COVID-19
អន្តរជាតិ
លោក គីម ជុង​អ៊ុន បញ្ជា​ឲ្យ​ដកតំណែង​មន្ត្រី​ដែល​ទទួលបន្ទុក​សាងសង់​មន្ទីរពេទ្យ​មួយ​ព្រោះ​ខ្ជីខ្ជា​
20, Jul 2020 , 10:39 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅត្រួតពិនិត្យការដ្ឋានមន្ទីរពេទ្យក្រុងព្យុងយ៉ាង ។ រូបភាព៖ AFP
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅត្រួតពិនិត្យការដ្ឋានមន្ទីរពេទ្យក្រុងព្យុងយ៉ាង ។ រូបភាព៖ AFP
​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​រិះគន់​មន្ត្រី​របស់ខ្លួន​ថា ធ្វើការ​ខ្ជីខ្ជា​ក្នុងការ​សាងសង់​សំណង់​មន្ទីរពេទ្យ​មួយកន្លែង​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​។ មេដឹកនាំ​កូរ៉េខាងជើង ក៏បាន​បញ្ជា​ឲ្យ​ដកតំណែង​មន្ត្រី​ទទួលបន្ទុក​លើ​សំណង់​មន្ទីរពេទ្យ​ដែល​មិន​បំពេញការងារ​បានល្អ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA នៅ​ថ្ងៃទី​២០ ខែកក្កដា​។
 
​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ មន្ទីរពេទ្យក្រុង​ព្យុងយ៉ាង (Pyongyang General Hospital) នឹង​សាងសង់​រួចរាល់​ត្រឹម​ថ្ងៃទី​១០ ខែតុលា ដែល​ត្រូវជា​ថ្ងៃ​ខួប​លើក​ទី​៧៥ នៃ​បក្ស​ពលករ​កូរ៉េ​។ សំណង់​មន្ទីរពេទ្យ​មួយ​នេះ ត្រូវបាន​លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង ចាត់ទុកថា គឺជា​«​កិច្ចការ​ដ៏​សំខាន់​» សម្រាប់​កម្មវិធី​សុខភាព​សាធារណៈ​របស់​ប្រទេស​។ 
 
​នៅក្នុង​ដំណើរ​ត្រួតពិនិត្យ​ការដ្ឋាន​មន្ទីរពេទ្យ​នេះ លោក គីម បានចង្អុលបង្ហាញ​ពី​បញ្ហា​ធ្ងន់ធ្ងរ លើ​ការខ្វះខាត​ហិរញ្ញវត្ថុ​ក្នុងការ​សាងសង់​សំណង់​អគារ​មន្ទីរពេទ្យ​នេះ​។ បើតាម​ការ​ស្រង់​សម្តី​ពី​សំណាក់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង​KCNA លោក​គីម បាន​អះអាងថា គណៈកម្មការ​ទទួលបន្ទុក​រៀបចំ​ហិរញ្ញវត្ថុ គឺ​ធ្វើការ​ខ្ជីខ្ជា ព្រោះ​គ្មាន​កញ្ចប់​ថវិកា​សម្រាប់​សាងសង់​សំណង់​មន្ទីរពេទ្យ​ឲ្យ​បាន​ត្រឹមត្រូវ​។ 
 
​ក្នុងន័យនេះ លោក គីម ចង់​សំដៅថា អាគារ​មួយ​នេះ គឺធ្វើឡើង​សម្រាប់​ប្រជាជន​កូរ៉េខាងជើង ផ្ទុយទៅវិញ វា​បែរជា​ធ្លាក់​ជា​បន្ទុក​របស់​ប្រជាជន​ទៅវិញ​តាមរយៈ​ការស្នើសុំ​ជំនួយ​។ យ៉ាងណាក៏ដោយ ព័ត៌មាន​លំអិត​ពាក់ព័ន្ធ​នឹង​អាគារ​នេះ មិនត្រូវ​បាន​គេ​បញ្ចេញ​ឡើយ​។ 
 
​ដោយសារ​មន្ត្រី​ធ្វើការ​ខ្ជីខ្ជា លោក​គីម បាន​បញ្ជា​ឲ្យ​គណៈ​ម​ជ្ឈិ​បក្ស​ពលករ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ និង​ដាក់​មន្ត្រី​ផ្សេង​ដែលមាន​ការទទួលខុសត្រូវ ជំនួស​វិញ​។ 
 
​ការសាងសង់​អាគារ​ម​ន្ទីរ​ពេទ្យ​នេះ ធ្វើឡើង​ក្នុង​បរិបទ COVID-19 ដែល​កូរ៉េខាងជើង​រឹតបន្តឹង​តាម​ព្រំដែន និង​ស្របពេល​ប្រទេសមួយ​នេះ កំពុង​ស្ថិតក្រោម​ទណ្ឌកម្ម​អន្តរជាតិ​។ បញ្ហា​នេះ ធ្វើ​ឲ្យ​កូរ៉េខាងជើង​ពិបាក​នាំចូល​គ្រឿង​បរិក្ខា​ពេទ្យ និង​សម្ភារ​សាងសង់​មួយចំនួន​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ កូរ៉េខាងជើង មិនបាន​រាយការណ៍​ពី​ករណី​ឆ្លង​COVID-19 នៅក្នុង​ប្រទេស​នៅឡើយ​ទេ ខណៈ​ពិភពលោក​មាន​COVID-19 សរុប​ចំនួន​ជាង ១៤,៦​លាន​ករណី​៕ 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com