ជាតិ
ខេត្តកណ្ដាល ដាក់ដំណើរការផ្សារចុងសប្ដាហ៍ ដើម្បីលើកកម្ពស់ផលកសិកម្មសុវត្ថិភាព 26, Jul 2020 , 3:22 pm
![ផ្សារចុងសប្ដាហ៍ខេត្តកណ្ដាល](https://image.thmeythmey.com/pictures/2020/07/26/thumb2/front_______________________________________________________________________________.jpg)
ផ្សារចុងសប្ដាហ៍ខេត្តកណ្ដាល
×![]()
ផ្សារចុងសប្ដាហ៍ខេត្តកណ្ដាល ត្រូវបានដាក់ដំណើរការ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។ ផ្សារនេះ មានទីតាំងនៅជុំវិញមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល និងបើកលក់ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។ រដ្ឋបាលខេត្តកណ្ដាល បានស្រង់សម្តីប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល លោក អោម ប៊ុនធឿន ដែលថ្លែងក្នុងពិធីនេះថា ផ្សារចុងសប្ដាហ៍ មានលក់កសិផលកសិកម្ម របស់កសិករជាច្រើនមុខ ដូចជាបន្លែសរីរាង្គ បន្លែសុវត្ថិភាព សាច់មាន់ស្រែ ពងមាន់ ត្រី សាច់ និងអង្ករប្រណិត ដែលសុទ្ធតែបានឆ្លងកាត់មន្ទីរពិសោធរបស់មន្ទីរកសិកម្ម និងធានាបាននូវមសុវត្ថិភាព និងគុណភាព។
លោកស្រី ហ៊ុន កុសនីអភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ក្នុងពិធីដាក់ដំណើរការផ្សារថា ការចូលរួមគាំទ្រ និងទិញផលិតផលពីផ្សារចុងសប្ដាហ៍ គឺជាការរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករក្នុងស្រុក និងជំរុញការវិនិយោគលើទីផ្សារកសិកម្មខ្នាតតូចផង។ មិនតែប៉ុណ្ណោះអតិថិជន ក៏នឹងទទួលបានសុខភាពល្អ តាមការបរិភោគបន្លែ ត្រី សាច់ដេលមានគុណភាព និងសុវត្ថិភាព ដែលដាក់លក់ក្នុងតម្លៃសមរម្យនៅផ្សារចុងសប្តាហ៍នេះ។
សម្រាប់លោក ចាន់ សុខទី អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស និងជាប្រធានគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច (AIMS) ផ្សារចុងសប្តាហ៍ មិនត្រឹមជាឱកាសដល់អតិថិជន បានទទួលផលិតផលបន្លែ សាច់ដែលមានគុណភាពខ្ពស់ និងសុវត្ថិនោះទេ វាបានបង្កើតជំនឿចិត្តរវាងអ្នកលក់ និងទិញផងដែរ៕
![](https://image.thmeythmey.com/pictures/2020/07/26/a4.jpg)
លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាលក្នុងពិធីសម្ពោធផ្សារចុងសប្ដាហ៍ខេត្តកណ្ដាលនៅថ្ងៃទី ២៥ កក្កដា ២០២០
© រក្សាសិទ្ធិដោយ thmeythmey.com