ស្រុកសំឡូតខេត្តបាត់ដំបង៖កាលពីខែកុម្ភៈ លោក យ៉ុម ណុប ជាបុគ្គលិកផ្នែកឡាបូ នៅមណ្ឌលសុខភាពឃុំតាសាញ ក្នុងស្រុកសំឡូត បានពិនិត្យសំណាកឈាមរបស់អ្នកជំងឺគ្រុនចាញ់មួយចំនួន។
បុគ្គលិកសុខាភិបាលដែលមានវ័យ ៤២ ឆ្នាំរូបនេះ មានបទពិសោធន៍ជាង ២០ ឆ្នាំមកហើយ ក្នុងការងារឡាបូ ពាក់ព័ន្ធនឹងជំងឺគ្រុនចាញ់។ ថ្មីៗនេះ ក្រោយការពិនិត្យតាមមីក្រូទស្សន៍ លោកប្រទះឃើញប៉ារ៉ាស៊ីតប្រភេទកម្រមួយ ពីអ្នកជំងឺគ្រុនចាញ់ ក្នុងភូមិចំនួន ៦។
លោក យ៉ុម ណុប ឱ្យដឹងថា តេស្តរោគវិនិច្ឆ័យតាមឧបករណ៍ធ្វើតេស្តរហ័ស (RDT) ដែលមានស្រាប់នៅក្នុងសហគមន៍ អាចតេស្តដឹងអំពីជំងឺគ្រុនចាញ់ដែលបង្កដោយប៉ារ៉ាស៊ីតប្រភេទទូទៅ នៅកម្ពុជា ដូចជាប្លាស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម (P.Falciparum) ដែលគេស្គាល់ថា ប្រភេទសន្លំ និងប្លាស្មូដ្យូមវីវ៉ាក់ (P.Vivax) ដែលគេស្គាល់ថាជាប្រភេទលាប់។
ប៉ុន្តែ តេស្តរហ័សនេះមិនអាចរកឃើញមេរោគប្រភេទកម្រនោះទេ បើទោះបីជាអ្នកជំងឺទាំងនោះចេញរោគសញ្ញាហើយក៏ដោយ។
លោក យ៉ុម ណុប ប្រាប់វីអូអេថា៖ «និយាយរួមមេរោគហ្នឹងស្រុកនេះ មិនដែលជួបទេអ៊ីចឹងណា៎។ ទើបតែជួបប៉ុន្មានករណី។ បើមើលមីក្រូទស្សន៍បានឃើញ។ មើលនៅនេះដំបូងខ្ញុំគិតថា [P.] malariae ទេ។ យើងធ្វើអាតេស្តរហ័សហ្នឹង មើលអត់ឃើញទេ»។
លោកបន្តថា៖ «ប៉ុន្តែខ្ញុំមើលនៅនេះ ខ្ញុំអត់ដឹងថា វាណូឡេស៊ី (P. Knowlesi) [មេរោគប្រភេទកម្រ] ដែរទាល់តែគេយកទៅប៉ាស្ទ័របានដឹង»។
![](https://image.thmeythmey.com/pictures/2020/07/10/thumb2/voa1.jpg)
ឧបករណ៍ធ្វើតេស្តរហ័សរកជំងឺគ្រុនចាញ់ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
កាលពីខែមិថុនា មន្ត្រីក្រសួងសុខាភិបាលនិងក្រុមអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានស្រាវជ្រាវក្នុងភូមិមួយចំនួន ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាតំបន់គេសង្ស័យថា មានអ្នកជំងឺគ្រុនចាញ់ដែលផ្ទុកប៉ារ៉ាស៊ីត ប្រភេទកម្រប្លាស្មូដ្យូមណូឡេស៊ី។ ក្រុមការងារនេះបានប្រមូលសំណាកឈាមរបស់មនុស្សប្រុសពេញវ័យជាច្រើនរយនាក់ និងចាប់មូសដែកគោល ដើម្បីស្រាវជ្រាវពពួកប៉ារ៉ាស៊ីតនោះ។
