ជាតិ
២០ឆ្នាំហើយដែលអ្នកស្រី ហ៊ើយ រ៉ា ដើរចាប់មេអំបៅលក់ឲ្យភោជនីយដ្ឋាននានាក្នុងក្រុងសៀមរាប 09, Aug 2020 , 8:39 am
![](https://image.thmeythmey.com/pictures/2020/08/08/thumb2/pho__3_.jpg)
×![]()
សៀមរាប៖ គេធ្លាប់បានដឹងពីការចិញ្ចឹមដង្កូវនាង ដើម្បីផលិតសរសៃសូត្រ តែសម្រាប់អ្នកស្រី ហ៊ើយ រ៉ា ដែលរស់នៅក្នុងតំបន់អង្គរ មានរបរមួយប្រចាំគ្រួសារ គឺការដើរចាប់មេអំបៅ។ គ្រួសារអ្នកស្រី ដើរចាប់មេអំបៅពីកន្លែងមួយទៅកន្លែងមួយ ដើម្បីផ្គត់ផ្គង់តាមភោជនីយដ្ឋានដែលមានតម្រូវការមេអំបៅ សម្រាប់ការលម្អ ក៏ដូចជាភាពទាក់ទាញដល់ភ្ញៀវ។
អស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ ដែលគ្រួសារអ្នកស្រី ហ៊ើយ រ៉ា រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ចាប់យករបរដើរចាប់មេអំបៅ ដើម្បីលក់តាមហាង ឬភោជនីយដ្ឋានក្នុងក្រុងសៀមរាប។ ជារៀងរាល់ថ្ងៃ អ្នកស្រី ហ៊ើយ រ៉ា រួមនិងកូនៗត្រូវចែកគោលដៅគ្នា ដើម្បីតាមចាប់មេអំបៅ ដែលពេលខ្លះនៅជិះផ្ទះ ពេលខ្លះឆ្ងាយពីផ្ទះ។ «ចាប់ក្នុងព្រៃខាងកើតអង្គរ ជួនកាលពេលខែអត់ (មិនសម្បូរមេអំបៅ) ទៅរកនៅជិតភ្នំបាខែង ជិះកង់ឌុបកូនទៅហើយ ដល់ខែវស្សាមេអំបៅសម្បូរ ចាប់ជិតផ្ទះទៅ»។ នេះជាការលើកឡើងរបស់អ្នកស្រី រ៉ា។
![](https://image.thmeythmey.com/pictures/2020/08/08/thumb2/pho__8_.jpg)
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន នៅវាលព្រៃរបោះមិនឆ្ងាយប៉ុន្មានពីផ្ទះ អ្នកស្រី រ៉ា ឱ្យដឹងថា បានប្រកបរបរនេះតាំងពីកូនៗអ្នកស្រីនៅតូច ហើយពេលនេះពួកគេសុទ្ធតែចេះចាប់មេអំបៅយ៉ាងស្ទាត់ជំនាញ។ ដើមឡើយអ្នកស្រី រ៉ា ដើរចាប់មេអំបៅតាមអ្នកស្គាល់គ្នា ដោយសារគ្មានរបរអ្វីធ្វើ និងបន្តរហូតសព្វថ្ងៃ។
សម្ភារដែលចាប់មេអំបៅ មានដូចជាឈើឫស្សីប្រវែងជាង១ម៉ែត្រដែលផ្នែកខាងចុងមានដេរថង់ធ្វើពីប្លាស្ទិក។ មេអំបៅដែលចាប់បាន ត្រូវយកទុកក្នុងថង់ស្ពៃមួយទៀត ដែលកូនប្រុសអ្នកស្រី រ៉ា ស្ពាយនៅក្រោយខ្នង។ ក្នុងនោះ មានមេអំបៅតូចធំ និងចម្រុះពណ៌។ អ្នកស្រី រ៉ា ប្រាប់ថា ការលក់គឺគេគិតជាកន្ដ្រក ដោយអ្នកស្រីមិនដឹងបរិមាណមេអំបៅទេ ហើយតម្លៃអាស្រ័យភោជនីយដ្ឋានដែលមានភ្ញៀវតិចឬច្រើន តែអាចក្នុងតម្លៃចាប់ពី២ម៉ឺនរៀលឡើង។
![](https://image.thmeythmey.com/pictures/2020/08/08/thumb2/pho__1_.jpg)
ក្រៅពីចាប់មេអំបៅ អ្នកស្រី រ៉ា វ័យជិត៥០ឆ្នាំ ក៏ប្រមូលចាប់ពពួកដង្កូវសម្រាប់ភ្ញាស់ជាមេអំបៅផងដែរ។ អ្នកស្រីប្រាប់ថា ការភ្ញាស់នេះអាស្រ័យតាមពូជដង្កូវ ខ្លះ១សប្ដាហ៍ ខ្លះកន្លះខែទើបអាចញាស់ជាមេអំបៅយកទៅលក់បាន។ ជារបរដែលមានចំណូលទាបក៏ពិតមែន តែអ្នកស្រី រ៉ា រំឮកថា វាបានជួយដោះស្រាយជីវភាពគ្រួសារអ្នកស្រីបានជារហូតមក ដូចជាបានទិញអង្ករ និងម្ហូបចិញ្ចឹមគ្រួសារ។ តែបច្ចុប្បន្ន អ្នកស្រីមានពេលសម្រាកច្រើន ដោយសារវិបត្តិជំងឺកូវីដ១៩ ភោជនីយដ្ឋានមិនសូវកម្ម៉ង់មេអំបៅទេ។
![](https://image.thmeythmey.com/pictures/2020/08/08/thumb2/pho__2_.jpg)
លោក ឌុក ដេត ម្ចាស់ភោជនីយដ្ឋានមេអំបៅ គឺជាអ្នកទទួលទិញមេអំបៅពីគ្រួសារអ្នកស្រី រ៉ា តាំងពីឆ្នាំ២០០៦ ចាប់ពីភោជនីយដ្ឋាននេះបើកដំណើរការនៅក្នុងក្រុងសៀមរាប។ លោកពន្យល់ថា បានជ្រើសរើសយកមេអំបៅដើម្បីតុបតែង និងបង្កើនភាពទាក់ទាញដល់ភ្ញៀវដែលភាគច្រើនជាទេសចរអឺរ៉ុប ដែលចាប់អារម្មណ៍ចំពោះគំនិតរៀបចំនេះ។ លោកបន្ថែមថា ក្រៅពីហូបអាហារ ភ្ញៀវអាចសម្រាក និងដើរមើលមេអំបៅបានយ៉ាងស្រស់ស្រាយ។ ម្ចាស់ភោជនីយដ្ឋានរូបនេះ ក៏មានបំណងរៀបចំផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវក្នុងស្រុកឱ្យស្គាល់ និងចាប់អារម្មណ៍ ការញុំាអាហារ បូកនិងការកម្សាន្តជាមួយមេអំបៅនេះផងដែរ៕
![](https://image.thmeythmey.com/pictures/2020/08/08/thumb2/pho__4_.jpg)
![](https://image.thmeythmey.com/pictures/2020/08/08/thumb2/pho__5_.jpg)
![](https://image.thmeythmey.com/pictures/2020/08/08/thumb2/pho__6_.jpg)
![](https://image.thmeythmey.com/pictures/2020/08/08/thumb2/pho__7_.jpg)
© រក្សាសិទ្ធិដោយ thmeythmey.com