ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្ពានហាលអង្គរវត្ត អាចបញ្ចប់ជួសជុលដំណាក់កាលទី១ នៅចុងឆ្នាំ២០២១ 11, Jul 2020 , 9:39 am
![](https://image.thmeythmey.com/pictures/2020/07/10/thumb2/sr__11_.jpg)
×![]()
សៀមរាប៖ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានបិទទាំងស្រុងនៅឆ្នាំ២០១៦ ដើម្បីជួសជុលនិងលើកតម្លៃឡើងវិញ។ ក្រុមការងារ កំពុងមមាញឹកខ្លាំងក្នុងការងារជួសជុល ដែលជាកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុននេះ។ គេរំពឹងថា ការជួសជុលក្នុងដំណាក់កាលទី១ អាចបញ្ចប់នៅនៅចុងឆ្នាំ២០២១ ហើយដែលនឹងសម្រួលឱ្យភ្ញៀវទេសចរឆ្លងកាត់បានធម្មតាបានវិញដែរ។
សូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយ អ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មានថ្មីៗ ពីខេត្តសៀមរាបដូចតទៅ៖
ស្ពានអណ្ដែត ត្រូវបានសាងសង់ជំនួសការធ្វើចរាចរណ៍ លើស្ពានហាលនាអំឡុងឆ្នាំ២០១៦ ពេលដែលគម្រោងនេះ បានបើកការដ្ឋានជួសជុលជាផ្លូវការ។ ប្រទេសជប៉ុន តាមរយៈសាកលវិទ្យាល័យ សូហ្វីយ៉ា បានសិក្សា និងសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីជួសជុលស្ពានហាលខាងលិច ជ្រុងខាងជើង ដែលរងការស្រុតទ្រុឌទ្រោមខ្លាំង។
![](https://image.thmeythmey.com/pictures/2020/07/10/thumb2/sr__1_.jpg)
លោក អន សុភាព អ្នកគ្រប់គ្រងការដ្ឋានជួសជុលស្ពានហាលខាងលិច ឱ្យដឹងថាបច្ចុប្បន្នការងារស្នួលសំខាន់ចំនួន៣ ដែលកំពុងដំណើរការ ក្នុងការដ្ឋានស្ពានហាលទី១ ការងារចាក់ជញ្ជាំងរាងអក្សរអិល ទី២ ការបុកបង្ហាប់ដីតាមបច្ចេកទេសបុរាណ ទី៣ ការជួសជុលពង្រឹងជណ្ដើរគ្រឹះជញ្ជាំង។ លោកពន្យល់ថា៖«ការចាក់ជញ្ជាំងរាងអក្សរអិល ដើម្បីទប់ជញ្ជាំងថ្មបាយក្រៀមនៅខាងក្នុង។ បច្ចុប្បន្ន យើងចាក់បាន៧៩ម៉ែត្រ។ ទី២ ចាក់រួចត្រូវបុកដី បង្ហាប់តាមបច្ចេកទេសបុរាណឡើងវិញ។ យើងបុកបាន៦៧ម៉ែត្រ សល់១២ម៉ែត្រទៀត។ ទី៣ ការចាប់ផ្តើមជួសជុល ពង្រឹងកាំជណ្ដើរគ្រឹះ របស់ជញ្ជាំងនៅផ្នែកខាងក្រៅ ព្រោះវាមានភាពពុកផុយផ្នែកក្រោម និងជញ្ជាំង៧កាំ ទី១ ទី២ ទី៣ ខូចខាតខ្លាំង»។
![](https://image.thmeythmey.com/pictures/2020/07/10/thumb2/sr__2_.jpg)
ដូចបុរាណដ្ឋានដទៃទៀតដែរ ស្ពានហាលខាងលិចអង្គរវត្ត រងការខូចខាតខ្លាំង ដោយសារពេលវេលា ការថែទាំមិនបានល្អ ការចាកចោលក្រុងអង្គរនៅសម័យបុរាណ ដែលធ្វើឱ្យរុក្ខជាតិតូចធំ ដុះជ្រៀកថ្ម។ល។ លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ពន្យល់ថា ដើមឡើយស្ពានហាលនេះ មានប្រវត្តិជួសជុលបានតិចតួច និងមិនមានបច្ចេកទេសត្រឹមត្រូវ។ លោកបន្តថា៖« ការស្រាវជ្រាវកន្លងមក ក្រោយសតវត្ស ១៦ និង១៧ ធ្លាប់ជួសជុលម្ដង។ សម័យបារាំង ធ្លាប់ជួសជុល២ដង។ ទី១ ឆ្នាំ១៩៥៣ ជួសជុលប៉ែកខាងកើត ផ្នែកខាងជើង ប្រហែល៥០ទៅ៦០ម៉ែត្រ។ ជញ្ជាំងរលំ ក្រោយមកអំឡុងឆ្នាំ ១៩៦០ ដល់១៩៦៦ បារាំង សម្រេចជួសជុលមួយកំណាត់ខាងត្បូង ប្រវែង៧០០ម៉ែត្រ។ ក្រោយអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ចាប់មានអន្ដរជាតិមួយចំនួន ជួសជុលថែទាំ ក្នុងនោះមានសាកលវិទ្យាល័យសូហ្វីយ៉ា ដែលសហការជួសជុល នៅឆ្នាំ១៩៩៦ ដល់ ២០០៧ ហើយចប់ជួសជុលមួយកំណាត់ខាងកើត និងពាក់កណ្ដាលខាងជើងឡើងវិញ។ គម្រោងកំពុងជួសជុលនេះ ជាគម្រោងដែលសហការគ្នា ពីឆ្នាំ២០១៦មក សរុប៩៦ម៉ែត្រ និងខឿនកំពង់ទឹក១២ម៉ែត្រទៀត»។
