ជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ បង្កើតក្រុមការងារ ឲ្យចុះទៅស្រាវជ្រាវករណីទន្ទ្រានដីក្នុងតំបន់ការពារធម្មជាតិ នៅមណ្ឌលគិរី 23, Jul 2020 , 6:19 pm
សម្ដេច ស ខេង ក្នុងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃ (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
× ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្កើនក្រុមការងារអន្តរក្រសួង ចុះសិក្សាស្រាវជ្រាវលើករណីទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៅខេត្តមណ្ឌលគិរី ដើម្បីប្រមូលឯកសារនិងភស្ភុតាងនានា ពាក់ព័ន្ធជាមួយមន្រី្តនិងអ្នកពាក់ព័ន្ធសកម្មភាពផ្សេងៗ។
សេចក្ដីសម្រេចរបស់សម្ដេច ស ខេង ចេញនៅចុះថ្ងៃទី២២ ខែកក្កដា បានឲ្យដឹងថា ក្រុមការងារអន្តរក្រសួងនេះ មានសមាសភាពចូលរួមមកពីក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធាននៃក្រុមក្រុមការងារអន្តរក្រសួងនេះ ហើយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការបរិស្ថាន ជាអនុប្រធាន រួមជាមូយសមាជិក១១នាក់ទៀត។
សេចក្តីសម្រេច កំណត់តួនាទីភារកិច្ចថា ក្រុមការងារនេះ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ដើម្បីចុះស្រាវជ្រាវឯកសារនិងភស្តុតាង ហើយរៀបចំរបាយការន៍ជូនដល់រដ្ឋមន្ត្រីមហាផ្ទៃ។
ថ្មីៗនេះ សម្ដេច ហ៊ុន សែន បញ្ជាឲ្យក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង ក្រសួងដែនដី ដោះស្រាយបញ្ហាដីដល់ពលរដ្ឋដែលមានទីតាំងនៅលើដីព្រៃឬតំបន់ការពារ ហើយបើពលរដ្ឋណាមានទីលំនៅរយៈយូរឆ្នាំ (អាចពេល១០ទៅ២០ឆ្នាំ) ត្រូវកាត់ឆ្វៀលដីនោះឲ្យពួកគាត់។ ទទ្ទឹមនឹង ប្រមុខរដ្ឋពលរដ្ឋ ក៏បញ្ជាឲ្យចាត់វិធានការលើមន្ត្រីនិងបុគ្គលណា ដែលរំលោភបំពានដីរដ្ឋឬដីរបស់ពលរដ្ឋដែរ៕
Tag:
មណ្ឌគិរី
ដីធ្លី
តំបន់ការពារធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com