ជាតិ
សង្គមជាតិ
ក្រសួងធម្មការ ស្នើឱ្យបញ្ឈប់ប្រើស្លាកលេខឈ្មោះវត្តដាក់នៅលើរថយន្ត ដែលផ្ទុយពីច្បាប់ 18, Jul 2020 , 3:28 pm
![រូបព្រះតេជគុណ៦អង្គដែលកំពុងគង់លើរថយន្តដែលមានស្លាកលេខវត្តឈ្មោះ«វត្តម្លប់ពោធិព្រឹក្ស» រូបភាពពីព្រះតេជគុណដែលមានព្រះនាមហ្វេសប៊ុក Dam Soteth](https://image.thmeythmey.com/pictures/2020/07/18/thumb2/ttt.jpg)
រូបព្រះតេជគុណ៦អង្គដែលកំពុងគង់លើរថយន្តដែលមានស្លាកលេខវត្តឈ្មោះ«វត្តម្លប់ពោធិព្រឹក្ស» រូបភាពពីព្រះតេជគុណដែលមានព្រះនាមហ្វេសប៊ុក Dam Soteth
×![]()
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា ស្នើឱ្យបញ្ឈប់ប្រើស្លាកលេខឈ្មោះវត្តដាក់នៅលើរថយន្ត ដែលផ្ទុយពីច្បាប់ ។ ការដាក់ចេញបម្រាមនេះ ធ្វើឡើងក្រោយពីក្រសួងបានកត់សម្គាល់ថា មានរថយន្តមួយចំនួនបានប្រើប្រាស់ស្លាកលេខដោយប្រើឈ្មោះវត្ត យកទៅចរាចរនៅតាមសាធារណៈ។
តាមរយៈសេចក្តីប្រគេនដំណឹងដល់ព្រះមេគណ លោកប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានីខេត្តរបស់ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា កន្លងមកមានករណីប្រើប្រាស់ស្លាកលេខរថយន្តដោយដាក់ឈ្មោះវត្តនៅលើរថយន្ត ដែលផ្ទុយពីអនុក្រឹត្យលេខ ៧៣ ចុះនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះ ត្រង់មាត្រា១៩ ដែលហាមប្រើប្រាស់ស្លាកលេខច្នៃប្រឌិត ឬតុបតែងបន្ថែមផ្ទុយពីផ្លាកលេខចេញដោយក្រសួង។
ដើម្បីទប់ស្កាត់កុំឲ្យមានសកម្មភាពបែបនេះតទៅទៀត ក្រសួងធម្មការ និងសាសនា សូមប្រគេនដំណឹងដល់លោកប្រធានមន្ទីរធម្មការ និងសាសនាគ្រប់រាជធានីខេត្តទាំងអស់ ផ្សព្វផ្សាយដល់វត្តអារាមទាំងអស់បញ្ឈប់ប្រើប្រាស់ស្លាកលេខបែបច្នៃប្រឌិតជាបន្ទាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com