ជាតិ
​ខេត្ត​ភាគ​ពាយ័ព្យ និង​តំបន់​ជួរ​ភ្នំ​ដងរែក​នឹងមាន​ភ្លៀង​ខ្លាំង​ដោយសារ​ឥទ្ធិពល​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​
18, Aug 2020 , 9:29 pm        
រូបភាព
ទិដ្ឋភាពពីលើភ្នំដងរែកក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ
ទិដ្ឋភាពពីលើភ្នំដងរែកក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ
​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ពី​ប្រទេសជិតខាង​ដូចជា ថៃ ឡាវ និង​វៀតណាម ធ្វើ​ឲ្យ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្សោយ​តាម​តំបន់​មួយចំនួន​។ នេះ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០​។​


​សេចក្ដីជូនដំណឹង​ដដែល បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល នឹងមាន​សីតុណ្ហភាព​អប្បបរមា ចន្លោះ​ពី​២៥​ទៅ​២៧​អង្សា និង​សីតុណ្ហភាព​អតិបរមា ចន្លោះ​ពី​៣០​ទៅ​៣២​អង្សា ហើយ​ក្នុងនោះ​បណ្ដា​ខេត្ត​នៅ​ភាគ​កណ្ដាល និង​ភាគ​ពាយ័ព្យ នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន និង​ខ្លាំង​ផងដែរ​។ សម្រាប់​ខេត្ត​ដទៃទៀត អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​បង្គួរ​។​
 
​ចំណែកឯ បណ្ដា​ខេត្ត​នៅតាម​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹងមាន​សីតុណ្ហភាព​អប្បបរមា ពី​២៣ ទៅ​២៥​អង្សា និង​សីតុណ្ហភាព​អតិបរមា ចន្លោះ​ពី​២៨ ទៅ​៣០​អង្សា ដែល​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។ សម្រាប់ បណ្ដា​ខេត្ត​មួយចំនួន​នៅជាប់​តំបន់​ជួរ​ភ្នំ​ដងរែក អាច​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​
 
​រីឯ បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​វិញ នឹងមាន​សីតុណ្ហភាព​អប្បបរមា ពី​២៦ ទៅ​២៨​អង្សា និង​សីតុណ្ហភាព​អតិបរមា ចន្លោះ​ពី​២៨ ទៅ​៣០​អង្សា ដែល​អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​ខ្សោយ​ទៅ​មធ្យម​ផងដែរ​។ 
 
​តាមរយៈ​សេចក្ដីជូនដំណឹង​នេះ ក្រសួង អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់ ពិសេស​អ្នក​ដែល​រស់នៅ​បណ្ដា​ខេត្ត​ភាគ​ពាយ័ព្យ​ជាប់​ប្រទេស​ថៃ និង​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ ភ្លៀង​ធ្លាក់​ច្រើន​ជាប់​បន្ត​ពីថ្ងៃ​ទី​២២-២៤ សីហា​ខាងមុខនេះ​៕
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com