អន្តរជាតិ
យោធា​តៃវ៉ាន់​ពីរ​នាក់​ស្លាប់ ក្រោយ​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​ត្រលប់​ពី​ធ្វើ​សមយុទ្ធ​
17, Jul 2020 , 2:08 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
​ឧទ្ធម្ភាគចក្រ​យោធា​មួយគ្រឿង​របស់​តៃវ៉ាន់ នៅ​ថ្ងៃទី​១៦ ខែកក្កដា បាន​ជួប​ឧបទ្ទវហេតុ ដែល​បាន​បង្ក​ឲ្យ​អ្នកបើក​ឧ​ទ្ធ​ម្ភា​ចក្រ​ចំនួន ពីរ​នាក់​ស្លាប់បាត់​បង់ជីវិត​។ ហេតុការណ៍​នេះ កើតឡើង​ក្រោយ​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​នេះ​បន្ទាប់​ត្រលប់​មកពី​ធ្វើ​សមយុទ្ធ​យោធា​។
 
 
​ឧទ្ធម្ភាគចក្រ​យោធា​ប្រភេទ​OH-58D ត្រូវបាន​យោធា​តៃវ៉ាន់​រាយការណ៍​ថា បាន​ធ្លា​ក់នៅ​មូលដ្ឋាន​យោធា​មួយ​ក្នុង​ក្រុង Hsinchu ។ ឧទ្ធម្ភាគចក្រ​នេះ បាន​ធ្លាក់​ក្នុងអំឡុងពេល​ចុះចត​នៅ​មូលដ្ឋាន​យោធា និង​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​យ៉ាងខ្លាំង​។ អ្នកបើកបរ​ចំនួន​ពីរ​នាក់ ត្រូវគេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ប៉ុន្តែ​ត្រូវ​បាត់បង់​ជីវិត ដោយសារតែ​រងរបួស​ធ្ងន់​។ 
 
​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​តៃវ៉ាន់ ឧទ្ធម្ភាគចក្រ​ប្រភេទ OH-58D ដែលជា​ប្រភេទ​ឧទ្ធម្ភាគចក្រ​ស៊ើបអង្កេត និង​យកការណ៍ បាន​ធ្លាក់​នៅលើ​ដី បន្ទាប់ពី​ត្រលប់​មកពី​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ  Han Kuang ចំណែក​មូលហេតុ​ដែល​ប​ណ្តា​ល​ឲ្យ​ធ្លាក់​នេះ គឺ​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។ ឧទ្ធម្ភាគចក្រ​នេះ បាន​ធ្លាក់ នៅពេល​កំពុង​ចុះចត នៅ​កម្ពស់​ប្រមាណ​៣០០​ម៉ែត្រ​ទៅ​៤០០​ម៉ែត្រ​។  នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post​។​
 
​បន្ទាប់ពី​ហេតុការណ៍​នេះ ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​បង្កើត​គណៈកម្មាធិកា​រ​មួយ ដើម្បី​ស៊ើបអង្កេត​ពី​ការធ្លាក់​មួយ​នេះ​។ 
 
​ឧទ្ធម្ភាគចក្រ​ប្រភេទ OH-58D ត្រូវបាន​តៃវ៉ាន់​ទិញ​ពី​ក្រុមហ៊ុន​របស់​អាមេរិក Bell Helicopter​។ កាលពី​ខែឧសភា​កន្លងមក ឧទ្ធម្ភាគចក្រ​ប្រភេទ​ដដែល​នេះ​មួយគ្រឿង​ផ្សេងទៀត​របស់​តៃវ៉ាន់ ក៏​ធ្លាប់​ជួប​បញ្ហា​ពិបាក ក្នុងការ​ចុះចត​នៅ​មូលដ្ឋាន​យោធា​ក្នុង​ក្រុង Tainan ដែរ​។ ពេលនោះ វា​បង្ក​ឲ្យ​អ្នកបើកបរ​របួស​បន្តិច​បន្តួច​ប៉ុណ្ណោះ​។ 
 
​សូមបញ្ជាក់ថា កាលពី​ខែមករា កន្លងទៅ តៃវ៉ាន់​ក៏មាន​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​ដែរ នៅក្នុង​តំបន់  New Taipei​។ ហេតុការណ៍​នោះ បាន​បណ្តាល​ឲ្យ​ប្រមុខ​កងទ័ព​តៃវ៉ាន់ និង​យោធា ៧​នាក់​ផ្សេងទៀត​បាត់បង់​ជីវិត​នៅក្នុង​ឧទ្ធម្ភាគចក្រ Black Hawk ៕

Tag:
 តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com