COVID-19
អន្តរជាតិ
WHO៖ ចំនួនយុវជនផ្ទុក COVID-19 កើនឡើងបីដងក្នុងរយៈពេល៥ខែ 05, Aug 2020 , 9:59 pm
យុវនារីពីរនាក់ ពាក់ម៉ាស់ ដើរនៅតាមឆ្នេរសមុទ្រក្នុងទីក្រុង Biarritz ប្រទេសបារាំង។ រូបភាព៖ AFP
× អង្គការសុខភាពពិភពលោក(WHO) បានលើកឡើងថា ចំនួនយុវជន ដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់២៤ឆ្នាំផ្ទុក COVID-19 បានកើនឡើងបីដងក្នុងរយៈពេល ៥ខែ។ បញ្ហានេះ គឺកើតចេញពីការទ្វេប្រហែស និងការមិនប្រុងប្រយ័ត្នរបស់យុវជនផ្ទាល់។ នេះបើតាមចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែសីហា។
តាមការវិភាគមួយរបស់អង្គការសុខភាពពិភពលោកលើអ្នកផ្ទុក COVID-19 ចំនួន៦លាននាក់ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃ១២ ខែកក្កដា ករណីឆ្លង COVID-19 លើយុវជន ដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់២៤ឆ្នាំ គឺបានកើនឡើងពី៤,៥ភាគរយទៅ១៥ភាគរយ។ អេស្ប៉ាញ អាល្លឺម៉ង់ បារាំង ជប៉ុន និងបណ្តាប្រទេសអាស៊ីមួយចំនួនទៀត បានអះអាងថា អ្នកឆ្លង COVID-19 ថ្មីជាច្រើន គឺជាយុវជន។
ពាក់ព័ន្ធនឹងករណីឆ្លងលើយុវជននេះ លោកស្រី Neysa Ernst អ្នកគ្រប់គ្រងគិលានុបដ្ឋាកនៅមន្ទីរពេទ្យJohns Hopkins បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា យុវជនមួយចំនួន ខ្វះការប្រុងប្រយ័ត្នលើការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព។ «ការធ្វើដំណើរ គឺបង្កើនឱកាសរបស់អ្នកក្នុងការឆ្លង និងចម្លង COVID-19»។ លោកស្រី Neysa បានផ្ញើសារបែបនេះ ដោយបន្ថែមថា ការកើនឡើងនៃការឆ្លងរបស់យុវជន គឺដោយសារពួកគេទំនងទៅធ្វើការក្នុងសហគមន៍ច្រើន ឬពេលទៅឆ្នេរសមុទ្រ តៀមស្រា និងហាងទំនិញ។
ក្រៅពីយុវជន កុមារផ្ទុក COVID-19 ដែលចាប់ពីអាយុចន្លោះ៥ឆ្នាំ ដល់១៤ឆ្នាំ បានកើនឡើងពី០,៨ភាគរយមក៤,៦ភាគរយ បើគិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃ១២ ខែកក្កដា។ នេះបើតាមវិភាគរបស់អង្គការសុខភាពពិភពលោកដដែលនេះ។
កន្លងមក លោកTedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក ធ្លាប់បានព្រមានម្តងហើយថា ក្រុមយុវជន អាចឆ្លង COVID-19 អាចស្លាប់ និងចម្លងវីរុសទៅអ្នកដទៃ។
សូមបញ្ជាក់ថា គិតមកត្រឹមរសៀលថ្ងៃទី៥ ខែសីហា COVID-19 របស់ពិភពលោក បានកើនដល់ ១៨,៧លានករណី និងអ្នកស្លាប់ជាង ៧០ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជិត ១២លាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com