អន្តរជាតិ
តំណាងរាស្រ្តអាមេរិកម្នាក់ ដាក់សេចក្តីស្នើច្បាប់មួយ ហាមហៅលោក ស៊ី ជិនភីង ថា «ប្រធានាធិបតី»
22, Aug 2020 , 3:59 pm        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព៖ AFP
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព៖ AFP
តំណាងរាស្រ្តអាមេរិកម្នាក់ បានដាក់សេចក្តីស្នើច្បាប់មួយ ដែលហាមឃាត់លិខិតផ្លូវការរបស់អាមេរិក ពីការប្រើប្រាស់តួនាទីលោកស៊ី ជិនភីង ដែលជាប្រមុខរដ្ឋចិន ជា «ប្រធានាធិបតី» ។ សេចក្តីស្នើច្បាប់នេះ ធ្វើឡើងស្របពេលអាមេរិក និងចិន កំពុងមានឈ្លោះគ្នាលើបញ្ហាជាច្រើន។ នេះបើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post នៅថ្ងៃទី២១ ខែសីហា។
 
«The Name the Enemy Act» គឺជាសេចក្តីស្នើច្បាប់មួយ ដែលស្នើឯកសាររដ្ឋាភិបាលអាមេរិក មិនឲ្យប្រើប្រាស់ពាក្យ «ប្រធានាធិបតី» សំដៅលោក ស៊ី ជិនភីង ដែលប្រមុខរដ្ឋចិនឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលអាមេរិកអាចប្រើប្រាស់តួនាទីរបស់លោក ស៊ី នៅក្នុងកងទ័ព និងបក្សជំនួសវិញ។ 
 
ក្នុងពេលបច្ចុប្បន្ន លោក ស៊ី ជិនភីង មានតួនាទីចំនួន៣ ក្នុងនោះមានដូចជា ប្រធានាធិបតី អគ្គលេខាធិការនៃគណៈមជ្ឈិមបក្សកុម្មុយនិស្តចិន និងប្រធានគណៈកម្មការយោធាមជ្ឈិម។ 
 
បើតាមសេចក្តីស្នើច្បាប់នេះ ការប្រើប្រាស់ពាក្យ «ប្រធានាធិបតី» គឺមិនត្រឹមត្រូវឡើយ សម្រាប់មេដឹកនាំ ដែលមិនត្រូវបានប្រជាជនជ្រើសតាំងនោះ។ យ៉ាងណាក៏ដោយ សេចក្តីស្នើច្បាប់នេះ លើកឡើងតែពីចិនមួយប៉ុណ្ណោះ និងមិនមានប្រទេសផ្សេងឡើយ។
 
សេចក្តីស្នើច្បាប់ដែលត្រូវបានស្នើដោយ លោក Scott Perry អ្នកតំណាងរាស្រ្តមកពីបក្សសាធារណរដ្ឋ លេចជារូបរាងបន្ទាប់ពីមន្រ្តីអាមេរិកចាប់ផ្ដើមហៅលោក ស៊ី ដោយតួនាទីក្នុងជួរបក្ស។ កន្លងទៅ លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តីការបរទេសអាមេរិក និងរបាយការណ៍នានារបស់សេតវិមានជាដើម បានហៅលោក ស៊ី ជា អគ្គលេខាធិការបក្ស ជំនួសឲ្យពាក្យប្រធានាធិបតី។ នេះបើតាមកាសែតហុងកុងដដែល។ 
 
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើសេចក្តីស្នើច្បាប់នេះអាចទៅដល់តុប្រធានាធិបតីអាមេរិក ឬក៏អត់ ដ្បិតបញ្ហា COVID-19 បន្តអុកឡុក ហើយថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិកក៏ខិតកៀកដែរនោះ។ បើតាមការអះអាងរបស់តំណាងរាស្រ្តបក្សប្រជាធិបតេយ្យម្នាក់ រាល់សេចក្តីស្នើច្បាប់ទាំងអស់ ដែលមិនអាចទៅដល់តុប្រធានាធិបតីត្រឹមពេលបញ្ចប់សម័យប្រជុំសភានៅខែមករាខាងមុខ នឹងត្រូវលុបចេញពីបញ្ជី។ សេចក្តីស្នើច្បាប់ថ្មីនេះ អាចលើកឡើងម្តងទៀត នៅសម័យប្រជុំលើកក្រោយ។ 
 
សូមបញ្ជាក់ថា កន្លងមក អ្នកតំណាងរាស្រ្តអាមេរិក លោក Scott Perry ក៏ធ្លាប់ធ្វើសេចក្តីស្នើច្បាប់ផ្សេងទៀតផងដែរ ពាក់ព័ន្ធនឹងចិន ក្នុងនោះមានដូចជា សេចក្តីស្នើច្បាប់ដែលឲ្យអាមេរិកកាត់មូលនិធិទៅអង្គការសហប្រជាជាតិ បើអង្គការនេះ មិនបណ្តេញចិនចេញ និងទទួលស្គាល់តៃវ៉ាន់ និងសេចក្តីស្នើច្បាប់ ដែលឲ្យអំណាចទៅប្រធានាធិបតីទទួលស្គាល់ហុងកុង និងទីបេជាប្រទេសជាដើម។ ប៉ុន្តែសេចក្តីស្នើច្បាប់ទាំងនេះ មិនទទួលបានការគាំទ្រពីសមាជិកសភាផ្សេងទៀតឡើយ៕ 
 

Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com