អន្តរជាតិ
អតីតសម្តេចប៉ាប បេណេឌីកទី១៦ ប្រឈួនធ្ងន់ធ្ងរ 03, Aug 2020 , 9:19 pm
អតីតសម្តេចប៉ាប បេណេឌីកទី១៦(Benedict XVI)។ រូបភាព៖ AFP
× អតីតសម្តេចប៉ាប បេណេឌីកទី១៦(Benedict XVI) បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីព្រះអង្គបានយាងទៅសួរសុខទុក្ខបងប្រុសរបស់ទ្រង់ នៅប្រទេសអាល្លឺម៉ង់ ដែលមានជំងឺកាលពីខែមិថុនាកន្លងទៅ។ បើតាមសារព័ត៌មានអាល្លឺម៉ង់ដែលស្រង់សម្ដីអតីតអ្នកសរសេរជីវប្រវត្តិរបស់ទ្រង់ នៅពេលនេះអតីតសម្តេចប៉ាប បេណេឌីកទី១៦ មានអាការៈទន់ខ្សោយខ្លាំង។
អតីតសម្តេចប៉ាប បេណេឌីកទី១៦ ដែលមានព្រះជន្មាយុ ៩៣ព្រះវស្សា កំពុងតែមានជំងឺសើស្បែក នៅលើមុខដែលបណ្តាលឲ្យមានកន្ទួល និងឈឺចាប់ធ្ងន់ធ្ងរ។ នេះជាការលើកឡើងរបស់លោក Peter Seewald ដែលជាអតីតអ្នកសសេរជីវប្រវត្តិរបស់ទ្រង់ ហើយត្រូវបានផ្សាយដោយកាសែតអាល្លឺម៉ង់ Passauer Neue Presse នៅថ្ងៃទី៣ ខែសីហា។
បើតាមទីភ្នាក់ងារព័ត៌មាន AFP ដែលស្រង់ព័ត៌មានពីកាសែតខាងលើ អាការរបស់អតីតសម្តេចប៉ាបនៅពេលនេះ មានសភាពទ្រុឌទ្រោមខ្លាំង។ លោក Seewald ដែលបានទៅសួរសុខទុក្ខអតីតសម្តេចប៉ាបកាលពីថ្ងៃទី១ សីហា និយាយថា ការគិត និងការចងចាំរបស់ទ្រង់នៅតែរហ័ស ប៉ុន្តែការនិយាយរបស់ទ្រង់នៅពេលនេះពិបាកស្តាប់ជាងមុន។
សារព័ត៌មានអាល្លឺម៉ង់បន្ថែមថា ក្នុងជំនួបនោះ អតីតសម្តេចប៉ាប និងបើទោះបីជាទ្រង់កំពុងមានជំងឺក៏ដោយ ក៏ទ្រង់បានលើកឡើងថានៅពេលទ្រង់មានកម្លាំងវិញ ទ្រង់ចាប់ផ្តើមកាន់សសេរឡើងវិញ។
សម្តេចប៉ាប បេណេឌីកទី១៦ឡើងកាន់តំណែងជាប្រមុខគ្រិស្តសាសនា និកាយកាតូលិក នៅបុរីវ៉ាទីកង់ នៅឆ្នាំ២០០៥ និងលាឈប់នៅឆ្នាំ២០១៣ គួរឲ្យភ្ញាក់ផ្អើល។ ការលាឈប់ដោយសារបញ្ហាសុខភាពរបស់ទ្រង់នៅឆ្នាំ២០១៣ គឺជារឿងដែលធ្វើឲ្យរញ្ជួយសហគមន៍គ្រិស្តសាសនាកាតូលិក ដ្បិតអីនេះជាការលាឈប់របស់សម្តេចប៉ាបលើកដំបូងក្នុងរយៈពេល៦០០ឆ្នាំចុងក្រោយ។
បច្ចុប្បន្នអតីតសម្តេចប៉ាប បេណេឌីកទី១៦ កំពុងរស់នៅក្នុងអតីតវិហារសាសនាមួយ ក្នុងបុរីវ៉ាទីកង់។ ក្រោយការលាឈប់របស់ទ្រង់ បព្វជិតគ្រិស្តសាសនាកាតូលិក បានជ្រើសយកសម្តេចប៉ាបហ្វ្រង់ស៊ីសដែលមាននិន្នាការកំណែទម្រង់មកដឹកនាំបុរីវ៉ាទីកង់៕
© រក្សាសិទ្ធិដោយ thmeythmey.com