហើយ ដោយសារ​សកម្មភាព​មួយចំនួន​ស្ថិតក្រោម​ការហាម បើ​ផ្អែកលើ​ច្បាប់​សន្តិសុខ​ជាតិ​នេះ​។ 
 
​ម្យ៉ាងវិញទៀត វា​ក៏​ប្រៀបដូចជា​ចំណាត់ការ​មួយ​ដែលមាន​គោលដៅ​បំផ្លាញ​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​ដែរ​។ កន្លងមក ទីក្រុង​ប៉េកាំង នឹង​អាច​បន្ត​លូកដៃ​ចូលមកក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង​តាមរយៈ​ទីភ្នាក់ងារ​របស់ខ្លួន ដែល​ត្រូវ​តាំង​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ស្វយ័ត​មួយ​នេះ​។ ឥទ្ធិពល​ចិន នឹង​កើនឡើង​ថែមទៀត​។ ដូច​ឃើញស្រាប់ ដើម្បី​បម្រើ​ប្រយោជន៍​ខ្លួន​នេះហើយ ទីក្រុង​ប៉េកាំង​ព្យាយាម​ព​ន្លឿ​ន​ទាំង​ដំណើរ​ការបង្កើត​ច្បាប់​ជារួម​ជារួម ទាំង​ការតាក់តែង ក៏ដូចជា​អនុម័ត​ដែរ​។ គិត​មក​ត្រឹម​ពេលនេះ វា​មាន​រយៈពេល​ជាង ១​ខែ​ប៉ុណ្ណោះ​។ ឯ​បញ្ហា​មេរោគ​ឆ្លង COVID-19 នោះ​ក៏​ត្រូវបាន​ក្រុង​ប៉េកាំង​ប្រើប្រាស់​ជា ឱកាស​សម្រាប់​ព​ន្លឿ​ន​នីតិវិធី​នេះដែរ​។​
 
 វា​ច្បាស់​ណាស់​ថា ប្រជាជន​ហុងកុង អាច​ចេញមក​ធ្វើបាតុកម្ម ប៉ុន្តែ​ដោយសារ​មេរោគ ប្រជាជន​ហុងកុង​មិន​ច្រើន​ឡើយ​ដែល​សម្រេចចិត្ត​ចេញ​តវ៉ា​។ ក្នុង​បរិបទ​នេះ​ទៀត អាជ្ញាធរ​ហុងកុង ក៏​កាន់តែ​មានលទ្ធភាព​កំណត់​ចំនួន​មនុស្ស​ជួបប្រជុំ​រួច ដោយ​លើក​ហេតុផល​ថា ខ្លួន​ព្យាយាម​ការពារ និង​បង្ការ​ការ​រាតត្បាត​នៃ មេរោគ​ឆ្លង​។ 
 
​យ៉ាងណា​ក៏ដោយចុះ ការអនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ហុង​ក៏​មិនមែនជា​វិធីសាស្ត្រ​ល្អ​សម្រាប់​ក្រុង​ប៉េកាំង​ដែរ ព្រោះ​ដូច​ឃើញស្រាប់​ហើយ រដ្ឋាភិបាល​នេះ​បន្ត​រង​ការទិតៀន​ខ្លាំង​ពី​សំណាក់​បណ្តា​ប្រទេស​នានា​ជាច្រើន ទាំង​គូប្រជែង​ដូចជា​អាមេរិក និង​ទាំង​ដៃគូ​រកស៊ី​ជាមួយ​ផង​ដូចជា​អឺរ៉ុប​។ កន្លងមក​អឺរ៉ុប រិះគន់​ចិន​ម្តង​ហើយ​ជុំវិញ​បញ្ហា​ច្បាប់​សន្តិសុខ​ជាតិ​នេះ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​វិនិយោគ​រវាង​ចិន និង​អឺរ៉ុប ជាពិសេស​គឺ​ទំហំ​ពាណិជ្ជកម្ម​ជាច្រើន​ពាន់​លាន​ដុល្លារ​។ 
 
​ចំណែក​អាមេរិក​ដែល​កំពុងមាន​ទំនាក់ទំនង​អាក្រក់​ជាមួយ​ជាមួយគ្នា​ស្រាប់​នោះ​កំពុង​រក​វិធី​បន្ថែម​សម្ពាធ​ប្រឆាំង​ចិន​កាន់តែខ្លាំង​ថែមទៀត​។ ជាក់ស្តែង​ព្រឹទ្ធសភា​អាមេរិក បានអនុម័ត​សេចក្តីស្នើច្បាប់​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​មួយចំនួន ដោយ​លើកយក​បញ្ហា​សន្តិសុខ​ជាតិ​ហុងកុង​នេះ​ជា​សម្អាង​ដែរ​។ ចំណែក​ប្រមុខ​ការទូត​អាមេរិក​វិញ បានប្រកាស​ពី​វិធានការ​រឹតបន្តឹង​ទិដ្ឋាការ​សម្រាប់​មន្ត្រី​បក្សកុម្មុយនិស្ត​ចិន និង​អតីតមន្ត្រី​បក្សកុម្មុយនិស្ត​ចិន ដែលមាន​ពាក់ព័ន្ធ​នឹង​ច្បាប់​នេះ​ដូចគ្នា​។ 
 
