COVID-19
អន្តរជាតិ
KCNA៖ កូរ៉េខាងជើង នៅតែ​ជា​ប្រទេស​គ្មាន COVID-19
30, Jul 2020 , 5:52 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​កូរ៉េខាងជើង នៅតែ​ជា​ប្រទេស​គ្មាន COVID-19​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA នៅ​ថ្ងៃទី​៣០ ខែកក្កដា បន្ទាប់ពី​កូរ៉េខាងជើង បាន​រាយការណ៍​ថា មាន​ករណី​សង្ស័យ​ផ្ទុក​កូ​រ៉ូ​ណាវី​រុស ១​ករណី​នៅ​កូរ៉េខាងជើង​។


​នាពេល​កន្លងមក កូរ៉េខាងជើង បាន​រាយការណ៍​ពី​ករណី​សង្ស័យ​ផ្ទុក COVID-19 មួយ​ករណី​។ ជនសង្ស័យ​ផ្ទុក COVID-19 នេះ គឺជា​ជនជាតិ​កូរ៉េខាងជើង ដែល​រត់គេចខ្លួន​ចេញពី​កូរ៉េខាងត្បូង ចូលមកក្នុង​ប្រទេស​វិញ​។ បន្ទាប់ពី​មាន​ករណី​សង្ស័យ កូរ៉េខាងជើង បាន​បិទ​ក្រុង Kaesong ដែល​នៅក្បែរ​ព្រំដែន​និង​ត្រួតពិនិត្យ​អ្នកពាក់ព័ន្ធ​យ៉ាង​តឹងរ៉ឹង​។ 
 
​ពាក់ព័ន្ធ​នឹង​ករណី​សង្ស័យ​នេះ ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​ចុះផ្សាយ​ថា កូរ៉េខាងជើង​គ្មាន​ករណី COVID-19 ឡើយ​។ បើទោះបីជា​គ្មាន​ករណី​ឆ្លង​មែន ប៉ុន្តែ​កូរ៉េខាងជើង នឹង​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ និង​ចាត់វិធានការ​ទប់ស្កាត់ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​បំផុត​។ 
 
​ចាប់តាំងពី​ផ្ទុះ​COVID-19 នៅ​ចុងឆ្នាំ​២០១៩ កូរ៉េខាងជើង គឺជា​ប្រទេស​តែមួយគត់ ដែលមាន​ព្រំដែន​ជាប់​ចិន មិនមាន​ករណី​COVID-19 នៅក្នុង​ប្រទេស​។ ចាប់តាំងពី​ខែមករា​កន្លងមក កូរ៉េខាងជើង បានប្រកាស​បិទ​ព្រំដែន មិន​ទទួល​ជនបរទេស​ទាំងអស់ ដើម្បី​ទប់ស្កាត់ និង​បង្ការ​COVID-19 ខណៈ​ប្រព័ន្ធ​សុខាភិបាល​ប្រទេសមួយ​នេះ ត្រូវ​មើលឃើញថា ទន់ខ្សោយ​ខ្លាំង​ដែល​មិនអាច​ទ្រាំទ្រ​នឹង​ការផ្ទុះ​ឡើង​ជំងឺ​ផ្លូវដង្ហើម​សាហាវ​បែបនេះ​ឡើយ​។ 
 
​សូមបញ្ជាក់ថា មន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង ក៏​ធ្លាប់​បានបញ្ជាក់​ផងដែរ​ថា ជនសង្ស័យ​ថា​ផ្ទុក​COVID-19 ម្នាក់​នោះ ទំនងជា​មិនមាន​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ឡើយ​។ លើសពីនេះ មនុស្ស​ចំនួន​ពីរ​នាក់ ដែល​ស្និត​នឹង​ជនភៀសខ្លួន​រូបនេះ ក៏ត្រូវ​បាន​គេ​ធ្វើតេស្ត​ចេញ​លទ្ធផល​អវិជ្ជមាន​ផងដែរ​៕ 
rn​

Tag:
 កូរ៉េខាងជើង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com