COVID-19
អន្តរជាតិ
កូរ៉េខាងជើង ប្រកាសអាសន្ន​ខ្ពស់បំផុត ក្រោយ​មាន​ករណី​សង្ស័យ COVID-19 ចូល​ពី​កូរ៉េខាងត្បូង​
26, Jul 2020 , 9:51 am        
រូបភាព
លោក គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយបក្សពលករកូរ៉េ ក្រោយការមានករណីសង្ស័យជំងឺ COVID-19 ។ រូបភាព KCNA
លោក គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយបក្សពលករកូរ៉េ ក្រោយការមានករណីសង្ស័យជំងឺ COVID-19 ។ រូបភាព KCNA
​កូរ៉េខាងជើង បាន​ដាក់ចេញ​កម្រិត​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត និង​អនុវត្ត​ប្រព័ន្ធ​ភាពអាសន្ន​អតិបរមា ក្រោយ​មាន​ករណី​សង្ស័យ​ជំងឺ COVID-19 លើ​ជនជាតិ​កូរ៉េខាងជើង​ម្នាក់​ដែល​ត្រឡប់​ពី​កូរ៉េខាងត្បូង​វិញ​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​នៅ​ថ្ងៃទី​២៦ ខែកក្កដា ថា ការសម្រេច​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កម្រិត​ខ្ពស់​មួយ​។ ទីក្រុង Kaesong ទី​ដែល​រកឃើញ​ករណី​សង្ស័យ ត្រូវបាន​បិទ ហើយ​អ្នកពាក់ព័ន្ធ​ទាំងអស់ ស្ថិតក្រោម​ការត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​។
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​កោះប្រជុំ​បន្ទាន់​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​ពលករ​កូរ៉េ​។ ទីភ្នាក់ងារ​ព័ត៌មាន​នេះ មិនបាន​បញ្ជាក់​កាលបរិច្ឆេទ​ប្រជុំ​ឡើយ តែ​ជាធម្មតា សកម្មភាព​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង តែង​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​បន្ទាប់​។​
 
​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោយ​ការ​សេចក្ដីរាយការណ៍​ករណី​សង្ស័យ​ជំងឺ COVID-19 លើ​ជនជាតិ​កូរ៉េខាងជើង​ដែល​រត់​ចូល​ពី​កូរ៉េខាងត្បូង​។ បើតាម KCNA បុរស​កូរ៉េខាងជើង បាន​ឆ្លង​ព្រំដែន​អន្តរ​កូរ៉េ​ដ៏​គ្រោះថ្នាក់​នៅ​ថ្ងៃទី​១៩ ខែកក្កដា បន្ទាប់ពី​រត់​ភៀសខ្លួន​អស់បី​ឆ្នាំ​។ ប៉ុន្តែ​នៅ​កូរ៉េខាងត្បូង​វិញ គេ​មិនឃើញ​ការរាយការណ៍​ពី​ករណី​ឆ្លងដែន​នេះឡើយ​។ រូបគេ​មាន​អាការ​សង្ស័យ ក្រោយ​ការត្រួតពិនិត្យ​ប្រព័ន្ធ​ដង្ហើម និង​ឈាម​បង្ហាញ​ពី​លទ្ធផល​មិន​ច្បាស់ ដែល​អាច​ចាត់ទុកជា​ករណី​សង្ស័យ COVID-19​។​
 
KCNA ផ្សាយ​ថា កិច្ចប្រជុំ​ការិយាល័យ​នយោបាយ បានអនុម័ត​ការប្រកាសអាសន្ន​ខ្ពស់បំផុត​។ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ហៅ​ករណីនេះ ជា​ស្ថានការណ៍​ដ៏​សំខាន់ បើទោះជា​កូរ៉េខាងជើង​បាន​អនុវត្ត​វិធានការ​ដ៏​ខ្លាំងក្លា​អស់​រយៈពេល​៦​ខែ​ទៅហើយ​ក្ដី​។ លោក គីម ក៏បាន​បញ្ជា​ឲ្យ​មន្ត្រី​ចាត់វិធានការ​បន្ថែមទៀត​នៅ​ទីក្រុង Kaesong ឲ្យ​បាន​រហ័ស សំដៅ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ផ្លូវដង្ហើម​មួយ​នេះ​។  
 
«​ដើម្បី​ដោះស្រាយ​បញ្ហា​បច្ចុប្បន្ន លោក គីម បានប្រកាស​ភាពអាសន្ន​នៅ​តំបន់​ពាក់ព័ន្ធ និង​បញ្ជាក់​ពី​ជំហរ​របស់​គណៈ​មជ្ឈិមបក្ស​ក្នុងការ​ដំឡើង​កម្រិត​អាសន្ន​ប្រឆាំង​ជំងឺឆ្លង​ទៅជា​ប្រព័ន្ធ​ភាពអាសន្ន​អតិបរមា និង​ដាក់ចេញ​ប្រព័ន្ធ​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់បំផុត​។​» នេះ​បើតាម​ការផ្សាយ​របស់ KCNA ដែល​បន្ថែមថា Kaesong ត្រូវបាន​បិទ ហើយ​អ្នក​ដែលមាន​ទំនាក់ទំនង​ជាមួយ​ករ​ណី​សង្ស័យ ត្រូវ​ស្ថិតក្រោម​ការស៊ើបអង្កេត ដាក់​នៅ​ដោយឡែក និង​ស្ថិតក្រោម​ការតាមដាន​សុខាភិបាល​។​
 
​បើតាម​ត្រូវបាន​បញ្ជាក់​មែន​នោះ នេះ​ជា​ករណី​ឆ្លង​ទីមួយ​នៅ​កូរ៉េខាងជើង​។ ក្រោយ​ការផ្ទុះ​ករណី​ឆ្លង​នៅ​ចិន កូរ៉េខាងជើង​បាន​បិទ​ព្រំដែន និង​ការធ្វើដំណើរ​ស្ទើរ​ទាំងស្រុង និង​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​ដ៏​តឹងតែង​បំផុត​ផងដែរ​។ លោក គីម ហាក់​ខកចិត្ត ដោយ​និយាយថា រឿង​បែបនេះ​បែរជា​អាច​កើតឡើង បើទោះជា​ប្រទេស​លោក​ចាត់វិធានការ​ដាច់​ណាត់​ក្ដី​។​
 
​ខណៈ​កូរ៉េខាងជើង អះអាងថា ខ្លួន​មិនមាន​ករណី​ឆ្លង​សូម្បី​តែមួយ នៅពេលដែល​កូរ៉េខាងត្បូង ចិន និង​រុស្ស៊ី មាន​ការឆ្លង​រាប់ម៉ឺន​នោះ ការសង្ស័យ​នៅតែមាន​ថា COVID-19 បាន​ឆ្លង​នៅ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះហើយ​៕

Tag:
 កូរ៉េខាងជើង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com