ជាតិ
កសិករនៅគងពិសី រំពឹងជោគជ័យលើរបរចិញ្ចឹមបង្កងធម្មជាតិលើកដំបូង 30, Jul 2020 , 11:59 pm
![](https://image.thmeythmey.com/pictures/2020/07/30/thumb2/30720201705front.jpg)
×![]()
លោក ជា អឿន ជាកសិករ រស់នៅភូមិត្រាំរនាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុង ចិញ្ចឹមបង្កងធម្មជាតិសាកល្បង ជាង៧ម៉ឺនក្បាល ដែលមានអាចចិញ្ចឹមចំនួន៣។ កសិកររូបនេះ ជឿថាការចិញ្ចឹមបង្កងរបស់ខ្លួន នឹងទទួលបានជោគជ័យ ដោយសារតែលោកទទួលចំណេះដឹងយ៉ាងច្រើនពីបច្ចេកទេសចិញ្ចឹម មុនចាប់ផ្តើមការងារនេះ។
លោក ចែម ភឺនរីមវុទ្ធី អភិបាលស្រុកគងពិសី បានចុះពិនិត្យទីតាំងការចិញ្ចឹមបង្កងធម្មជាតិលក្ខណៈគ្រួសារនេះ កាលពីពេលថ្មីៗនេះ។ បើតាមរដ្ឋបាលស្រុកគងពិសី ចុះផ្សាយនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០។
នាយរងការិយាល័យស្រុកគងពិសី បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា អភិបាលស្រុកគងពិសី បានជំរុញឲ្រពលរដ្ឋផ្សេងទៀត បង្កើនការចិញ្ចឹមបង្កងផងដែរ ហើយស្រុក អាចជួយចងក្រងសហគមន៍កសិកម្ម ដូចជាសហគមន៍បន្លែ និងការចិញ្ចឹមសត្វដែរ ដើម្បីផ្ដល់ដើមទុន បង្រៀនពីបច្ចេកទេសចិញ្ចឹមបង្កងដល់កសិករ រួមទាំងការរកទីផ្សារផងដែរ។
![](https://image.thmeythmey.com/pictures/2020/07/30/thumb2/lobster__1_.jpg)
បង្កងក្នុងខេត្តកំពង់ស្ពឺ
បើតាមរបាយការណ៍កសិកម្មខេត្តកំពង់ស្ពឺ លើវិស័យវារីវប្បកម្ម ខេត្តមានសហគមន៍ស្រះជម្រកត្រីធម្មជាតិចំនួន ៧៣កន្លែង និងបឹងធម្មជាតិចំនួន ៦កន្លែង ស្ថានីយ៍ផលិតកូនត្រីពូជចំនួន ៣កន្លែង បានដំណើរការផលិតកូនត្រីពូជ ៧ប្រភេទ (ឆ្ពិន ទីឡាព្យា កាបឥណ្ឌា កាបសាមញ្ញ កាបស អណ្តែង និងប្រា) សរុបចំនួន ៦១៣.០០០ក្បាល ក្នុងនោះបានលក់កូនត្រីពូជជូនកសិករចិញ្ចឹមចំនួន ១៦២ គ្រួសារ សរុបចំនួន ១៤៦.៥៥០ក្បាល៕
![](https://image.thmeythmey.com/pictures/2020/07/30/thumb2/lobster__2_.jpg)
លោក ចែម ភឺនរីមវុទ្ធី (បង់កកន្សែងពណ៌ខៀវ)អភិបាលស្រុកគងពិសីចុះពិនិត្យទីតាំងចិញ្ចឹមបង្កងក្នុងស្រុកគងពិសី
© រក្សាសិទ្ធិដោយ thmeythmey.com