កីឡាអន្តរជាតិ
អន្តរជាតិ
លោក Conte ដឹកនាំ Inter ដណ្តើមពាន Europa ជាមួយជើងឯក៥សម័យកាល Sevilla យប់នេះ 21, Aug 2020 , 2:08 pm
× លោក Antonio Conte អ្នកចាត់ការទូទៅ Inter Milan បានប្រាប់កូនក្រុមលោកថា ប្រវត្ដិសាស្ដ្រចងចាំតែអ្នកឈ្នះប៉ុណ្ណោះ។ លោកក្រើនរំលឹកកូនក្រុមដូច្នេះ នៅមុនពេល Inter ត្រូវតតាំងជាមួយ Sevilla ដើម្បីប្រជែងពាន UEFA Europa League វគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី២១ ខែសីហា វេលាម៉ោង ២:០០នាទី អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។
លោក Conte អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea និង Juventus បានត្រៀមខ្លួនរួចស្រេចក្នុង បង្កើតប្រវត្តិសាស្ត្រថ្មី តាមរយៈការជួយ Inter ឲ្យស្គាល់ជាតិពានអឺរ៉ុបវិញក្រោយអាកខានរយៈពេល១០ឆ្នាំ។ នៅមុនជួបគ្នាជាមួយ Sevilla នៅកីឡដ្ឋាន RheinEnergieSTADION ប្រទេសអាល្លឺម៉ង់ អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ បានសម្រក់ទឹកភ្នែក និងរៀបរាប់ពាក្យក្នុងចិត្តនៅចំពោះមុខកូនក្រុមខ្លួន។
«មនុស្សចាំបានតែអ្នកឈ្នះប៉ុណ្ណោះ»។ លោក Conte ប្រាប់កីឡាករ Inter Milan ទាំងអស់ដូច្នេះ ដើម្បីជាការរំលឹកនិងជំរុញទឹកចិត្តកូនក្រុមក្នុងដណ្តើមយកពាន Europa League សម្រាប់រដូវកាល ២០១៩-២០នេះ។
ជោគជ័យចុងក្រោយរបស់ Inter សម្រាប់ពានអឺរ៉ុបបានកើតឡើងនៅពេលលោក Jose Mourinho ជាអ្នកចាត់ការដោយជួយក្រុមនៅអ៊ីតាលីនេះឈ្នះ Champions League កាលពីឆ្នាំ ២០១០។ យ៉ាងណា បើលោក Conte អាចជួយក្រុមឈ្នះ Europa League នៅយប់នេះ មានន័យថា Inter នឹងស្គាល់ពានអឺរ៉ុបក្រោយរយៈពេល១០ឆ្នា បើទោះនេះជាពានកម្រិតទីពីរបន្ទាប់ពី Champions League ក្តី។
លោក Conte វ័យ៥១ឆ្នាំ ដែលធ្លាប់ឈ្នះជើងឯក Champions League ឆ្នាំ ១៩៩៦ និង UEFA Cup ឆ្នាំ ១៩៩៣ ជាមួយក្រុម Juventus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា កាលលោកនៅជាកីឡាករលោកលេងបានច្រើន និងមានបទពិសោធច្រើនក្នុងពានអឺរ៉ុបនេះ។ «ខ្ញុំធ្លាប់ឈ្នះ ប៉ុន្តែខ្ញុំធ្លាប់ចាញ់ច្រើដងណាស់។ មនុស្សចងចាំតែពេលអ្នកឈ្នះទេ។ ខ្ញុំធ្លាប់ឈ្នះជើងឯក Champions League ប៉ុន្តែខ្ញុំចាញ់ ៣ ដងឯណោះ។ នៅក្នុងប្រវត្តិសាស្ត្រចងចាំតែអ្នកឈ្នះប៉ុណ្ណោះ»។
Inter Milan ធ្លាប់ជាម្ចាស់ជើងឯក Europa League ៣សម័យរួចមកហើយក្នុងឆ្នាំ ១៩៩១, ១៩៩៤ និង ១៩៩៨ និងជាក្លិបទី២នៅអឺរ៉ុបដែលឈ្នះពាននេះច្រើនជាងគេបន្ទាប់ពី Sevilla ដែលឈ្នះច្រើនជាងគេចំនួន៥លើក ខណៈ Juventus, Liverpool និង AT-Madrid ឈ្នះ៣លើកដូចគ្នា៕
Tag:
Europa League
Inter Milan
Sevilla
© រក្សាសិទ្ធិដោយ thmeythmey.com