COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Nadal ដកខ្លួន​មិន​ចូលរួម​ការពារ​ជើងឯក US Open ឆ្នាំនេះ ព្រោះ​ខ្លាច COVID-19
06, Aug 2020 , 10:52 am        
រូបភាព
Rafael Nadal កីឡាករ​វាយ​កូន​បាល់​លំដាប់​ទី ២ របស់​ពិភពលោក នៅ​ថ្ងៃទី​៤ សីហា​ប្រកាសថា មិន​ចូលរួម​ប្រកួតប្រជែង​ដើម្បី​ការពារ​ជើងឯក​ក្នុង​កម្មវិធី US Open ឆ្នាំ​នេះឡើយ ពីព្រោះ​រូបគេ​បារម្ភ​ពី​ជំងឺ​រាតត្បាត COVID-19 ដែល​កំពុង​រាលដាល​ខ្លាំង​នៅ​ទឹកដី​អាមេរិក​។​

Nadal ដែលជា​ម្ចាស់​ជើងឯក​ពាន​លំដាប់ Grand Slam នេះ កាលពី​ឆ្នាំមុន​បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ថា​៖ «​បន្ទាប់ពី​គិតពិចារណា​រួចមក ខ្ញុំ​បានសម្រេច​ចិត្ត​មិន​ចូលរួម​ក្នុង​កម្មវិធី US Open ឆ្នាំនេះ​ទេ​។ ស្ថានការណ៍​សព្វថ្ងៃ​មាន​ភាពស្មុគស្មាញ​នៅ​ទូទាំង​ពិភពលោក​ដែល​គ្របដណ្តប់​ទៅដោយ​ជំងឺ COVID-19​។ មិន​ត្រឹម​មិនអាច​គ្រប់គ្រង​បាន ជំងឺ​រាតត្បាត​សកល​នេះ​កំពុងតែ​កើនឡើង​គួរ​ឲ្យ​បារម្ភ​»​។​
 
​កំពូល​អ្នក​វាយ​កូន​បាល់​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៣៤​ឆ្នាំ បន្ថែមថា នេះ​មិនមែនជា​រឿង​ងាយ​នោះទេ​ដែល US Open នៅតែ​អាច​បន្ត​ការប្រកួត​នៅ​ឆ្នាំនេះ​បាន ហើយ​រូបគេ​ក៏បាន​អរគុណ​ដល់​កិច្ចប្រឹងប្រែង​របស់​ម្ចាស់ផ្ទះ​អាមេរិក​ផងដែរ​។ ដូច​បានដឹង​ស្រាប់​ហើយ​ថា​ព្រឹត្តិការណ៍​កីឡា​ជាច្រើន​ត្រូវបាន​ផ្អាក​ដែលមាន​រយៈ​ជាង​៤​ខែ​មកហើយ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី Nadal នៅតែ​សម្រេច​មិន​ចូលរួម​។​
 
«​នេះ​គឺជា​ការសម្រេចចិត្ត​ដែល​ខ្ញុំ​មិនដែល​ចង់​ធ្វើ​ឡើយ ប៉ុន្តែ​ខ្ញុំ​បាន​ច​ម្រេច​ចិត្ត​ធ្វើតាម​បេះដូង​របស់ខ្ញុំ​នៅពេលនេះ ខណៈ​នេះ​ជា​ពេលវេលា​ដែល​ខ្ញុំ​មិន​ចង់​ធ្វើដំណើរ​នោះឡើយ​»​។ Nadal ម្ចាស់​ជើងឯក US Open ៤​សម័យកាល​បញ្ជាក់​ដូច្នេះ​។​
 
​ក្រៅពី Nadal កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​១​ពិភពលោក Ash Barty ក៏បាន​ប្រកាស​ដកខ្លួន​ពី​កម្មវិធី US Open ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣១ ខែសីហា ដល់​ថ្ងៃទី​១៣ ខែកញ្ញា​។ កីឡាការិនី​សញ្ជាតិ​អូស្ត្រាលី​រូបនេះ​បង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង​អំពី​ជំងឺ COVID-19​។​
 
​គិត​មកទល់ពេលនេះ អាមេរិក​នៅតែមាន​ករ​ណី​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​លើ​លោក ដោយ​ក្នុងនោះ​ឆ្លង​ជិត​៥​លាន​នាក់ ស្លាប់​ជាង​១៦​ម៉ឺន​នាក់ និង​សះស្បើយ​ជិត​២​លាន​កន្លះ​៕

Tag:
 Rafael Nadal
  COVID-19
  US Open
© រក្សាសិទ្ធិដោយ thmeythmey.com