COVID-19
អន្តរជាតិ
វៀតណាម មានករណី COVID-19 ឡើងលើស ១០០០ករណីហើយ 21, Aug 2020 , 9:36 am
ពេទ្យវៀតណាម យកសំណាករបស់ប្រជាជន ទៅពិនិត្យរកCOVID-19 នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ VnExpress
× វៀតណាម បានរាយការណ៍ថា ខ្លួនមានករណី COVID-19 សរុបលើសពី ១ពាន់ករណី។ នេះបើតាមតួលេខរបស់ក្រសួងសុខាភិបាលវៀតណាម គិតត្រឹមថ្ងៃ២០ ខែសីហា។
វៀតណាម នៅថ្ងៃទី២០ ខែសីហា បានប្រកាសថាមានករណីឆ្លងCOVID-19 ថ្មីចំនួន ១៤ករណី។ តួលេខនេះ បានធ្វើវៀតណាមកើនឡើងករណីឆ្លងសរុបដល់ ១០០៧ករណី។ ចំណែកអ្នកស្លាប់មានចំនួន ២៥នាក់ និងអ្នកជាសះស្បើយមានចំនួន ៥៤២នាក់។
ភាគច្រើននៃករណីឆ្លងកូរ៉ូណាវីរុសថ្មីនៅវៀតណាម គឺមានពាក់ព័ន្ធទៅនឹងទីក្រុងដាណាង។ បើទោះបីជាCOVID-19 បានផ្ទុះឡើងនៅក្នុងទីក្រុងដាណាងក៏ដោយ ប៉ុន្តែអាជ្ញាធរបានទប់ស្កាត់ការរាតត្បាតយ៉ាងប្រសើរ ពោលគឺមិនឲ្យផ្ទុះខ្លាំងនៅតំបន់ផ្សេងទៀតឡើយ សូម្បីតែតំបន់ក្បែរខាងដាណាង។
ការរក្សាគម្លាតសុវត្ថិភាព វាស់កម្តៅ ការអំពាវនាវឲ្យប្រជាជនពាក់ម៉ាស់ ការរឹតត្បិតលើកជួបប្រជុំ និងវិធានការផ្សេងទៀត សុទ្ធតែជាយុទ្ធសាស្ត្ររបស់វៀតណាម ក្នុងការទប់ស្កាត់ការរាតត្បាតកូរ៉ូណាវីរុសនៅក្នុងប្រទេស។
សូមបញ្ជាក់ថា ទីក្រុងដាណាង បានរាយការណ៍ពីករណីផ្ទុះCOVID-19 ដំបូង នៅចុងខែកក្កដាកន្លងមក បន្ទាប់ពីមិនមែនករណីឆ្លងនៅក្នុងស្រុកតាំងពីថ្ងៃទី១៦ ខែមេសា។ ករណីផ្ទុះនេះ ត្រូវបានអាជ្ញាធរអះអាងថា គឺមានពាក់ព័ន្ធនឹងមន្ទីរពេទ្យបីកន្លែងក្នុងទីក្រុង ចំណែកប្រភពចម្លង គឺគេមិនទាន់បានរកឃើញនៅឡើយទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com