ភ្នំពេញ៖ កម្មករ បម្រោការងារនៅរោងចក្រ វ៉ាយអូលែត (VIOLET APPAREL CAMBODIA CO,.LTD.) កំពុងទន្ទឹងរង់ចាំការជួយអន្តរាគមន៍ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីយកញត្តិទៅដាក់ខុទ្ទកាល័យសម្ដេច ខណៈពួកគាត់ គ្មានការងារធ្វើ ហើយភាគច្រើនសុទ្ធតែអ្នកមានវ័យចំណាស់។
នៅព្រឹកថ្ងៃទី២៩ ខែកក្កដាម្សិលមិញ កម្មករបានដាក់ញត្តិជូនសម្ដេច ហ៊ុន សែន ដើម្បីសុំឲ្យជួយដោះស្រាយ ឲ្យថៅកែរោងចក្រទូទាត់ប្រាក់សំណងអតីតភាពការងារ ប្រាក់ជូនដំណឹង ប្រាក់បំណាច់ឆ្នាំ ប្រាក់ខែចុងក្រោយ និង អត្ថប្រយោជន៍ផ្សេងទៀតតាមផ្លូវច្បាប់ បន្ទាប់ពីរោងចក្របិទទ្វារកាលពីថ្ងៃទី១ខែកក្កដា។ លើសពីនេះ ពួកគាត់ គឺស្នើឲ្យក្រសួងការងារលុបចោលសេចក្ដីបំភ្លឺរបស់ប្រធាននាយកដ្ឋានអធិការកិច្ចការងារដែលកាត់អត្ថប្រយោជន៍២ចំណុចចេញ គឺប្រាក់សងជំងឺចិត្តនិងប្រាក់ជូនដំណឹងពីការបិទរោងចក្រ។
លោកស្រី អ៊ុង ចាន់ធឿន តំណាងកម្មករវ៉ាយអូលែត អះអាង ក្រុមកម្មករ កំពុងទន្ទឹងចាំការឆ្លើយតបពីខាងខុទ្ទកាល័យសម្ដេច ដែលបានសន្យាថាពីរថ្ងៃទៀតនឹងឆ្លើយតបវិញ លើញត្តិដែលបានដាក់ទៅ។ លោកស្រីថ្លែងថា៖«ពេលយកញត្តិទៅដាក់ អ្នកនៅខុទ្ទកាល័យ សម្ដេច បានឲ្យតំណាងចូលជួបប្រមាណ២ម៉ោង បានរៀបចំឲ្យពួកខ្ញុំសរសេរបែបបទឲ្យត្រូវតាមនីតិវិធីឡើយវិញ ហើយសន្យាពីរថ្ងៃទៀត នឹងឆ្លើយតបវិញ។ ខ្ញុំសង្ឃឹមថានឹងទទួលបានការដោះស្រាយសមស្របតាមច្បាប់ការងារដល់ក្រុមកម្មករពួកខ្ញុំ»។
លោកស្រីបន្ថែមថា ថ្នាក់ដឹកនាំរដ្ឋាភិបាល ប្រហែលជាមើលឃើញពីទុកលំបាករបស់កម្មករហើយ ទើបការដាក់ញត្តិលើកនេះ គ្មានការរារាំងដូចកាលពីសប្ដាហ៍មុន។
ការប្រមូលផ្ដុំគ្នាទាមទារសុំឲ្យមានកិច្ចអន្តរាគមន៍លើវិវាទរបស់កម្មកររោងចក្រវ៉ាយអូលែតនិងថៅកែនេះ គឺជាលើកទី៤ហើយ ប្រសិនបើគ្មានដំណោះស្រាយសមស្របទេ លោកស្រីចាន់ធឿន អះអាងថា ក្រុមកម្មករនឹងបន្តការទាមទារទៀត។ ប៉ុន្តែ លោកស្រី មិនទាន់លម្អិតថា នឹងត្រូវធ្វើបែបណានោះទេ ដោយរង់ចាំពិភាក្សាបន្ត។
រោងចក្រវ៉ាយអូលែតមានកម្មករជាង១ពាន់នាក់ ហើយភាគច្រើនបានធ្វើការងារនៅទីនោះអស់រយៈពេលជាង១០ឆ្នាំហើយ។ មកដល់ពេលនេះ ពួកគេមានវ័យជាង៣០ទៅ៤០ឆ្នាំ ដែលពិកបាករកការងារថ្មីធ្វើណាស់ ខណៈម្ចាស់រោងកច្រមិនបានទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់ពួកគាត់ សម្រាប់ជាដើមទុននិងទ្រទ្រង់ជីវភាពនៅអំឡុងពេលខ្វះខាត។ នេះបើតាមបញ្ជាក់របស់លោកស្រី ចាន់ធឿន ដដែល ដោយលោកស្រី បន្ថែមថា៖ «ខ្ញុំផ្ទាល់អាយុជាង៤០ឆ្នាំ កំពុងគ្មានការងារធ្វើ ហើយអ្នកផ្សេងទៀតជិត២០ភាគរយប៉ុណ្ណោះ បានដើរធ្វើការស៊ីថ្ងៃ តាមរោងចក្រផ្សេង ព្រោះការធ្វើការគិតថ្ងៃនេះ មិនគិតអាយុ ដែលអាចឲ្យអ្នកមានវ័យជិត៤០ឬជាង៤០ឆ្នាំធ្វើការបាន ប៉ុន្តែមិនគិតប្រាក់អត្ថប្រយោជន៍ផ្សេងៗឲ្យឡើយ»។
