COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ ដាស់តឿន​ឲ្យ​ត្រៀម​ទប់ទល់​ការកើនឡើង COVID-19 ជាថ្មី​
15, Jul 2020 , 4:28 pm        
រូបភាព
នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern (ខាងឆ្វេង) និងរដ្ឋមន្រ្តីសុខាភិបាល នៅក្នុងសន្និសីទកាសែតស្តីពី COVID-19 នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ រូបភាព៖ Facebook, Jacinda Ardern
នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern (ខាងឆ្វេង) និងរដ្ឋមន្រ្តីសុខាភិបាល នៅក្នុងសន្និសីទកាសែតស្តីពី COVID-19 នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ រូបភាព៖ Facebook, Jacinda Ardern
​នូ​វែ​ល​សេ​ឡង់ ត្រូវតែ​ត្រៀមខ្លួន​ទុកជាមុន ដើម្បី​ប្រឈមមុខ​ជាមួយនឹង​ការផ្ទុះ​ឡើង​នៃ​COVID-19 ម្តងទៀត​នៅក្នុង​ប្រទេស​។ នាយករដ្ឋមន្ត្រី លោកស្រី Jacinda Ardern បានលើកឡើង​បែបនេះ នា​សន្និសីទ​សារព័ត៌មាន​ស្តីពី​COVID-19 នៅ​ថ្ងៃទី​១៥ ខែកក្កដា ខណៈដែល​ករណី​ឆ្លង​ជំងឺ​នេះ កើនឡើង​ក្នុងប្រទេស​ខ្លះ​ដែល​អនុវត្ត​វិធានការ​តឹងរ៉ឹង​ក្ដី​។​

​រយៈពេល ៧០​ថ្ងៃ​ហើយ ដែល​នូ​វែ​ល​សេ​ឡង់​គ្មាន​ករណី​ឆ្លង​COVID-19 ជា​សហគមន៍​នៅក្នុង​ប្រទេស ខណៈ​ប្រទេស​មួយចំនួន ដែលមាន​វិធានការ​ទប់ស្កាត់​ម៉ឺងម៉ាត់​ដូចជា អូស្ត្រាលី​, ហុងកុង​, សិង្ហ​បុរី​, ជប៉ុន​, កូរ៉េខាងត្បូង កំពុង​តែមាន​ករណី​កូ​រ៉ូ​ណា​វីរុស​ហក់​ឡើងជា​បន្ត​បន្ទាប់​។ 
 
​ទាក់ទិន​នឹង​ករណី​ឆ្លង​កើនឡើង​នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​នេះ លោកស្រី​នាយករដ្ឋមន្ត្រី Jacinda Ardern បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ « គ្មាន​ប្រព័ន្ធ​ដឹកនាំ​ណាមួយ (​ប្រទេស​) មិនមាន​ការខ្វះចន្លោះ ១០០​ភាគរយ​នោះទេ ហើយ​នៅ​ជុំវិញ​ពិភពលោក​ដូច​យើង​កំពុង​ឃើញ សូម្បីតែ​ប្រទេស​មាន​វិធាន​តឹងរ៉ឹង ក៏មាន​ករណី​ឆ្លង COVID-19 ដែរ​»​។  
 
​ដោយ​មើលឃើញ​ពី​ករណី​ឆ្លង​ហក់​ឡើង​នៅតាម​បណ្តា​ប្រទេស​ដទៃ នូ​វែ​ល​សេ​ឡង់ ត្រូវតែ​ត្រៀមខ្លួន​ទុកជាមុន​។ សរសេរ​នៅលើ​គណនី Facebook របស់ខ្លួន នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​រូបនេះ បាន​បញ្ជាក់ថា នូ​វែ​ល​សេ​ឡង់ បាន​ដាក់ចេញ​គម្រោង​មួយចំនួន ដែល​នឹងដាក់​ឲ្យ​អនុវត្ត ប្រសិនបើ​នូ​វែ​ល​សេ​ឡង់​មាន​ករណី​ឆ្លង​ជា​សហគមន៍​ម្តងទៀត​។ ចំណែក យុទ្ធ​សា​ស្ធ្រ​លុបបំបាត់ COVID-19 ដែល​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់​ដាក់ចេញ​នៅពេល​កន្លងមក នៅតែ​បន្ត​រក្សាទុក​នៅ​ដដែល ក្នុងករណី​មានការ​ឆ្លង​ក្នុង​សហគមន៍​។ 
 
​គម្រោង​ថ្មី​ទាំងនោះ​មានដូចជា ការត្រួតពិនិត្យ​តាម​ព្រំដែន ការ​រឹតបន្តឹង​ម​ជ្ឈ​ម​ណ្ឌ​ច​ត្តា​ឡី​ស័ក ការពង្រឹង​លើ​ការត្រួតពិនិត្យ​អ្នក​ត្រលប់​មកពី​បរទេស ការជំរុញ​ឲ្យ​ប្រជាជន​ពាក់​ម៉ាស់​ឲ្យ​ត្រឹមត្រូវ ការបិទ​ក្រុង ការដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ស្វែងរក​COVID-19 និង​វិធានការ​ផ្សេងទៀត​។ 
 
​បើតាម​វេ​ប​សាយ Wordometer នូ​វែ​ល​សេ​ឡង់​មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ១៥៤៧​ករណី អ្នកស្លាប់​មាន​ចំនួន ២២​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១៤៩៨​នាក់​៕ 

Tag:
 នូ​វែ​ល​សេ​ឡង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com