COVID-19
អន្តរជាតិ
បញ្ហាសុខភាពលោក អាបេ បង្កជាក្ដីបារម្ភជុំវិញការកាន់តំណែងរបស់លោក 24, Aug 2020 , 3:28 pm
លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ។ រូបភាព៖ Reuters
× នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ នៅថ្ងៃទី២៤ ខែសីហា បានទៅមន្ទីរពេទ្យម្តងទៀត ដើម្បីទទួលលទ្ធផលពិនិត្យសុខភាព។ កាលពីសប្តាហ៍មុន លោក អាបេ បានទៅកាន់មន្ទីរពេទ្យក្រុងតូក្យូចំនួន ៧ម៉ោងកន្លះ។ ជាការពិនិត្យសុខភាពដែលមិនបានប្រកាសមុន តែមន្ត្រីជប៉ុននិយាយថា ជាការត្រួតពិនិត្យតាមទម្លាប់។ បញ្ហាសុខភាពនេះ បានបង្កឲ្យមានក្ដីបារម្ភមួយចំនួនជុំវិញសមត្ថភាពក្នុងការបន្តដឹកនាំប្រទេស និងការទប់ស្កាត់ជំងឺ COVID-19 ដែលកំពុងតែរាតត្បាត។
នៅសប្តាហ៍មុន លោកស៊ិនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានទៅមន្ទីរពេទ្យទីក្រុងតូក្យូម្តងហើយ ដើម្បីពិនិត្យសុខភាព។ បញ្ហាសុខភាពនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលជប៉ុន បារម្ភថាអាចបណ្តាលមកពីការអស់កម្លាំងជុំវិញការដោះស្រាយបញ្ហា COVID-19 នៅក្នុងប្រទេស។ ក្នុងការពិនិត្យសុខភាពពេលនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន ត្រូវចំណាយពេលរហូតដល់ទៅប្រមាណ ៧ម៉ោង និង ៣០នាទី នៅក្នុងមន្ទីរពេទ្យ។
រដ្ឋមន្ត្រីសុខាភិបាលជប៉ុន បានអះអាងថា ការពិនិត្យសុខភាពរបស់នាយករដ្ឋមន្ត្រី គឺគ្មានអ្វីខុសប្រក្រតីទេ ហើយនេះ គ្រាន់តែជាការពិនិត្យសុខភាពប្រចាំឆ្នាំប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីដែលកាន់តំណែងវែងជាងគេរបស់ជប៉ុនរូបនេះ ពិនិត្យសុខភាពក្នុងមួយឆ្នាំពីរដង។ នៅថ្ងៃទី២៤ ខែសីហា លោក អាបេ បានទៅមន្ទីរពេទ្យទីក្រុងតូក្យូម្តងទៀត ដើម្បីទទួលលទ្ធផលសុខភាព។ តាមការស្រង់សម្តីដោយកាសែតក្នុងស្រុកYomiuri មន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់ បានអះអាងយ៉ាងដូច្នេះថា នេះគឺជាពេល ត្រូវស្តាប់លទ្ធផលពិនិត្យ។
យ៉ាងណាមិញ ការចេញចូលមន្ទីរពេទ្យញឹកញាប់បែបនេះ កំពុងធ្វើឲ្យមានក្ដីបារម្ភលើសុខភាពរបស់លោក អាបេ។ នាពេលកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនមួយចំនួន បានចុះផ្សាយពីបញ្ហាសុខភាពមួយចំនួនរបស់លោកនាយករដ្ឋមន្ត្រីដែរ ក្នុងនោះមានដូចជា ដំណើរខុសធម្មតារបស់នាយករដ្ឋមន្ត្រី និងការក្អួតចេញឈាមជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ស្របពេលមានបញ្ហាសុខភាពបែបនេះ លោក អាបេ ក៏បំបែកកំណត់ត្រាមួយ គឺជានាយករដ្ឋមន្ត្រី ដែលកាន់តំណែងបានជាប់ៗគ្នាយូរជាងគេបង្អស់ ដោយលោកកាន់តំណែងបានរហូតដល់ទៅ ២៧៩៩ថ្ងៃ គិតត្រឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ។ កន្លងមក លោក Eisaku Sato ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុនពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៧២ និងត្រូវជាជីតារបស់លោក អាបេ ផងនោះ កាន់តំណែងបាន២៧៩៨ថ្ងៃជាប់គ្នា។
បើគិតអាណត្តិសរុបដែលរួមមានតាំងពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០០៧ទៀតនោះ លោកអាបេ គឺកាន់តំណែងបាន ៣១៦៥ថ្ងៃ។ ដោយសារតែបញ្ហាសុខភាព និងការជាប់ឈ្មោះជានាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេនៅជប៉ុន លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏ត្រូវសង្ស័យថា អាចនឹងលាលែងពីតំណែងដូចឆ្នាំ២០០៧ ដែរ ។ កាលណោះ លោក អាបេ បានលាលែងដោយសារបញ្ហាដំបៅពោះវៀន ដែលគ្មានថ្នាំព្យាបាលនៅឡើយ៕
Tag:
ជប៉ុន
ស៊ិនហ្សូ អាបេ
© រក្សាសិទ្ធិដោយ thmeythmey.com