អន្តរជាតិ
នាយករដ្ឋមន្ត្រីអូស្ត្រាលីថា មិនមានព័ស្តុតាងដើម្បីហាម TikTok ទេ តែបន្តតាមដាន 05, Aug 2020 , 11:59 pm
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន ។ រូបភាព AFP
× ខណៈរងសម្ពាធខ្លាំងនៅអាមេរិក TikTok មិនទាន់បញ្ហាអ្វីឡើយនៅអូស្ត្រាលីដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធមួយរបស់អាមេរិក។ នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន បាននិយាយនៅថ្ងៃទី៤ ខែសីហា ថា ប្រទេសរបស់លោកមិនមានព័ស្តុតាងបង្ហាញពីការប្រើប្រាស់ទិន្នន័យខុសច្បាប់ពីសំណាក់កម្មវិធីកម្សាន្តវីដេអូខ្លីៗ TikTok ឡើយ។ ទោះជាយ៉ាងណា លោក បានរំឭកអ្នកប្រើប្រាស់ពីហានិភ័យនៅពេលខាងមុខផងដែរ។
កម្មវិធីកម្សាន្តវីដេអូខ្លីៗ TikTok ដែលមានអ្នកប្រើប្រាស់រាប់លាននាក់នៅទូទាំងពិភពលោកនោះ ក្លាយជាមុខសញ្ញារឹតបន្តឹងរបស់ប្រទេសមួយចំនួនក្រោមហេតុផលសន្តិសុខជាតិ។ អាមេរិក ចេញមុខខ្លាំងជាងគេក្នុងដាក់សម្ពាធលើក្រុមហ៊ុនចិន ByteDance ដែលជាម្ចាស់ TikTok ។ មិនមែនប្រទេសទាំងអស់ សុទ្ធតែធ្វើដូចអាមេរិក។
នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន និយាយថា អូស្ត្រាលីដែលបានឃ្លាំមើល TikTok កន្លងមក មិនបានរកឃើញសញ្ញាអ្វីពាល់ព័ន្ធបំពានទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់នៅអូស្ត្រាលីឡើយ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ថ្លែងទៅកាន់វេទិកាសន្តិសុខ Aspen តាមអនឡាញនៅថ្ងៃទី៤ ខែសីហា លោក ម៉ូរីសុន លើកឡើងថា៖ «មិនមានព័ស្តុតាងឲ្យយើងឡើយថ្ងៃនេះលើការប្រើប្រាស់មិនត្រឹមត្រូវទិន្នន័យអ្នកប្រើប្រាស់។»
ទោះជាយ៉ាងណា មេដឹកនាំអូស្ត្រាលីរូបនេះព្រមានអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ថា បណ្ដាញសង្គមទាំងឡាយរាប់ទាំងរបស់អាមេរិកផង ផ្ទុកទិន្នន័យអ្នកប្រើប្រាស់សន្ធឹកសន្ធាប់។ បើតាមលោក ម៉ូរីសុន អ្វីដែលខុសប្លែកសម្រាប់ TikTok នោះ គឺព័ត៌មានអ្នកប្រើប្រាស់អាចធ្លាក់ដល់ដៃស្ថាប័ន។ លោក ទំនងចង់សំដៅកាតព្វកិច្ចផ្នែកច្បាប់របស់បណ្ដាញសង្គមដែលត្រូវចែករំលែកព័ត៌មានទៅកាន់ទីភ្នាក់ងារចារកម្មរដ្ឋ ពេលមានសំណើ។
ដ្បិតមិនទាន់មានបញ្ហាពេលនេះក្ដី នាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏មិនប្រហែសដែរ។ លោក ម៉ូរីសុន ប្រាប់អ្នកចូលរួមថា អូស្ត្រាលីនឹងបន្តតាមដានកម្មវិធីនេះទៀត។
ក្នុងវេទិកាដដែលនេះ អគ្គរដ្ឋទូតចិនប្រចាំអាមេរិក Cui Tiankai បានចេញមុខការពារប្រតិបត្តិការរបស់ TikTok នៅអាមេរិក។ លោក Cui និយាយថា មិនមានព័ស្តុតាងបង្ហាញពីការចែករំលែកព័ត៌មានរវាងក្រុមហ៊ុននេះ និងរដ្ឋាភិបាលចិនឡើយ។
នៅអាមេរិក TikTok រងលក្ខខណ្ឌលក់ប្រតិបត្តិការរបស់ខ្លួនឲ្យក្រុមហ៊ុនអាមេរិក បើសិនពួកគេចង់បន្តរកស៊ីទៀត។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទុកពេលត្រឹមថ្ងៃទី១៥ ខែកញ្ញាឲ្យ ByteDance បញ្ចប់កិច្ចព្រមព្រៀងលក់នេះ។ សព្វថ្ងៃ ក្រុមហ៊ុន Microsoft ជាអ្នកចេញមុខចរចាទិញ TikTok នេះ៕
Tag:
អូស្ត្រាលី
ចិន
TikTok
© រក្សាសិទ្ធិដោយ thmeythmey.com