ជាតិ
រួមគ្នា​បញ្ឈប់​ជំនួញ​សាច់សត្វ​ឆ្កែ​ទាំងស្រុង​នៅ​កម្ពុជា​!
23, Jul 2020 , 10:29 pm        
រូបភាព
ឆ្កែ​បាន​ក្លាយ​ជាគោលដៅអាជីវកម្ម​ជាបន្តបន្ទាប់​របស់​ឈ្មួញទុច្ចរិត។ រូបថត AFP
ឆ្កែ​បាន​ក្លាយ​ជាគោលដៅអាជីវកម្ម​ជាបន្តបន្ទាប់​របស់​ឈ្មួញទុច្ចរិត។ រូបថត AFP
​ខណៈ​ការដាក់ចេញ​វិធានការ​របស់​ខេត្តសៀមរាប​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​ដើម្បី​ប្រឆាំងនឹង​ការជួញដូរ​និង​បរិភោគ​សាច់សត្វ​ឆ្កែ​ទូទាំងប្រទេស វា​ដល់​ពេលដែល​ប្រជាជន​កម្ពុជា​គ្រប់រូប​ចាប់ផ្តើម​ជួយ​ប្រែ​ផ្លាស់​ផ្នត់គំនិត និង​ឥរិយាបថ​ក្នុងការ​បរិភោគ​សាច់សត្វ​ហើយ​។
 
​ចំណាត់ការ​របស់​នាយ​ក​ដ្ឋា​ន​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប​ក្នុងការ​ឈានទៅ​ហាមឃាត់​រាល់​ការបរិភោគ និង​ជួញដូរ​សត្វ​ឆ្កែ នៅ​ដើមខែ​កក្កដា​កន្លងទៅ​ទទួល​បានការ​សាទរ​ខ្លាំង​ពី​សាធារណជន​ក្នុងស្រុក និង អន្តរជាតិ​។ វិធានការ​ដ៏​សំខាន់ និង​ត្រឹមត្រូវ​របស់​អាជ្ញាធរខេត្ត​នេះ​បង្ហាញ​ឲ្យ ឃើញ​ពី​ការយកចិត្ត ទុកដាក់ លើ​គុណ​តម្លៃ​នៃ​ជីវិត​សត្វ​ឆ្កែ ក៏ដូចជា​ការយល់​ច្បាស់​ពី​បញ្ហា​សង្គម​ដែល កំពុង​រង់ចាំ ការ ដោះស្រាយ​ដែរ​។​
 
​ជា​ខេត្ត​ដែលមាន​ប្រាសាទអង្គរវត្ត​ដ៏​ល្បាញ​ល្បី កន្លងមកនេះ​សៀមរាប​ក៏ត្រូវ​បាន​គេ​ស្គាល់​ដែរ​ដោយ សារ​តែ​ការបរិភោគ សាច់សត្វ​ឆ្កែ​ពាសវាល​ពាសកាល​យ៉ាង​អាណាធិបតេយ្យ​។ បើ​យោងតាម​របាយការណ៍ របស់​អង្គការ​សុខុមាលភាព​សត្វ​ពិភពលោក Four Paws នៅ​សៀមរាប មាន​ភោជនីយដ្ឋាន ដែលមាន​សាច់សត្វ​ប្រភេទ​នេះ​ក្នុង​បញ្ជី​មុខម្ហូប​អាហារ​របស់ខ្លួន​មាន​មិនតិចជាង ២០ កន្លែង​ឡើយ​។ 
 
​យ៉ាងណាមិញ​ភាព​អាណាធិបតេយ្យ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការធ្លាក់ចុះ​នៃ​សីលធម៌​សង្គម​បែបនេះ​មិនមែន​កើតឡើង​តែ​នៅ​ខេត្តសៀមរាប​ប៉ុណ្ណោះ​ទេ​។ សាច់សត្វ​ឆ្កែ​នេះ​ត្រូវបាន​គេ​បរិភោគ​នៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត​ដែរ រួមទាំង​នៅ​រាជធានី​ភ្នំពេញ​។ សាច់សត្វ​ឆ្កែ​ត្រូវបាន​គេ​ដាក់​លាក់​ពាសវាល​ពាសកាល  ហើយ​ហាង​មួយចំនួន​មាន​ដាក់​ស្លាក​សញ្ញា​ថា មាន​«​សាច់​ពិសេស​» ដើម្បី​ជា​សញ្ញា​សម្គាល់​ដល់​អតិថិ​ជន​ថែមទៀត​។ នេះ​មិន​រាប់ទាំង​សកម្មភាព​ដើរ​ទាក់​សត្វ​ឆ្កែ​យ៉ាង​អាណាធិបតេយ្យ​នោះឡើយ​។ គ្រាន់តែ​នៅក្នុង​ទីក្រុង​មួយ​នេះ វា​មាន​ហាង​លក់​សាច់សត្វ​ឆ្កែ​ប្រហែល ១១០​កន្លែង  ហើយ​ហាង​នីមួយៗ​ទៀត សោត​អាច​លក់​សាច់សត្វ​ចន្លោះ​ប្រាំ​ទៅ​ប្រាំមួយ​ក្បាល​ក្នុង​មួយថ្ងៃ​ថែមទៀត​។ នេះ​បើតាម​របាយការណ៍​អង្គការ​ខាងលើ​។ 
 
