កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ ណាហ្គា ព្រៃវែង ត្រូវការត្រឹមស្មើ រីឯប៉ូលិសនិងគីរីវង់ ត្រូវប្រជែងគ្នាយកឈ្នះ
19, Aug 2020 , 12:25 pm        
រូបភាព
[Forwarded from Vanndet Soeurn] សកម្មភាពប្រកួតរវាងក្រុមព្រៃវែងជាមួយអង្គរថាយហ្គឺរនៅជើងទី១ (រូបភាពផ្តល់ដោយ CNCC)
[Forwarded from Vanndet Soeurn] សកម្មភាពប្រកួតរវាងក្រុមព្រៃវែងជាមួយអង្គរថាយហ្គឺរនៅជើងទី១ (រូបភាពផ្តល់ដោយ CNCC)
ដោយ:
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នេះ មានការប្រកួតចំនួន៤គូ ក្នុងនោះណាហ្គាវើលប៉ះអគ្គិសនីកម្ពុជា រីឯនគរបាលជាតិជួបគីរីវង់សុខសែនជ័យ ខណៈព្រៃវែងតទល់ជាមួយអង្គរថាយហ្គឺរ មុនវិសាខាស្វាគមន៍ត្បូងឃ្មុំ។


ក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួននៅជើងទី១ ក្រុមណាហ្គាវើល និងព្រៃវែងត្រូវការត្រឹមស្មើប៉ុណ្ណោះ សម្រាប់ជំនួបជើងទី២នៅថ្ងៃនេះ ដើម្បីធានាកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ។ តែយ៉ាងណា វាមិនងាយស្រួលសម្រាប់ពួកគេទាំងពីរក្នុងការរារាំងមិនឲ្យមានការស៊ុតបញ្ចូលទីពីគូប្រកួតឡើយ ដ្បិតអគ្គិសនីកម្ពុជា និងអង្គរថាយហ្គឺរសុទ្ធសឹងជាក្រុមមានសមត្ថភាពខ្លាំង។

ក្រុមណាហ្គាវើលត្រូវតទល់ជាមួយអគ្គិសនីកម្ពុជានៅកីឡដ្ឋានអគ្គិសនីកម្ពុជា ខណៈក្រុមព្រៃវែងត្រូវតតាំងជាមួយអង្គរថាយហ្គឺរនៅកីឡដ្ឋានខេត្តព្រៃវែង។ នៅជើងទី១ណាហ្គាវើល និងព្រៃវែងយកឈ្នះគូប្រកួតក្នុងលទ្ធផល ៣-២ ដូចគ្នា។ ការប្រកួតទាំងពីរប្រព្រឹត្តទៅនៅម៉ោង៣:៣០នាទីរសៀលដូចគ្នា។

នៅម៉ោង៣:៣០នាទីរសៀលនេះដែរ ក្រុមនគរបាលជាតិត្រូវបើកទ្វារកីឡដ្ឋាន អេ អ៊ី យូស្ពតផាក ទទួលស្វាគមន៍គីរីវង់សុខសែនជ័យ។ វានឹងក្លាយជាការប្រកួតដ៏តានតឹង និងជក់ចិត្តបំផុត ដ្បិតក្រុមទាំងពីរត្រូវការជ័យជម្នះរៀងៗខ្លួននៅជើងទីពីរនេះ ក្នុងការធានាកៅអីឡើងទៅវគ្គបន្ត បន្ទាប់ពីពួកគេបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីគ្នានៅជើងទី១។

ដោយឡែក ក្រុមវិសាខាត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលក្រុមត្បូងឃ្មុំ ដែលជាជើងឯករងពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្តនៅម៉ោង៦ល្ងាច។ នេះជាជំនួបជើងទី១សម្រាប់ក្រុមទាំងពីរ បន្ទាប់ពីជំនួបរវាងពូកគេត្រូវបានលើកពេលកាលពីសប្តាហ៍មុន៕

Tag:
 បាល់ទាត់
  Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com