ជាតិ
លោក ណៅ ធួក សោកស្តាយពេលឃើញត្រីគល់រាំងដ៏កម្របន្តមានវត្តមាននៅលើទីផ្សារ 10, Jul 2020 , 8:59 am
×
ដោយ៖ ង៉ាយ ណៃ
ភ្នំពេញ៖ ត្រីគល់រាំង ដែលជាត្រីតំណាងអត្តសញ្ញាណជាតិ នៅតែបន្តរងការគំរាមកំហែងអាយុជីវិត ពីការធ្វើនេសាទខុសច្បាប់។
លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានសម្តែងការសោកស្តាយ ចំពោះវត្តមានត្រីគល់រាំង ដែលជាប្រភេទត្រីកម្រ ជិតផុតពូជពីប្រទេសកម្ពុជាទៅហើយនោះ ត្រូវបានដាក់លក់នៅលើទីផ្សារ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) បានចុះផ្សាយសម្តីរបស់លោក ណៅ ធួក ដែលបានថ្លែងថា៖ «ខ្ញុំពិតជាមានការសោកស្ដាយខ្លាំងមែនទែន នៅពេលដែលទទួលបានដំណឹងថា នៅតែមានការនេសាទ និងលក់ដូរត្រីគល់រាំង ដែលជាត្រីកម្របំផុតរបស់ប្រទេសកម្ពុជា និងជាប្រភេទត្រីតំណាងអត្តសញ្ញាណជាតិ នៅលើទីផ្សារ»។
ជាមួយលោក បានស្នើប្រជាពលរដ្ឋចូលរួមថែរក្សាប្រភេទត្រីអត្តសញ្ញាណប្រទេសនេះ ដោយកុំទិញ ឬបរិភោគ ត្រីគល់រាំង ក៏ដូចជាប្រភេទត្រីកម្រផ្សេងទៀតដែរ។ ទន្ទឹមនឹងនេះ លោកក៏ស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ បន្តចាត់វិធានការចំពោះជនបំពានច្បាប់ ក៏ដូចជាបន្តផ្សព្វផ្សាយដល់ប្រជានេសាទបន្ថែមទៀត។
តាមរដ្ឋលេខាធិកាក្រសួងកសិកម្មរូបនេះ ត្រីគល់រាំង មិនមែនទើបតែធ្វើការហាមឃាត់នេសាទ លក់ដូរ និងដឹកជញ្ជូន ដោយព្រះរាជក្រឹត្យចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៥ទេ តែត្រីតំណាងជាតិនេះ ត្រូវបានហាមឃាត់នេសាទ តាំងពីឆ្នាំ១៩៥៦មកម្ល៉េះ៕
© រក្សាសិទ្ធិដោយ thmeythmey.com