​ដូច្នេះហើយ ការសម្រេច​ហាមឃាត់​ការលក់ និង​បរិភោគ​សាច់សត្វ​ប្រភេទ​នេះ​របស់​អាជ្ញាធរ​ខេត្តសៀមរាប​ជា​ជំហាន​ដំបូង​មួយ​ដ៏​សំខាន់​មួយ​ប៉ុណ្ណោះ មុននឹង​យើង​អាច​ឈានទៅ​សម្រេចបាន​នូវ​ការហាមឃាត់​ជំនួញ​សាច់សត្វ​ឆ្កែ​នេះ​នៅតាម​បណ្តា​ខេត្ត​ដទៃទៀត​ដែរ​។ យ៉ាងណាក៏ដោយ  បើ​មានការ​ចូលរួម​យ៉ាងសកម្ម ពី​ប្រជាជន​កម្ពុជា​គ្រប់គ្នា ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​អនុម័ត​ចំណាត់ការ​ពេញលេញ​ការពារ​សត្វ​ចិញ្ចឹម​បែបនេះ​ទូទាំងប្រទេស និង ជំរុញ​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​មនុស្ស​ទូទៅ​ផង​ជាពិសេស​អ្នក​បរិភោគ​សាច់សត្វ​ឆ្កែនោះ យើង​ប្រាកដជា​អាច​សម្រេចបាន​លទ្ធផល​ឆាប់ៗ​មិន​ខាន។​
 
​ដូច្នេះ តើ​យើង​ម្នាក់ៗ ជា​ពលរដ្ឋ​អាចធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​រួមចំណែក​ជំរុញ​ការហាមឃាត់​នេះ​? 
 
​ដើម្បី​ឈានទៅ​បញ្ឈប់​ទាំងស្រុង​រាល់​ការជួញដូរ និង​បរិភោគ​សាច់សត្វ​ឆ្កែ​ប្រហែលជា​ចាំបាច់​ណាស់​ត្រូវ​មានការ​ផ្លាស់ប្តូរ​ផ្នត់គំនិត ក៏ដូចជា​ឥរិយាបថ​របស់​ពលរ​ដ្ឋ​យើង​មួយចំនួន រួម​ជាមួយនឹង​ការដាក់ចេញ បទបញ្ញត្តិ​ទូទៅ​ផង​។ ដូច្នេះ ខ្ញុំ​សូម​លើកឡើង​យោបល់​មួយចំនួន​ដើម្បី​ជា​គំនិត​ពិចារណា ដើម្បី​ឈានទៅ​កែប្រែ​សង្គម​របស់​យើង​រួមគ្នា ៖ 
 
​ចំណុច​ទីមួយ ដែល​យើង​គ្រប់គ្នា​ចាំបាច់​ត្រូវ​បន្តធ្វើ គឺ​ចូលរួម​ឃ្លាំមើល និង​ធ្វើជា​ភ្នែក​ជា​ច្រមុះ​គាំទ្រ​ដល់​ការអនុវត្ត​ច្បាប់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងការ​ហាមឃាត់​ជំនួញ និង​ការបរិភោគ​សាច់សត្វ​សុនខ​។ ថ្វីបើ​មានការ​ប្តេជ្ញាចិត្ត​អនុវត្ត​វិធានការ​តឹងរ៉ឹង​ពី​អាជ្ញាធរ​ខេត្តសៀមរាប​ក៏ពិតមែន​នៅពេលនេះ ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​នេះ​គឺ​នៅតែ​ពឹងផ្អែក​មួយផ្នែកធំ​លើ​ការចូលរួម​របស់​យើង​គ្រប់គ្នា​ជាពិសេស​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ប្រាកដ​ហើយ​ថា ការតាមដាន​និង​ឃ្លាំមើល​របស់​យើង នឹង​អាច​ធានាបាន​ថា ច្បាប់​ត្រូវបាន​អនុវត្ត​ត្រឹមត្រូវ ធានាបាន​នូវ​គណនីភាព មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព ហើយ​អ្នក​បំពាន​ច្បាប់​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​ដែរ​។ 
 
