COVID-19
អន្តរជាតិ
ស្ត្រីវៀតណាម២នាក់ទៀតស្លាប់ដោយសារ COVID-19 ម្នាក់នៅដាណាង និងម្នាក់ទៀតនៅ Quang Nam 02, Aug 2020 , 2:18 pm
រូបភាព៖ VnExpress
× វៀតណាម នៅថ្ងៃទី២ ខែសីហា មានករណីស្លាប់ចំនួន ២ករណីបន្ថែមទៀត ដោយសារ COVID-19។ ករណីស្លាប់សរុបឡើងដល់ ៥ករណី ខណៈអ្នកឆ្លងកើនឡើងដល់ ៥៩០ករណី។
តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម អាជ្ញាធរសុខាភិបាល បានរាយការណ៍ថា មានករណីស្លាប់ចំនួនពីរករណីបន្ថែមទៀត។ អ្នកស្លាប់ទាំងពីរនាក់នេះ គឺជាអ្នកជំងឺទី៥២៤ និង ៤៧៥។
អ្នកជំងឺ៥២៤ គឺជាស្ត្រីវ័យ៨៦ឆ្នាំ ដែលរស់នៅខេត្ត Quang Nam មានជំងឺបេះដូង បញ្ហាតម្រង់នោម និងជំងឺផ្សេងទៀត។ ចំណែកអ្នកបាត់បង់ជីវិតមួយទៀត គឺជាស្ត្រីវ័យ៨៣ឆ្នាំ ដែលជាអ្នកជំងឺទី៤៧៥ និងរស់នៅក្នុងទីក្រុងដាណាង។
ស្ត្រីរូបនេះ ក៏មានជំងឺប្រចាំកាយផងដែរ ដូចជាជំងឺឈឺសន្លាក់ និងការវះកាត់ក្រពះ។ ស្ត្រីរូបនេះ មិនអាចដើរបានរយៈពេល ៦ឆ្នាំហើយ។ នៅថ្ងៃទី៣០ ខែកក្កដា ស្ត្រីរូបនេះ ត្រូវគេរកឃើញថា មានផ្ទុក COVID-19 និងបាត់បង់ជីវិត នៅថ្ងៃទី២ ខែសីហា។
សូមបញ្ជាក់ថា មកទល់ពេលនេះ អ្នកស្លាប់នៅវៀតណាម កើនឡើងដល់ ៥នាក់ ខណៈករណីឆ្លងមានចំនួន ៥៩០ករណី។ ចំណែកអ្នកជាសះស្បើយមានចំនួន ៣៧៣នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com