អន្តរជាតិ
លោក ឌូទើតេ ណែនាំប្រជាជនឲ្យយកប្រេងសាំងលាងសម្អាតម៉ាស់ លោកថាមិនមែនលេងសើចឡើយ 01, Aug 2020 , 3:57 pm
ប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ Reuters
× ប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី៣១ ខែកក្កដា បានលើកឡើងថា ប្រជាជនហ្វីលីពីន គួរតែប្រើប្រាស់ប្រេងសាំង ដើម្បីលាងសម្អាតម៉ាស់។ បើតាមការលើកឡើងរបស់ប្រធានាធិបតីរូបនេះ ការអះអាងរបស់លោក មិនមែនជារឿងលេងសើចឡើយ។
នាសប្តាហ៍មុន ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានលើកឡើងម្តងហើយពីការយកប្រេងសាំងមកលាងម៉ាស់ ប៉ុន្តែអ្នកនាំពាក្យរបស់លោក និយាយការពារថា ការនិយាយរបស់លោកឌូទើតេ គឺគ្រាន់តែជារឿងកំប្លែង ហើយថា លោកចូលចិត្តនិយាយលេងសើចបែបនេះនៅទីសាធារណៈ។
ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ លោកឌូទើតេ បានច្រានចោលការអះអាងរបស់អ្នកនាំពាក្យ និងបានសង្កត់ធ្ងន់ថា អ្វីដែលលោក បាននិយាយគឺជាការពិត។ «គ្រាន់តែទៅស្ថានីយប្រេងឥន្ធនៈ ហើយបន្តក់ប្រេងសាំងពីរបីតំណក់លើម៉ាស់។ នោះហើយ គឺជាការសម្លាប់មេរោគលើម៉ាស់»។ ប្រធានាធិបតីហ្វីលីពីន បានពន្យល់បែបនេះ ដោយបន្ថែមថា លោកមិនមែនលេងសើចទេ ហើយវាគឺជារឿងពិត។
ផ្ទុយពីការអះអាងរបស់លោកប្រធានាធិបតី អ្នកជំនាញវេជ្ជសាស្ត្រ បានណែនាំថា មិនគួរធ្វើបែបនេះឡើយ ព្រោះវាធ្វើឲ្យប៉ះពាល់សុខភាព និងប្រព័ន្ធផ្លូវដង្ហើម។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters លោក Jose Santiago ប្រធានសមាគមវេជ្ជសាស្ត្រហ្វីលីពីន បានពន្យល់ថា ប្រជាជន មិនគួរយកប្រេងសាំងលាងសម្អាតម៉ាស់ ដើម្បីសម្លាប់មេរោគ តាមណែនាំរបស់ប្រធានាធិបតីនោះទេ ព្រោះការធ្វើបែបនេះ អាចបង្កឲ្យប៉ះពាល់ និងនាំឲ្យមានជំងឺផ្លូវដង្ហើម។
ចំណែកសមាជិកព្រឹទ្ធសភាហ្វីលីពីន លោកស្រី Risa Hontiveros បានឌឺដងទៅប្រធានាធិបតី ក៏ដូចជាប្រាប់ទៅប្រជាជនថា៖ «កុំធ្វើបែបនេះ ពេលនៅផ្ទះ»។
តាមការណែនាំរបស់អ្នកជំនាញសុខភាព ប្រជាជនគួរតែប្រើប្រាស់សាប៊ូ និងទឹក ក្នុងការសម្អាតម៉ាស់ ដែលអាចប្រើប្រាស់បានម្តងទៀត។ ការសម្លាប់មេរោគ ដោយប្រើប្រាស់អាកុល ៧០ភាគរយ ក៏អាចលាងសម្អាតម៉ាស់ បានផងដែរ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៣១ ខែកក្កដា ហ្វីលីពីន មានករណីឆ្លងCOVID-19 សរុបចំនួន ៩៣៣៥៤ករណី អ្នកស្លាប់មានចំនួន២០២៣នាក់ និងអ្នកជាសះស្បើយមានចំនួន ៦៥១៧៨នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com