COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង មិនជឿការអះអាងរបស់កូរ៉េខាងជើងដែលថា អ្នកភៀសខ្លួនម្នាក់អាចមាន COVID-19 27, Jul 2020 , 11:59 pm
ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងកិច្ចប្រជុំការិយាល័យនយោបាយបក្សពលករកូរ៉េ ក្រោយមានសេចក្ដីរាយការណ៍ករណីសង្ស័យជំងឺ COVID-19 ក្នុងប្រទេស។ រូបភាព KCNA
× កូរ៉េខាងត្បូង បានបង្ហាញការសង្ស័យចំពោះការអះអាងរបស់ទីក្រុងព្យុងយ៉ាងពាក់ព័ន្ធករណីជនជាតិកូរ៉េខាងជើងម្នាក់ដែលរត់គេចទៅកូរ៉េខាងជើងវិញ ហើយកំពុងត្រូវសង្ស័យថា មានផ្ទុកជំងឺ COVID-19 ។ មន្ត្រីទីក្រុងសេអ៊ូល និយាយនៅថ្ងៃទី២៧ ខែកក្កដា បុរសកូរ៉េខាងជើងនោះ មិនមានលទ្ធផលវិជ្ជមានជំងឺនេះឡើយ ហើយក៏មិនប៉ះពាល់អ្នកមានជំងឺនេះដែរ។ អ្នកវិភាគខ្លះជឿថា កូរ៉េខាងជើងកំពុងរុញកំហុសឲ្យកូរ៉េខាងត្បូងពីអ្វីដែលកើតឡើងក្នុងប្រទេសខ្លួន។
ករណីបុរសកូរ៉េខាងជើងម្នាក់ដែលរត់ពីកូរ៉េខាងត្បូងទៅស្រុកទេសវិញហើយជាប់សង្ស័យថា មានផ្ទុកជំងឺ COVID-19 ក្លាយជាប្រធានក្ដៅទាំងនៅកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាង បានប្រកាសអាសន្នកម្រិតខ្ពស់ និងបិទទីក្រុង Kaesong ទីដែលបុរសកូរ៉េខាងជើងមានត្រកូល គីម បានទៅដល់ក្រោយលួចឆ្លងព្រំដែនខណ្ឌចែកឧបទ្វីបកូរ៉េនៅថ្ងៃទី១៩ ខែកក្កដាកន្លងទៅ។ រូបគេមានរោគសញ្ញាជំងឺផ្លូវដង្ហើមផងដែរ។
យ៉ាងណាមិញ ទីក្រុងសេអ៊ូល បានបង្ហាញការសង្ស័យចំពោះរបាយការណ៍របស់កូរ៉េខាងជើង។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap មន្ត្រីសុខាភិបាលកូរ៉េខាងជើងលើកឡើងថា បុរសដែលមានវ័យ២៤ឆ្នាំរូបនេះ ទំនងជាមិនអាចឆ្លង COVID-19 នៅកូរ៉េខាងត្បូងឡើយ។ លោក Yoon Tae-ho មន្ត្រីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង និយាយថា ជនភៀសខ្លួនកូរ៉េខាងជើងម្នាក់នេះ មិនមានឈ្មោះក្នុងបញ្ជីអ្នកជំងឺ ឬក៏ស្ថិតក្នុងក្រុមអ្នកប៉ះពាល់អ្នកជំងឺដែរ។
មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងរូបនេះបន្តថា មជ្ឈមណ្ឌលរបស់លោកបានធ្វើតេស្តរក COVID-19 លើមនុស្សពីរនាក់ដែលមានទំនាក់ទំនងជិតសិ្នទ្ធនឹងជនជាតិកូរ៉េខាងជើងខាងលើ។ ប៉ុន្តែលទ្ធផលចេញមកអវិជ្ជមាន។
ទាក់ទងការរត់គេចរបស់បុរសខាងលើ មន្ត្រីយោធាកូរ៉េខាងត្បូង បញ្ជាក់ថា រូបគេទំនងជាហែលទឹកឆ្លងព្រំដែនភាគខាងលិចនៃកោះ Gwanghwa ចូលទឹកដីកូរ៉េខាងជើងវិញ បន្ទាប់ពីលូនតាមលូក្រោមរបងលួសព្រំដែន ដើម្បីគេចពីភ្នែកយោធាកូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូង រងការរិះគន់ខ្លាំងចំពោះការធ្វេសប្រហែសនេះ។ បីឆ្នាំមុន ពេលរត់ភៀសខ្លួនចូលកូរ៉េខាងត្បូង បុរសកូរ៉េខាងជើងរូបនេះ ក៏ហែលទឹកដូចគ្នាដែរ។
ជាមួយនឹងការប្រកាសរបស់ទីក្រុងព្យុងយ៉ាង អ្នកវិភាគខ្លះយល់ថា រដ្ឋកុម្មុយនីស្តមួយនេះ ចង់ទម្លាក់កំហុសឲ្យកូរ៉េខាងត្បូងក្នុងករណីមានការឆ្លង COVID-19 មែននោះ ជាជាងចង្អុលមុខចិន។ អ្នកស្រី Rachel Lee អតីតអ្នកវិភាគបញ្ហាកូរ៉េខាងជើងរបស់រដ្ឋាភិបាលអាមេរិកប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា កូរ៉េខាងជើងយកករណីនេះ ដើម្បីរុញការទទួលខុសត្រូវឲ្យសេអ៊ូលចំពោះការរាលដាល COVID-19 ដែលទំនងជាមានរួចហើយ ឬក៏ការផ្ទុះជំងឺនេះនៅថ្ងៃខាងមុខ។
លើសពីនោះ កូរ៉េខាងជើង ក៏ទំនងជាចង់បានជំនួយពីកូរ៉េខាងត្បូង ជាមួយនឹងការប្រកាសករណីនាំចូលពីអ្នកជិតខាងមួយនេះ។ នេះជាការយល់ឃើញរបស់ Kim Yong-hyun សាស្ត្រាចារ្យនៅសាកវិទ្យាល័យ Dongguk របស់កូរ៉េខាងត្បូង៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com