លោក យ៉ុម ណុប ក៏បានចូលរួមការប្រមូលសំណាកឈាមយ៉ាងតិចចំនួន ២៥០ ក្នុងភូមិដូនត្រិក ស្រុកសំឡូត។ បុគ្គលិកសុខាភិបាលមួយចំនួន ដែលវីអូអេសាកសួរបានឲ្យដឹងថា ភូមិចំនួន ៦ នៅស្រុកសំឡូត រួមមានភូមិដូនត្រិក ភ្នំរ៉ៃ ឆករកា ស្រែអណ្តូង អូរទន្ទឹម និងអូរច្រាប មានអ្នកជំងឺគ្រុនចាញ់ដែលគេសង្ស័យថា មានផ្ទុកប៉ារ៉ាស៊ីតកម្រប្លាស្មូដ្យូមណូឡេស៊ីនេះ។
នៅកម្ពុជា
ជំងឺគ្រុនចាញ់ដែលគេរកឃើញគឺបង្កឡើងដោយពពួកប៉ារ៉ាស៊ីតប្លាស្មូដ្យូម ហ្វាល់ស៊ីប៉ារ៉ូម (P. Falciparum) និងប្លាស្មូដ្យូមវីវ៉ាក់ (P.Vivax)។ ចំណែកប៉ារ៉ាស៊ីតប្លាស្មូដ្យូមណូឡេស៊ី (P.Knowlesi) នេះ ជាប្រភេទប៉ារ៉ាស៊ីតបង្កឱ្យមានជំងឺគ្រុនចាញ់នៅប្រទេសផ្សេងៗទៀត នៅអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសម៉ាឡេស៊ី និងថៃ។
ទោះជាយ៉ាងណា បើតាមការស្រាវជ្រាវកន្លងមកប្រភេទជំងឺគ្រុនចាញ់បង្កឡើងដោយប្លាស្មូដ្យូមណូឡេស៊ីនេះ អាចព្យាបាលបានដោយប្រើថ្នាំដែលមានស្រាប់។ ប៉ារ៉ាស៊ីតប្រភេទនេះមាននៅក្នុងខ្លួនសត្វស្វាព្រៃម្យ៉ាង ដែលអាចចម្លងមកមនុស្សតាមរយៈភ្នាក់ងារចម្លងរោគ គឺសត្វមូសដែកគោលញី។ សត្វស្វាពូជ Maccaca ត្រូវបានគេស្គាល់ថាជាប្រភពនៃប៉ារ៉ាស៊ីតនេះ។
ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ដ្រ និងបាណកសាស្ដ្រ លោក ហ៊ុយរ៉េកុល ប្រាប់វីអូអេថា កន្លងមក រដ្ឋាភិបាលបានចុះសិក្សាជាប្រចាំអំពីករណីជំងឺគ្រុនចាញ់ទូទៅនៅស្រុកសំឡូត ហើយបានសិក្សាអំពីករណីសង្ស័យពាក់ព័ន្ធនឹងប្រភេទប៉ារ៉ាស៊ីតប្លាស្មូដ្យូម ណូឡេស៊ីនេះ។
លោកមានប្រសាសន៍ថា៖ «គេចុះទៅសិក្សាហើយតើ...យើងនឹងចេញលទ្ធផលផ្លូវការ។ នៅពេលខាងមុខពេលបញ្ចប់ការបណ្តុះមេរោគអី ករណីអីទាំងអស់ហ្នឹង យើងនឹងនិយាយតាមក្រោយ។ តែលទ្ធផលបឋម គឺមើលហើយ ហើយអវិជ្ជមានទេ…អត់មានអីទេ។ [...] យើងនៅរង់ចាំការស្រាវជ្រាវមួយតង់ទៀត»។
ប្រធានផ្នែកជំងឺគ្រុនចាញ់និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លោក Benoit Witkowski ឲ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសលើការសិក្សាអំពីករណីនេះ ហើយលទ្ធផលស្រាវជ្រាវកំពុងស្ថិតក្រោមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់។
