ជាតិ
ខួប១១ឆ្នាំ នៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់យូណេស្កូ 31, Jul 2020 , 9:51 am
![](https://image.thmeythmey.com/pictures/2020/07/31/thumb2/pokemon.jpg)
×![]()
ភ្នំពេញ៖ ថ្ងៃនេះ គឺជាខួប១១ឆ្នាំនៃការដាក់បញ្ចូលបណ្ណសារសារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោករបស់អង្គការយូណេស្កូ។
បណ្ណសារសារមន្ទីរទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅខែកុម្ភៈ ឆ្នាំ២០០៨ មុននឹងបន្តចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកថ្នាក់អន្តរជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០០៩។
បច្ចុប្បន្នសារមន្ទីរទួលស្លែង កំពុងអនុវត្តគម្រោងអភិរក្សនិងថតចម្លងឯកសារឌីជីថលជិត៥០០,០០០ទំព័រទៅក្នុងប្រព័ន្ធកុំព្យូរទ័រ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈអង្គការយូណេស្កូ។
ឯកសារទាំងនោះ រួមមាន ចម្លើយសារភាព ប្រវត្តិរូបអ្នកទោស រូបថត កំណត់ហេតុ ជាដើម។ ឯកសារប្រវត្តិសាស្ត្រជាទម្រង់អេឡិចត្រូនិកទាំងនេះ នឹងត្រូវរៀបចំដាក់ក្នុងវេបសាយ ដែលអនុញ្ញាត និងផ្តល់ភាពងាយស្រួលដល់ការស្រាវជ្រាវនានាទៀតផង។
ក្រុមការងារចម្រុះ ដែលមានសមាសភាពមកពីទីស្តីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការយូណេស្កូជាតិ ការិយាល័យយូណេស្កូភ្នំពេញ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ(នាយកដ្ឋានសារមន្ទីរនិងសារមន្ទីរទួលស្លែង) បានសហការគ្នា រៀបចំស្រាវជ្រាវ និងចងក្រងឯកសារស្នើសុំនេះឡើង៕
![](https://image.thmeythmey.com/pictures/2020/07/31/thumb2/116796748_3198365040211971_7532763943199578055_n.jpg)
© រក្សាសិទ្ធិដោយ thmeythmey.com