អន្តរជាតិ
អាមេរិក ហៅ​ក្រុមហ៊ុន​ចិន​មួយចំនួន​ជា​ក្រុមហ៊ុន​ឥណ្ឌា​ខាងកើត​សម័យថ្មី​
15, Jul 2020 , 2:51 pm        
រូបភាព
លោក David Stilwell ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការប៉ាស៊ីហ្វិក និងអាស៊ីខាងកើត។ រូបភាព៖ AFP
លោក David Stilwell ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការប៉ាស៊ីហ្វិក និងអាស៊ីខាងកើត។ រូបភាព៖ AFP
​មន្ត្រីជាន់ខ្ពស់​អាមេរិក នៅ​ថ្ងៃទី​១៤ ខែកក្កដា បាន​ប្រដូច​ក្រុមហ៊ុន​ចិន​មួយចំនួន ទៅនឹង​ក្រុមហ៊ុន​ឥណ្ឌា​ខាងកើត (East India Company) ដែលជា​ក្រុមហ៊ុន​អង់គ្លេស​នាំ​អាភៀន​ទៅ​លក់​នៅ​ចិន ក្នុង​សតវត្សរ៍​ទី​១៩​។ ការលើកឡើង​បែបនេះ ធ្វើឡើង​ស្របពេល​ចិន និង​អាមេរិក កំពុងមាន​ភាព​តានតឹង​ជាមួយគ្នា​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។

​ថ្លែង​នៅ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ និង​សិក្សា​អន្តរជាតិ លោក David Stilwell ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​ប៉ាស៊ីហ្វិក និង​អាស៊ី​ខាងកើត បាន​បញ្ជាក់ថា ក្រុមហ៊ុន​រដ្ឋ​ចិន បាន​បញ្ជូន​ទូក​ស្រាវជ្រាវ ទូក​នេសាទ និង​សាងសង់​កន្លែង​បូម​ប្រេង កាន់តែ​ច្រើនឡើង នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុងន័យនេះ លោក Stilwell បានចាត់ទុក​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ​ចិន CNOOC និង​ក្រុមហ៊ុន​ផ្សេងទៀត ក្លាយជា​អាវុធ​របស់​ចិន​ក្នុងការ​សម្លុត​ប្រទេស​ដទៃ​។ 
 
​ទន្ទឹមនេះ លោក Stillwell បាន​បន្ថែមថា ប្រជាជន គួរតែ​ដឹង​ពី​ភាពខុសគ្នា​រវាង​ក្រុមហ៊ុន​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​ដែលជា​ឧបករណ៍​បម្រើ​ផលប្រយោជន៍​ឲ្យ​រដ្ឋ​បរទេស​។ ត្រង់នេះ លោក Stillwell បាន​ប្រដូច​យ៉ាង​ដូច្នេះ​ថា​៖ «​ក្រុមហ៊ុន​រដ្ឋ​ចិន​ទាំងនេះ គឺ​ដូច​ទៅនឹង​ក្រុមហ៊ុន​ឥណ្ឌា​ខាងកើត​នៅក្នុង​សម័យ​ទំនើប​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ឥណ្ឌា​ខាងកើត គឺជា​ក្រុមហ៊ុន​មួយ​របស់​អង់គ្លេស​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ឥណ្ឌា​។ ក្រុមហ៊ុន​នេះ ធ្វើ​ពាណិជ្ជកម្ម​កប្បាស គ្រឿងទេស និង​ទំនិញ​ផ្សេងទៀត​ផងដែរ​។ នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​១៩ ក្រុមហ៊ុន​នេះ គឺជា​អ្នក​នាំ​អាភៀន​ចេញទៅ​ចិន ក្នុង​ចំនួន​ជាច្រើន​។ បញ្ហា​អាភៀន​នេះហើយ ទើប​ធ្វើ​ឲ្យ​ចិន និង​អង់គ្លេស ត្រូវ​ផ្ទុះ​សង្គ្រាម​អាភៀន​ជាមួយគ្នា​នៅក្នុង​សម័យ​នោះ​។ លោក Stillwell ទំនង​ចង់​សំដៅថា ក្រុមហ៊ុន​ចិន ក៏​ដើរ​បង្ករឿង​ដូច​ក្រុមហ៊ុន​អង់គ្លេស​ពី​បុរាណ​ដែរ​។​
 
​ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​អាមេរិក​រូ​ប​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានចាត់ទុក​សកម្មភាព​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ចាប់ពី​ការរុករក​ធនធានធម្មជាតិ ការធ្វើ​យោ​ធូប​នីយកម្ម និង​ការទាមទារ​កម្មសិទ្ធិរ​បស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺជា​សកម្មភាព​ខុសច្បាប់​។ 
 
​សូមបញ្ជាក់ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មាន​ប្រទេស​ជម្លោះ​ចំនួន ៥ គឺ​ចិន ម៉ា​ស៊ី​ឡេ ព្រុយ​ណេ ហ្វីលីពីន វៀតណាម​។ ជម្លោះ​មួយ​នេះ មិន​ងាយ​នឹង​ដោះស្រាយ​ឡើយ ព្រោះ​នៅក្នុង​តំបន់​ជម្លោះ​ដែនទឹក​ខ្លះ មានការ​ទាមទារ​ជាន់គ្នា ពោលគឺ​មាន​ប្រទេស​រហូតដល់​ប្រទេស​៣​ទាមទារ​៕ 

Tag:
 អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com