លោកប្រាប់វីអូអេតាមសារអេឡិចត្រូនិចថា៖ «តាមទិន្នន័យដែលគេសិក្សាពីមុនៗមក បានឲ្យដឹងថា ប្រភេទប៉ារ៉ាស៊ីតប្លាស្មូដ្យូម ណូឡេស៊ីនេះ អាចព្យាបាលបានដោយវិធីសាស្ត្រព្យាបាលដែលមានស្រាប់ ហើយបើតាមអ្វីដែលខ្ញុំដឹង កន្លងមក ប៉ារ៉ាស៊ីតប្រភេទនេះ នៅមិនទាន់មានការស៊ាំថ្នាំនោះទេ»។
ទោះជាយ៉ាងណា ជំងឺគ្រុនចាញ់ដែលបង្កឡើងដោយប្រភេទប៉ារ៉ាស៊ីតប្លាស្មូដ្យូមណូឡេស៊ីនេះ ធ្លាប់ឃើញមាននៅកម្ពុជា កាលពី ១០ឆ្នាំមុន។ នេះបើយោងតាមឯកសារដែលស្រាវជ្រាវដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រោយមានការសិក្សាលើសំណាកចំនួនប្រមាណ ១៥០០ ពីឆ្នាំ ២០០៧ ដល់ ២០១០។
ការសិក្សាស្រាវជ្រាវដោយវិទ្យាស្ថានប៉ាស្ទ័រកាលនោះ បង្ហាញថា មានករណីឆ្លងមេរោគគ្រុនចាញ់ដែលបង្កឡើងដោយប៉ារ៉ាស៊ីតប្លាស្មូដ្យូមណូឡេស៊ីនេះទៅលើមនុស្សចំនួន ២ ករណី នៅខេត្តប៉ៃលិន។ នៅពេលនោះ
អត្ថបទស្រាវជ្រាវនោះបានផ្តល់អនុសាសន៍ឲ្យមានការសិក្សាទូលំទូលាយបន្ថែមទៀត ដើម្បីកំណត់ថា តើប៉ារ៉ាស៊ីតប្លាស្មូដ្យូមណូឡេស៊ីនោះជាករណីនាំចូលពីប្រទេសជិតខាង ឬកំពុងឆ្លងក្នុងស្រុក ឬយ៉ាងណា។
កម្ពុជាបានកំណត់គោលដៅលុបបំបាត់មេរោគគ្រុនចាញ់ប្លាស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ ២០២០ និងមេរោគគ្រុនចាញ់គ្រប់ប្រភេទនៅឆ្នាំ ២០២៥។
តាមរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ចេញផ្សាយ កាលពីខែមេសា ឆ្នាំ ២០២០ប្រទេសកម្ពុជាលែងមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់ពីឆ្នាំ ២០១៨។ របាយការណ៍បន្ថែមថា ក្នុងឆ្នាំ ២០១៩ ករណីជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម (ប្រភេទសន្លំ) និងចម្រុះមានចំនួន ៤៩៩០ ករណី គឺបានថយចុះ ៧២ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ដែលមាន ១៨០៥៧ ករណី។ចំពោះករណីគ្រុនចាញ់ប្រភេទវីវ៉ាក់ (ប្រភេទលាប់) ក៏ថយចុះ ៣៩ ភាគរយដែរ។
នៅកម្ពុជាជំងឺគ្រុនចាញ់បង្កឲ្យមានផលប៉ះពាល់ដល់អ្នកដែលរស់នៅក្បែរតំបន់ព្រៃ ហើយក្រុមដែលប្រឈមហានិភ័យកម្រិតខ្ពស់ គឺអ្នកចូលទៅក្នុងព្រៃ ប្រជាជនដែលផ្លាស់មករស់នៅថ្មីៗ និងអ្នកជួញដូរនៅក្នុងតំបន់ព្រៃ។