![](https://image.thmeythmey.com/pictures/2020/07/10/thumb2/sr__3_.jpg)
នៅការដ្ឋានស្ពានហាលខាងលិច នាថ្ងៃទី៧ កក្កដា ក្រុមកម្មករច្រើននាក់ បានបំបែកគ្នាជាក្រុមៗ ខ្លះរៀបចំដឹកជញ្ជូនដីពីច្រាំងកិសន្ធុ អូសតាមក្បូន យកមកចាក់បំពេញនៅផ្នែកកណ្ដាល ដែលទីនេះ កម្មករប្រមាណ១០នាក់ ស្ថិតក្រោមកំដៅថ្ងៃម៉ោង៩ព្រឹក កំពុងបុកបង្ហាប់ដី ដោយប្រើឧបករណ៍បុរាណ។ ការបង្ហាប់ដីជាថ្នាក់ៗ មុននឹងរៀបចំក្រាលកម្រាលថ្មបាយក្រៀមពីលើ។ លោក អន សុភាព ពន្យល់ថា ហេតុផលដែលក្រុមការងារជ្រើសរើសវិធីសាស្ដ្រនេះ ដើម្បីអនុវត្តន៍ ព្រោះមិនចង់ឱ្យមានភាពរង្គើ ដល់ជញ្ជាំងថ្មបាយក្រៀម ដោយសាររំញ័រគ្រឿងចក្រ។ លោកបន្ថែមថា គ្រឿងចក្រដ្បិតថាលឿនមែន តែអាចមានហានិភ័យច្រើន។ ចំណែកការបង្ហាប់ដោយដៃ មានគុណភាពប្រហាក់ប្រហែលគ្នា។
![](https://image.thmeythmey.com/pictures/2020/07/10/thumb2/sr__4_.jpg)
ជាប្រាសាទដែលមានភាពលេចធ្លោ និងអស្ចារ្យជាងគេទាំងអស់ ការជួសជុល និងលើកតម្លៃឡើងវិញ ជាការងារអាទិភាព។ ដោយពិនិត្យឃើញពីហានិភ័យ ដល់ភ្ញៀវទេសចរ ដែលឆ្លងកាត់រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ អាជ្ញាធរជាតិអប្សរា បានសម្រេចជួសជុលនៅផ្នែកដែលសេសសល់នានា ក្នុងន័យលើកតម្លៃបេតិកភណ្ឌមនុស្សជាតិមួយនេះ ឱ្យស័ក្ដិសមនឹងតម្លៃរបស់វា ពិសេសបញ្ចៀសគ្រោះថ្នាក់ដល់ទេសចរ នៅពេលដែលសភាពថ្ម នៃស្ពានហាល បានស្រុតចុះខ្លាំង។
![](https://image.thmeythmey.com/pictures/2020/07/10/thumb2/sr__5_.jpg)
ដើមឡើយ គម្រោងជួសជុលស្ពានហាល គ្រោងនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២០នេះ តែដោយសារមានបញ្ហាខ្លះៗ ទើបធ្វើឱ្យគម្រោងនេះត្រូវពន្យារពេល។ តាមលោក អន សុភាព បច្ចុប្បន្នការដ្ឋានជួសជុលផ្នែកកម្រាល សម្រេចបានប្រមាណ៧០ភាគរយហើយ។ លោក រំពឹងថា គម្រោងជួសជុលដំណាក់កាលទី១នេះ អាចរួចរាល់ និងបើកឱ្យទេសចរឆ្លងកាត់វិញបាន នៅចុងឆ្នាំ២០២១។ បន្ថែមពីនេះ ក្រុមការងារ នឹងចាប់ផ្តើមជួសជុលខឿនកំពង់ទឹក ប្រវែង១២ម៉ែត្របន្តទៀត ដែលការងារនេះ ក៏ត្រូវការពេលវេលាសិក្សាល្អិតល្អន់ និងបន្តរហូតដល់ឆ្នាំ២០២៤ តាមគម្រោងដែលបានគ្រោងទុក៕
![](https://image.thmeythmey.com/pictures/2020/07/10/thumb2/sr__6_.jpg)
![](https://image.thmeythmey.com/pictures/2020/07/10/thumb2/sr__7_.jpg)
![](https://image.thmeythmey.com/pictures/2020/07/10/thumb2/sr__8_.jpg)
![](https://image.thmeythmey.com/pictures/2020/07/10/thumb2/sr__9_.jpg)
![](https://image.thmeythmey.com/pictures/2020/07/10/thumb2/sr__10_.jpg)
Tag:
ស្ពានហាលអង្គរវត្ត
បេតិកភណ្ឌ
វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com