​ចំណុច​ទី​ពីរ​គឺ អ្នក​ចិញ្ចឹមសត្វ អ្នក​ស្រលាញ់​សត្វ និង​ប្រជាជន​ទូទៅ​គួរ​បន្តសកម្មភាព​ទ្រង់ទ្រាយ​តូច ឬ ទ្រង់ទ្រាយ​ធំក្តី ដើម្បី​លើកកម្ពស់​ចំណេះដឹង​ពីស​ត្វ​ចិញ្ចឹម និង​ការស្រលាញ់​សត្វ​តាម​បណ្តាញ​សង្គម និង​មធ្យោបាយ​ផ្សេងទៀត​។​ទាំងនេះ​អាច ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ការគិត  និង អាច​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ​របស់​ពលរ​ដ្ឋ​យើង​ផង​។​
 
​ចំណុច​ទី​បី​គឺ ការចូលរួម​ពី​បណ្តា​ក្រុម​អ្នកមាន​ឥទ្ធិពល​ក្នុងសង្គម​ក្នុង​សកម្មភាព​បំផុសគំនិត​ស្រលាញ់​សត្វ​ចិញ្ចឹម​និង​សត្វព្រៃ​គ្រប់​ប្រភេទ​។ បណ្តា​អ្នកមាន​ប្រជាប្រិយភាព ដូចជា បុគ្គល​សាធារណៈ​ក្តី តារា​ក្តី និង អ្នកមាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​បណ្តាញ​សង្គម​មានលទ្ធភាព​ច្រើន និង​អាចជា​គម្រូ​ល្អ​ដែល​រួមចំណែក​កែប្រែ​ការគិត​ជារួម ដោយសារ​ខ្លួន​មាន​អ្នកគាំទ្រ និង​មនុស្ស​ស្គាល់​ច្រើន​។ វា​ជា​រឿង​ដែល​ចៀស​មិន​ផុត​ទេ ដែល​រាល់​គំនិត និង​សកម្មភាព​របស់​ពួកគេ អាច​នឹងមាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​របស់​សាធារណជន​ទូទៅ​។ ដូច្នេះហើយ ខ្ញុំ​រំពឹង​យ៉ាង​មុតមាំ​ថា បុគ្គល​ទាំងនោះ​អាច​ពិចារណា​ចូលរួម​ឲ្យ​បាន​ទូលំទូលាយ និង​ជាប់លាប់​ក្នុង​យុទ្ធនាការ​មួយ​នេះ​។ 
 
​ចំណុច​ទី​បួន​គឺ វា​ដល់ពេល​ប្រជាជន​កម្ពុជា​ពួតដៃគ្នា​ជា​ចលនា​រួម ឬ​សហគមន៍​មួយ​ដើម្បី​ការពារ​សិទ្ធិ​សត្វ​ក្នុង​ក្របខណ្ឌ​ថ្នាក់ជាតិ​ដែល​អាចមាន​ភាពងាយស្រួល និង​មាន​ប្រសិទ្ធភាព​ក្នុងការ​តស៊ូ​មតិ​ផ្លូវច្បាប់​។ ក្រោម​យន្តការ​នេះ យើង​អាច​ជំរុញ​ឲ្យ​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​នានា​ចាប់ផ្តើម​គិតគូរ​ដាក់ចេញ​វិធានការ បញ្ឈប់​អាជីវកម្ម និង​ការបរិភោគ​សាច់សត្វ​ឆ្កែ​។ ជា​ការពិតហើយ រាល់​បំណង​ឈានទៅ​កែប្រែ​បញ្ហា​សង្គម​ណាមួយ វា​អាច​សម្រេចបាន​ផ្លែផ្កា​ទៅរួច​ដរាបណា យើង​អាច​កៀងគរ​បានការ​គាំទ្រ​ច្រើន និង​សំឡេង​រួម​តែមួយ​។ បន្ថែម​ពីនេះ វា​ជា​រឿង​ចាំបាច់​ផងដែរ ដែល​យើង​ត្រូវ​ផ្តល់​ការគាំទ្រ​ណាមួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រកប​របរ​រកស៊ី​លក់​សាច់សត្វ​នេះ​ដើម្បី​ទ្រទ្រង់​ជីវភាព​។ រាល់​ការផ្លាស់ប្តូរ​មុខរបរ អាចធ្វើ​ទៅបាន​ដរាបណា​ពួកគាត់​ជា​ពលរដ្ឋ​អាច​រក្សា​ប្រភព​ចំណូល និង​ធានាបាន​ថា ជីវភាព​របស់ខ្លួន​នឹង​អាច​រីកចម្រើន​ឡើង​។​
 