ស្រុកសំឡូត ស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសថៃ នៅខាងលើជួរភ្នំក្រវាញ និងជាតំបន់ព្រៃត្រូពិកនៅសេសសល់ចុងក្រោយនៅកម្ពុជា។ ស្រុកនេះ ក៏ជាអតីតកន្លែងឈរជើងចុងក្រោយរបស់ខ្មែរក្រហមផងដែរ។
អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ និងអ្នកភូមិនៅស្រុកសំឡូត បានប្រាប់វីអូអេថា ចាប់ពីដើមខែមីនា រហូតដល់ចុងខែឧសភា អ្នកភូមិតែងចូលព្រៃនៅក្បែរភូមិ ទៅបេះផ្លែសម្រង រកអនុផលព្រៃឈើ និងកាប់ឈើ នៅពេលដំណាំកសិកម្មរបស់ពួកគេ ដែលមានដូចជា ពោត សណ្តែក ដំឡូងមី ធូរ៉េនម្រេច បន្លែផ្សេងៗ ឬស្រូវជាដើមនោះ មិនបានទិន្នផលល្អ ឬគ្មានទីផ្សារ។
![](https://image.thmeythmey.com/pictures/2020/07/10/thumb2/voa2.jpg)
![](https://image.thmeythmey.com/pictures/2020/07/10/thumb2/voa3.jpg)
លោក តែត វិចិត្រ អាយុ ៤០ ឆ្នាំ អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
លោក តែត វិចិត្រ អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ នៅភូមិឆករកា មានប្រសាសន៍ថា យ៉ាងតិចសំណាកឈាមប្រមាណ ២០០ ត្រូវបានប្រមូលពីភូមិនេះ ដើម្បីស្រាវជ្រាវក្រោយមានការរាយការណ៍អំពីការសង្ស័យពាក់ព័ន្ធនឹងប៉ារ៉ាស៊ីតបង្កជំងឺគ្រុនចាញ់ប្រភេទកម្រនេះ។ លោកបន្តថា លោកបានជួបអ្នកជំងឺគ្រុនចាញ់មួយចំនួន ដែលសង្ស័យថាមានពាក់ព័ន្ធនឹងប៉ារ៉ាស៊ីតកម្រនេះ ដែលលោកមិនអាចមិនឃើញតាមរយៈការធ្វើតេស្តរហ័ស។
លោកប្រាប់វីអូអេ៖ «ត្រូវរួសរាន់! មើ! ខ្ញុំជួបម្នាក់នោះគាត់ឈឺតែមួយថ្ងៃទេ។ វាញាក់តែមួយថ្ងៃទេណា៎ ស្រាប់តែមកដល់ខ្ញុំឃើញស្លេកប៉ឹមបាត់ហើយហ្នឹង។ ទុកតែមួយយប់ទៀត គឺត្រូវតែទៅហ្មង! បែកគ្រាប់ឈាមស្លាប់។ លឿនមែនទែនហ្មង! គឺថា ឈឺក្បាលចង់ផ្ទុះ។ មកជួសទៅ! មើលអត់ឃើញ។ខ្ញុំបញ្ជូនទៅ [មណ្ឌលសុខភាព] ភ្លាម»។
លោកឲ្យដឹងថា អ្នកភូមិផ្សេងទៀតដែលត្រឡប់មកវិញពីតំបន់ ដូចគ្នានៅជើងភ្នំត្រងោល ប្រមាណ ៤គីឡូម៉ែត្រពីភូមិ ត្រូវសង្ស័យថា មានមេរោគគ្រុនចាញ់ប្រភេទប្លាស្មូដ្យូមណូឡេស៊ីនេះ។