​យ៉ាងណា​ក៏ដោយចុះ ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​មិនមែន​សុទ្ធតែ​អាក្រក់​ទាំងស្រុង​ដែរ​។ និយាយ​បែបនេះ​ដោយសារ វា​ក៏​អាចជា​ឧបករណ៍​មួយ​សម្រាប់​រក្សា​ស្ថិរភាព​នៅក្នុង​ទីក្រុង​ប៉េកាំង និង​ទប់ស្កាត់​ចលនា​បះបោរ​នៅក្នុង​ទីក្រុង​ហុងកុង​ក្នុង​កាលៈទេសៈ​មិន​ច្បាស់លាស់​ដូច​សព្វថ្ងៃនេះ​។ កន្លងមក​ទីក្រុង​ហុងកុង មិនមាន​ឡើយ​ច្បាប់​សន្តិសុខ​ជាតិ ហើយ​វា​ចាំបាច់​ណាស់​ដែល​ទីក្រុង​នេះ​ត្រូវបង្កើត​វិធានការ​ជាក់លាក់​ខ្លះ​ដើម្បី​ធានា​ស្ថិរភាព សណ្តាប់ធ្នាប់ និង​សន្តិភាព​ជារួម​ដែរ​។ សូម្បីតែ មហាសេដ្ឋី​លំដាប់​ទី​២ ប្រចាំ​ទីក្រុង​ហុងកុង លោក​លី កាស៊ី​ង ក៏​ធ្លាប់​បានលើកឡើង​ដែរ​ថា ប្រជាជន​ហុងកុង មិនគួរ​គិត​ហួស​ខ្លាំងពេក​ទេ​ចំពោះ​ច្បាប់​ប្រភេទ​នេះ ដ្បិតថា នៅ​ប្រទេស​ណាក៏ដោយ​ក៏​សុទ្ធ​តែមាន​វិធានការ​ផ្លូវច្បាប់​ស្រដៀង​គ្នា​នេះដែរ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​និង​ផលប្រយោជន៍​ជាតិ​។ 
 
​ជារួម ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង មិនមែន​អាក្រក់​ខ្លាំង​សម្រាប់​ប្រជាជន​ហុងកុង ហើយក៏​មិនមែន​ល្អ​បំផុត​សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដែរ​។ វា​មាន​ភាព​វិជ្ជមាន និង​អវិជ្ជមាន ហើយ​គ្រប់យ៉ាង វា​អាស្រ័យ​លើ​ការអនុវត្ត​ជាក់ស្តែង​ពី​សំណាក់​អាជ្ញាធរ​នៅក្នុង​ទីក្រុង​នេះ​ប៉ុណ្ណោះ​។ កន្លងមក​សកម្មភាព​បាតុកម្ម​មួយចំនួន នៅក្នុង​ទីក្រុង​ហុងកុង​ក៏បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​សណ្តាប់ធ្នាប់​និង​ធ្វើ​ឲ្យ​កកស្ទះ​ដល់​ការងារ​មួយចំនួន ជាពិសេស​ទីក្រុង​មួយ​នេះ​ប្រឈម​ខ្លាំង​នឹង​ការបាត់បង់​កំណើនសេដ្ឋកិច្ច​ផង​។ ចំណែក​ទីក្រុង​ប៉េកាំង​វិញ​នោះ ក៏​មិនសូវ​ទទួលបាន​ចំណេញ​ដែរ​ពី​ការជំរុញ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​តំបន់​រដ្ឋបាល​ពិសេស​នេះ ដោយហេតុថា ខ្លួន​ត្រូវ​បន្ត​ប្រឈមមុខ​ជាមួយ​សហគមន៍​អន្តរជាតិ  និង​អាច​ឈានទៅ​បាត់បង់​ប្រយោជន៍​ពី​ដៃគូ​ពាណិជ្ជកម្ម​ដែលមាន​សក្តានុពល​ដូចជា​អឺរ៉ុប និង​អាមេរិក​ជាដើម​ដែរ​៕ 

Tag:
 ចិន​
  ហុងកុង​
© រក្សាសិទ្ធិដោយ thmeythmey.com