​ចុងក្រោយ គឺ​ការប្រើប្រាស់​សំឡេង​របស់​យើង​ក្នុងនាម​ជា​ពលរដ្ឋ​និយាយ​ជំទាស់​រាល់​ការ​ធ្វើទុក្ខបុកម្នេញ ក៏ដូចជា​ការសម្លាប់  និង​បរិភោគ​សាច់សត្វ​ទាំងនោះ​ក្នុង​រូបភាព​ណាក៏ដោយ​។ ក្នុងន័យនេះ យើង​ម្នាក់ៗ​អាច​ដើរតួ​ជា​អ្នក​នាំសារ និង​ជា​អ្នក​អប់រំ​ដល់​មិត្តភក្តិ បងប្អូន អ្នកជិតខាង ឬ​អ្នកភូមិផង​របង​ជាមួយ​ឲ្យ​បានដឹង ក៏ដូចជា​យល់​ពី​ភាពអវិជ្ជមាន​នៃ​ការបរិភោគ​សាច់សត្វ​ទាំងនោះ​។  សកម្មភាព​របស់​យើង នឹង​អាច​ដាស់តឿន​ឲ្យ​ពួកគេ​ពិចារណា​ឡើងវិញ​ពី​ទង្វើ​មិន​គប្បី​ទាក់ទិន​នឹង​សីលធម៌​សង្គម រួមជាមួយ​ហានិភ័យ​ដែល​កើតចេញពី​ទង្វើ​របស់ខ្លួន​ដែរ​។ 
 
​តាមពិតទៅ នៅក្នុង​សង្គម​យើង ការបរិភោគ​សាច់សត្វ​ឆ្កែ​ក្តី ឆ្មា​ក្តី ឬ​សត្វព្រៃ​ដទៃទៀត​ក្តី ភាគច្រើន​មិនមែន​កើតចេញពី​ភាពខ្វះខាត អត់ឃ្លាន និង​ក្រីក្រ​ឡើយ តែ​វា​ផ្តើមចេញពី​ទម្លាប់​របស់​មនុស្ស​មួយចំនួន ខ្លះ​មាន​ធនធាន ខ្លះ​មានចំណេះដឹង​ជ្រៅជ្រះ ខណៈ​ខ្លះ​មាន​តំណែង​ខ្ពង់ខ្ពស់​ទៅទៀត​។ ខ្លះ​មាន​ជំនឿ​មិន​សម​ហេតុផល​ថា​សាច់​សាច់​ទាំងនោះ​មាន​អត្ថប្រយោជន៍​វេជ្ជសាស្ត្រ ជួយ​ព្យាបាល​ជំងឺ ហើយ​ខ្លះទៀត​ចង់​ភ្លក់​រសជាតិ​សត្វ​ទាំងនោះ​ដើម្បី​ការកម្សាន្ត​របស់ខ្លួន​ប៉ុណ្ណោះ​។  
 
​ហេតុនេះហើយ ខ្ញុំ​យល់ថា ការបន្ត​សមគំនិត​ក្នុងនាម​ជា​អតិថិជន​ដែលជា​ដើមហេតុ​នៃ​ការបំផ្លាញ​ជីវិត​សត្វ ព្រោះតែ​ចំណង់ និង​ការសប្បាយ​ផ្ទាល់ខ្លួន​នេះ​ពុំគួរ​កើតមាន​បន្តទៀត​ទេ​។ ខ្ញុំ​នឹង​បន្ត​និយាយ​ពី​បញ្ហា​នេះ អ្នក​កំពុង​អាន​ក៏​អាច​ចាប់​ផ្តើមនិយាយ​ដូចគ្នា ហើយ​យើងទាំងអស់គ្នា​បន្តធ្វើ​សកម្មភាព​ទាំងនេះ​ដើម្បី​ធានាថា ការបរិភោគ និង​ជំនួញ​សាច់សត្វ​ឆ្កែ សត្វ​ឆ្មា និង​សត្វព្រៃ​ទូទៅ​នឹង​លែងមាន​ទៀត​ពេលខាងមុខ​។ ការកែប្រែ​បញ្ហា​សង្គម​ចាប់​ផ្តើមចេញពី​យើង​។ ដូច្នេះ​សូម​ចូលរួម​គ្នា​ដើម្បី​ភាពល្អប្រសើរ​នៃ​សង្គម​ទាំងមូល​៕  
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com