ប្រធានរដ្ឋបាលនៃរោងចក្រវ៉ាយអូលែត លោក ប៉ូល សំណាង ប្រាប់សារព័ត៌មានថ្មីៗថា ភាគីរោងចក្របានទូទាត់ប្រាក់អត្ថប្រយោជន៍តាមផ្លូវច្បាប់ឲ្យកម្មកររួមហើយ ប៉ុន្តែមានតែកម្មករជាង៨០០នាក់ ដែលទទួលយកសំណង ហើយនៅសល់ប្រមាណ៤០០នាក់មិនឃើញមកទទួលសំណង។ លោកបញ្ជាក់ថា ប្រាក់អត្ថប្រយោជន៍ដែលភាគីរោងចក្រទូទាត់ឲ្យតាមច្បាប់រួមមានប្រាក់អតីតភាពការងារ ប្រាក់បំណាច់ប្រចាំឆ្នាំ ប្រាក់ខែចុងក្រោយ និងសម្រាប់អ្នកមានផ្ទៃពោះ។
លោក សង្កត់ធ្ងន់ថា៖«កន្លងមកក្រសួងចេញបំភ្លឺថា ប្រាក់សងជំងឺចិត្តនិងប្រាក់ជូនដំណឹង មិនតម្រូវឲ្យភាគីរោចក្រទូទាត់ប្រាក់នេះឡើយ បន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ចណាមួយក្នុងរោងចក្រ។ អ៊ីចឹងយើង បានអនុវត្តតាមក្រសួង ហើយកម្មករ៨០០នាក់ហើយ ដែលបានមកបើកប្រាក់»។
ប៉ុន្តែតំណាងកម្មករ លោកស្រី ចាន់ធឿន អះអាងដូចគ្នាដែរថា ក្រុមកម្មករខ្លួនប្រមាណ៨០០នាក់ មិនទាន់ទទួលបានប្រាក់អត្ថប្រយោជន៍ឡើយ ហើយសុំឲ្យភាគីរោងចក្របង្ហាញពីឯកសារច្បាស់លាស់ឬឈ្មោះដែលទទួលបានប្រាក់។ លោកស្រីថ្លែងថា៖«អ្នកចូលរួមដាក់ញត្តិកន្លងមកមានប្រមាណ៨០០នាក់ មកដល់ពេលនេះ អ្នកស្រីមិនទាន់ទទួលដំណឹងថា អ្នកទាំងនោះទទួលបានប្រាក់នេះឡើយ ហើយក្រុមទាមទាររបស់ខ្ញុំក៏មិនព្រមទទួលសំណងដែលភាគីរោងចក្រផ្ដល់ឲ្យដែរ ព្រោះមិនគ្រប់លក្ខខណ្ឌ»។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាយល់ថា ប្រធាននាយកដ្ឋានអធិការកិច្ចការងារ ធ្វើហួសតួនាទីបានបកស្រាយច្បាប់តាមចិត្ត ហើយឲ្យនិយោជកយកធ្វើជាគោល បណ្ដាលឲ្យខាតប្រយោជន៍កម្មករ។ តំណាងសហជីពរូបនេះ សង្ឃឹមថាកម្មករនឹងទទួលបានការជួយដោះស្រាយពីសម្ដេច ហ៊ុន សែន។ ប៉ុន្តែបើគ្មានការអន្តរាគមន៍ឬការឆ្លើយតបមិនសមស្រប មេសហជីពរូបនេះ នឹងស្នើដល់អ្នកបញ្ជាទិញឲ្យជួយអន្តរាគមន៍។ លើសពីនេះ មេសហជីព អះអាងថា ពួកគេ នឹងពិភាក្សាជាមួយកម្មករធ្វើសកម្មភាពផ្សេងទៀត ដើម្បីទាមទារអត្ថប្រយោជន៍តាមផ្លូវច្បាប់ជូនកម្មករ។
រោងចក្រវ៉ាយអូលែតស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានថៅកែជាជនជាតិចិន។ កន្លងមករោងចក្រនេះ កាត់ដេរសំលៀកបំពាក់ឱ្យយីហោម៉ាក Nike, Matalan, Carther និង C&A។ រោងចក្រនេះបានព្យួរការងារកម្មករ ២ខែ គឺនៅខែឧសភា និងមិថុនា។ នៅថ្ងៃទី១ កក្កដា ដល់ថ្ងៃចូលធ្វើការក៏ត្រូវតំណាងថៅកែរោងចក្រប្រាប់ថា ក្ស័យធនបណ្ដាលមកពីវិបត្តិជំងឺកូវីដ-១៩។ ថៅកែរោចក្រមិនបានទូទាត់ប្រាក់អត្ថប្រយោជន៍គ្រប់ចំនួនតាមច្បាប់ការងារឲ្យកម្មករឡើយ ទើបបណ្ដាលឲ្យក្រុមកម្មករផ្ទុះការតវ៉ាចាប់តាំងពីថ្ងៃទី១កក្កដា ស្នើឲ្យមានដំណោះស្រាយដល់បច្ចុប្បន្ន៕