អន្តរជាតិ
នយោបាយអន្តរជាតិ
លោក គីម ជុងអ៊ុន ផ្ទេរអំណាចខ្លះឲ្យប្អូនស្រី និងមនុស្សជំនិត 21, Aug 2020 , 10:59 pm
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្អូនស្រី គីម យ៉ូចុង ។ រូបភាព AFP
× មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ទេរអំណាចដើម្បីចាត់ចែងការងារប្រទេសឲ្យប្អូនស្រីរបស់ខ្លួន និងមនុស្សជំនិតមួយចំនួន។ នេះបើតាមការអះអាងរបស់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង នៅថ្ងៃទី២០ ខែសីហា។ ការផ្ទេរអំណាចទៅតាមវិស័យនេះមានគោលដៅកាត់បន្ថយការទទួលខុសត្រូវ និងសម្ពាធរបស់លោក គីម ដែលកាន់អំណាចពេញដៃតែឯង ហើយម្យ៉ាងក៏ដើម្បីចៀសផុតពីការទទួលខុសត្រូវក្នុងករណីការអនុវត្តគោលនយោបាយណាមួយបរាជ័យផង។
នៅក្នុងកិច្ចប្រជុំបិទទ្វារនៅសភាជាតិ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង បានអះអាងថា លោកស្រី គីម យ៉ូចុង ដែលសព្វថ្ងៃជានាយករងទីមួយនៃនាយកដ្ឋានចំណុះគណៈមជ្ឈិមរបស់បក្សពលករកូរ៉េខាងជើង និងត្រូវជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងកាន់ចង្កូតកិច្ចការរដ្ឋខ្លះៗ ក្រោយត្រូវបានបងប្រុសខ្លួនផ្ទេរអំណាចឲ្យ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
បន្ថែមពីលើនេះ លោកស្រី គីម ក៏ទទួលបន្ទុកគោលនយោបាយរបស់ប្រទេសលើទំនាក់ទំនងកូរ៉េខាងត្បូង អាមេរិក និងបញ្ហាផ្សេងទៀតផងដែរ។ ត្រង់ចំណុចនេះ កន្លងទៅ លោកស្រី គីម បានចេញសេចក្ដីថ្លែងការណ៍ជាហូរហែទាក់ទងបញ្ហាជាមួយកូរ៉េខាងត្បូង និងការចរចាជាមួយអាមេរិកជាដើម។
បើទោះបីជាផ្ទេរអំណាចខ្លះឲ្យប្អូនស្រីរបស់ខ្លួន លោកគីម នៅតែកាន់កាប់អំណាចកំពូលដដែល។ ការផ្ទេរអំណាចទៅឲ្យលោកស្រី គីម ដើម្បីចាត់ចែងការងារមួយចំនួននេះ គឺធ្វើឡើងបន្តិចម្តងៗ។ ទីភ្នាក់ងារព័ត៌មានសម្ងាត់កូរ៉េខាងត្បូង បានលើកឡើងបែបនេះ ដោយបន្ថែមថា មេដឹកនាំកូរ៉េខាងជើង មិនត្រឹមតែចែករំលែកអំណាចខ្លះដល់ប្អូនស្រីរបស់ខ្លួនទេ ប៉ុន្តែក៏បានផ្តល់ប្រគល់អំណាចខ្លះមួយចំនួនទៀតឲ្យមនុស្សជំនិតរបស់ខ្លួនផងដែរ។
បើតាមទីភ្នាក់ខាងលើ លោក Pak Pong-ju ដែលអនុប្រធាននៃគណៈកម្មការកិច្ចការរដ្ឋ និងលោក Kim Tok-hun ដែលទើបត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មី នឹងទទួលខុសត្រូវវិស័យសេដ្ឋកិច្ច។ ចំណែក លោក Choe Pu-il មន្ត្រីផ្នែកកិច្ចការយោធា និងលោក Ri Pyong-chol អនុប្រធានគណៈកម្មការយោធាមជ្ឈិមនៃបក្សពលករ នឹងមើលការខុសត្រូវវិស័យយោធា។
ទាក់ទងមូលហេតុវិញ ចារកម្មជាតិកូរ៉េខាងត្បូវលើកឡើងថា ការផ្ទេរអំណាចឲ្យលោក គីម ទៅឲ្យប្អូនស្រី និងមនុស្សជំនិតរបស់ខ្លួន គឺដើម្បីកាត់បន្ថយសម្ពាធ និងការទទួលខុសត្រូវ នៅពេលការអនុវត្តគោលនយោបាយទាំងនោះទទួលបរាជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com