COVID-19
អន្តរជាតិ
បងប្អូន​៤​នាក់​នៅ​ប៉េ​រូ​ឡើង​ចុះ​ភ្នំ​រៀងរាល់ថ្ងៃ​ដើម្បី​រក​កន្លែង​មាន​សេវា​រៀន​អន​ឡាញ​
05, Aug 2020 , 8:29 am        
រូបភាព
ពីឆ្វេងទៅស្តាំ Alvaro, Roxana និង Juan Carlos Cabrera រាវរកសេវាទូរសព្ទដើម្បីអាចសិក្សាអនឡាញ។ រូបថត AFP
ពីឆ្វេងទៅស្តាំ Alvaro, Roxana និង Juan Carlos Cabrera រាវរកសេវាទូរសព្ទដើម្បីអាចសិក្សាអនឡាញ។ រូបថត AFP
ដោយ: ធីតា
​ដើម្បី​អាច​សិក្សា​តាម​អន​ឡាញ នា​អំឡុង​វិបត្តិ COVID-19  កុមារ​៤​នាក់​ដែលជា​បងប្អូន​គ្នា​នៅ​ទីជនបទ​ក្នុងប្រទេស​ប៉េ​រូ នាំគ្នា​ឡើង​ចុះ​ភ្នំ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​រក​ទីតាំង​ដែលមាន​សេវា​ទូរ​សព្ទ​។ នេះ​បើតាម​ការផ្សាយ​របស់ AFP​។​
 
Roxana អាយុ​១៦​ឆ្នាំ​, Alberto អាយុ​១៥​ឆ្នាំ​, Juan Carlos អាយុ​១៣​ឆ្នាំ និង Alvara អាយុ​១០​ឆ្នាំ រស់នៅ​ស្រុក Manazo ខេត្ត Puno នា​តំបន់​ជួរ​ភ្នំ Andes ត្រូវ​បន្ត​ការសិក្សា​អន​ឡាញ​តាម​កម្មវិធី​ក្រសួង​អប់រំ​របស់​ប៉េ​រូ ប៉ុន្តែ​ផ្ទះ​របស់​ពួកគេ​ស្ថិតនៅ​តំបន់​ដាច់ស្រយាល និង​មិនមាន​សេវា​ទូរ​សព្ទ​នោះឡើយ ដូច្នេះ​ពួកគេ​ត្រូវ​ឡើង​ចុះ​ភ្នំ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ស្វែងរក​ទីតាំង​ដែលមាន​សេវា​។​


 អ្នកស្រី Raymunda Charca ជួយកូន​ៗរបស់ខ្លួន​សិក្សាអនឡាញពីកំពូលភ្នំ។ រូបថត AFP

​កុមារ​ទាំង​៤ សិក្សា​អន​ឡាញ តាមរយៈ​កម្មវិធី WhatsApp ជាមួយ​អ្នកគ្រូ​ឈ្មោះ Mery Quispe Achata ដែល​បង្រៀន​នៅ​សាលា​មួយ​ក្នុង​ឃុំ Canaviri​។ ជា​ទម្លាប់ អ្នកគ្រូ Mery បាន​បញ្ជូន​មេរៀន និង​លំ​ហាត់​ដល់​សិស្ស​ខ្លួន​នៅពេល​ព្រឹក ហើយ​នៅ​ទីតាំង​ដែលមាន​សេវា សិស្ស​ទាំងនោះ អាច​ឆ្លើយឆ្លង​ជាមួយ​គ្រូ​របស់ខ្លួន​បាន​។​
 
AFP មិនបាន​បញ្ជាក់ថា សិស្ស​ទាំង​៤​នោះ រៀន​នៅ​កម្រិតណា​នោះឡើយ ប៉ុន្តែ​ការសិក្សា​របស់​ពួកគេ មាន​ជំនួយ​ពី​សំណាក់​អ្នកស្រី Raymunda Charca ដែលជា​ម្តាយ​។ ស្ត្រី​វ័យ​៤៣​ឆ្នាំ​រូបនេះ តែងតែ​ទៅតាម​កូនៗ​ដើម្បី​រក​តំបន់​មាន​សេវា​នៅលើ​កំពូលភ្នំ ខណៈ​លោក Juan Cabrera ដែលជា​ស្វាមី មាន​អាជីព​ជា​អ្នក​គង្វាល​សត្វ​នៅ​តំបន់​ជនជាតិភាគតិច Quechuas​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com