ការរីករាលដាលនៃកូវីដ១៩ នៅឆ្នាំនេះ បានជំរុញឱ្យអ្នកភូមិដូចជា លោក ទៀក ណាង និងកុមារា សៅ លីហេង សម្រេចចិត្តចូលទៅក្នុងព្រៃទៅជាមួយអ្នកភូមិផ្សេងទៀត បើទោះបីពួកគេមិនធ្លាប់ចូលព្រៃពីមុនក៏ដោយ។
លោក ទៀក ណាង វ័យ២៥ឆ្នាំ ជាឪពុកមានកូនស្រីតូចៗ ២ នាក់ ប្រាប់វីអូអេថា លោកមិនអាចរកចំណូលបានពីចម្ការសណ្តែក និងពោតរបស់លោកទេ ហេតុនេះហើយបានជាលោកទៅស៊ីឈ្នួលកាប់ឆ្ការដីព្រៃនៅតំបន់ភ្នំត្រងោល ដើម្បីរកកម្រៃកាលពីចុងខែមីនា។
លោកនិយាយថា៖ «ដាំមិនសូវបានទេ។ វារាំង។ ហើយឥឡូវឆៃថាវដង្កូវស៊ីអស់ទៀតហើយ»។
![](https://image.thmeythmey.com/pictures/2020/07/10/thumb2/voa4.jpg)
លោក ទៀក ណាង អាយុ ២៥ អ្នកជំងឺដែលឆ្លងមេរោគគ្រុនចាញ់ដែលគេសង្ស័យថាជាប្រភេទ P. Knowlesi ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ាន សុជាតា/វីអូអេ)
ចំណែកកុមារ សៅ លីហេង វ័យ ១៤ ឆ្នាំ ត្រូវផ្អាកការសិក្សាដោយសារសាលារៀនបិទទ្វារទូទាំងប្រទេស អនុវត្តតាមចំណាត់ការរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
កុមារ សៅ លីហេង ជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យសាមគ្គី បានទៅព្រៃជាមួយបងប្អូន ដើម្បីជួយអ្នកជិតខាងប្រវាសដៃដាំរមៀត។ ក្រោយមក ពួកគេចូលទៅព្រៃតំបន់ភ្នំត្រងោល ដើម្បីបេះផ្លែសម្រង។
អ្នកទាំងពីរបានបង្ហាញអាការៈ រងារញ័រញាក់ និងគ្រុនក្តៅ កាលពីអំឡុងខែមេសា។
កុមារ សៅ លីហេង និយាយថា៖« [ខ្ញុំ] ខ្លាចកូរ៉ូណា [ជាង] ពីព្រោះខ្ញុំអត់ធ្លាប់គិតថា ខ្ញុំមានជំងឺគ្រុនចាញ់ផង»។
លោក ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងគ្រុនចាញ់ ឲ្យដឹងថា ករណីសង្ស័យមេរោគបង្កជំងឺគ្រុនចាញ់ប្រភេទប្លាស្មូដ្យូមណូឡេស៊ីនេះ «មិនមានអ្វីជាការបារម្ភច្រើននោះទេ»។
លោកបន្តថា៖ «ហេតុអីបានថាអត់សូវបារម្ភ? ព្រោះថាគ្រុនចាញ់ហ្នឹង វាប្រភេទដដែលហ្នឹងទេ គ្រាន់តែថាប្រភពចម្លងវាមកពីសត្វស្វា [ម្យ៉ាង] ហើយបើសត្វស្វាហ្នឹង វានៅក្នុងព្រៃភ្នំមូសហ្នឹង វានៅក្នុងព្រៃភ្នំ វាមិនខុសអីពីមូសផ្សេងទៀត នៅក្នុងព្រៃភ្នំហ្នឹងទេ។ ទោះបីជាមូសផ្សេងទៀត ក៏វាខាំតែទៅលើសត្វទៅលើអីដែរ បើកាលណាវាអត់មានមនុស្ស[សម្រាប់ឲ្យ]បឺតឈាម»។