COVID-19
អន្តរជាតិ
អ្នកកើត COVID-19, ៨នាក់នៅឥណ្ឌាឆេះស្លាប់ក្នុងគ្រោះអគ្គិភ័យនៅមន្ទីរពេទ្យមួយ 06, Aug 2020 , 5:02 pm
សាច់ញាតិរបស់អ្នកស្លាប់នៅក្នុងអគ្គិភ័យកំពុងយំ។រូបភាព៖ AP
× ឥណ្ឌា នៅថ្ងៃទី៦ ខែសីហា បានអះអាងថា អ្នកជំងឺ COVID-19 ចំនួន៨នាក់ បានស្លាប់នៅក្នុងអគ្គិភ័យមួយ ដែលបានកើតឡើងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យឯកជន ស្ថិតនៅទីក្រុងAhmedabad ក្នុងរដ្ឋ Gujarat ភាគខាងលិចរបស់ឥណ្ឌា។
តាមការអះអាងរបស់ទីភ្នាក់ងារសង្គ្រោះបន្ទាន់នៅក្នុងទីក្រុង Ahmedabad អគ្គិភ័យមួយបានកើតឡើងដោយសារភ្លើងឆេះសំលៀកបំពាក់ការពារ(PPE) COVID-19 របស់ក្រុមគ្រូពេទ្យ។ គេមិនទាន់ដឹងពីមូលហេតុដែលភ្លើងឆេះសំលៀកបំពាក់ការពាររបស់ពេទ្យនេះនៅឡើយទេ ប៉ុន្តែប៉ូលិសឥណ្ឌា កំពុងស៊ើបអង្កេតពីប្រភព ដែលបង្កឲ្យមានភ្លើងឆេះ។
ក្នុងឧបទ្ទវហេតុមួយនេះ មនុស្សចំនួន ៨នាក់ បានបាត់បង់ជីវិត ក្នុងនោះមានប្រុស ៥នាក់ និងស្ត្រី៣នាក់។ លោក Rajesh Bhatt ប្រធានមន្ត្រីពន្លត់អគ្គិភ័យនៃទីភ្នាក់ងារសង្គ្រោះបន្ទាន់ និងពន្លត់អគ្គិភ័យ បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ជនរងគ្រោះទាំង ៨នាក់នេះ កំពុងស្ថិតក្រោមការព្យាបាល COVID-19 និងមិនអាចគេចខ្លួនបានពេលមានអគ្គិភ័យ។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី បានសរសេរសាររំលែកទុក្ខលើគណនីTwitter របស់ខ្លួន និងជូនពរអ្នករងរបួសឆាប់ជាពីសះស្បើយ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានប្រាប់ទៅនាយករដ្ឋមន្ត្រីនៃរដ្ឋ Gujarat និងអភិបាលក្រុងAhmedabad ឲ្យផ្តល់ជំនួយដល់មន្ទីរពេទ្យផងដែរ។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៦ ខែសីហា ឥណ្ឌាមានករណី COVID-19 សរុបជិត ២លានករណី ខណៈអ្នកស្លាប់មានចំនួនជាង ៤ម៉ឺននាក់ និងអ្នកជាសះស្បើយមានចំនួន ១,៣២លាននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com