ជាតិ
សង្គមជាតិ
ក្រុមកម្មករចុះបារស្លែបៃតង ដើម្បីសោភ័ណភាពស្ទឹងសៀមរាប 19, Jul 2020 , 12:27 pm
![](https://image.thmeythmey.com/pictures/2020/07/19/thumb2/sr__6_.jpg)
×![]()
សៀមរាប៖ ក្រុមកម្មករប្រមាណ១០នាក់ មានប្រុសមានស្រី កំពុងបារស្លែបៃតង ដែលពង្រីកខ្លួនស្ទើរពេញដងស្ទឹងសៀមរាប។ ពួកគេបានប្រើខ្សែចងអូសស្លែមកកៀនច្រាំងម្ខាង ងាយស្រួលបារចេញ។ ខ្លះទៀតក៏ប្រើដងឈើដួស និងចុះបារដោយដៃផ្ទាល់ផងដែរ។ ដ្បិតចូលរដូវវស្សាក៏ពិតមែន តែបរិមាណទឹកភ្លៀងហាក់មានតិច និងការទប់ទឹកចូលក្នុងតំបន់ប្រាសាទច្រើន ទើបធ្វើឱ្យប្រភពពីភ្នំគូលែន មានតិចតួចចុះមកដល់ផ្នែកខាងក្រោមនៃស្ទឹងសៀមរាប។
សូមអញ្ជើញទស្សនាវីដេអូសកម្មភាពបារស្លែក្នុងស្ទឹងសៀមរាប ដែលធ្វើឡើងនៅរសៀលថ្ងៃទី១៤ កក្កដា នៅចំណុចខាងជើងផ្សារពោធិ៍លង្កា សង្កាត់មណ្ឌល៣ ក្រុងសៀមរាបដូចតទៅ
ទាក់ទងនឹងសកម្មភាពនេះ អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា ប្រាប់ថា រដ្ឋបាលក្រុងមិនបានបណ្ដែតបណ្ដោយឱ្យមានស្លែច្រើនពេញស្ទឹងដូច្នេះនោះទេ។ លោកពន្យល់ថា មានមូលហេតុមួយចំនួនដែលរដ្ឋបាលក្រុងកំពុងធ្វើការលើរឿងនេះ ទី១ដោយសាររយៈពេល៣ឆ្នាំចុងក្រោយនេះ ខេត្តសៀមរាបមានបញ្ហាខ្វះទឹក ដែលប្រភពទឹកពីខាងលើ ត្រូវទប់សម្រាប់កិច្ចការអភិរក្សប្រាសាទក្នុងតំបន់អង្គរ ទើបមិនបានបើកទម្លាក់ចុះមកផ្នែកខាងក្រោម ទី២ ស្លែ ជាផ្នែកមួយជួយកាត់បន្ថយកិ្លនស្អុយពីក្នុងស្ទឹង ព្រោះស្ទឹងនេះមានការលួចបង្ហូរទឹកស្អុយចូលនាពេលកន្លងមក និងទី៣ អាជ្ញាធរមានគម្រោងស្ដារ និងអភិវឌ្ឍន៍ស្ទឹងសៀមរាបនាពេលឆាប់ៗនេះ។
![](https://image.thmeythmey.com/pictures/2020/07/19/thumb2/sr__1_.jpg
)
លោកអភិបាលក្រុង សុំឱ្យពលរដ្ឋក្នុងខេត្តសៀមរាបយោគយល់ត្រង់បញ្ហាទាំងនេះ ហើយមិនមែនរដ្ឋបាលក្រុងបណ្ដោយឱ្យស្លែច្រើនក្នុងស្ទឹងនោះទេ។ លោក នួន ពុទ្ធារ៉ា បានបញ្ជាក់ថា ដងស្ទឹងសៀមរាបនឹងប្រែមុខមាត់ថ្មីនាពេលដ៏ខ្លីខាងមុខនេះ ដោយក្នុងគម្រោងនឹងរៀបចំឱ្យមានសួនច្បារ ផ្លូវដើរ និងដាំដើមឈើអមសងខាង ពិសេសនឹងរៀបចំប្រព័ន្ធចម្រុះទឹកកខ្វក់មុនបង្ហូរចូលទឹកស្ទឹងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com