COVID-19
ជាតិ
សិក្ខាកាម​១៨​រូប នឹងសិក្សា​វគ្គ​គ្រូបង្វឹក​ហែល​ទឹក​កម្រិត​ខ្ពស់ ជាមួយ​គ្រូ​អង់គ្លេស តាម Online
28, Aug 2020 , 8:59 am        
រូបភាព
ដោយ:
​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កម្រិត​ខ្ពស់​នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០២០ ខាងមុខនេះ ដែលមាន​សិក្ខាកាម​ជិត​២០​នាក់​ចូលរួម​។ វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ក្រោម​បទឧទ្ទេស​របស់​អ្នកជំនាញ​ជនជាតិ​អង់គ្លេស មកពី​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ​(FINA)​។​
 
​លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បានបញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​សហព័ន្ធ​បើក​វគ្គ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ​ពី​ក្រៅប្រទេស​។ ការរៀបចំ​តាន​អន​ឡាញ​នេះ ធ្វើឡើង​ក្រោយ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​រួមទាំង​កម្ពុ​ជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ដូច្នេះ​ការធ្វើ​បែបនេះ ជា​កត្តា​មួយ​ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ការ​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩​។   
 
​បើតាម​អគ្គលេខាធិការ​រូបនេះ សិក្ខាកាម​ទាំង​១៨​រូប ដែល​ចូលរួម​រៀន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ សុទ្ធសឹង​ជា​គ្រូបង្វឹក ដែល​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​វគ្គ​គ្រូបង្វឹក​កីឡាហែលទឹក​កម្រិត​មូលដ្ឋាន និង​កម្រិត​ធ​ម្យ​ម​កន្លងមក​។ ក្នុង​សិក្ខាកាម​ដែល​ស្រី​ពីររូប​ទាំងនេះ មាន​សិក្ខាកាម​ពីររូប​មកពី​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ជនពិការ​។​
 
​សិក្ខាកាម​ទាំងនេះ នឹង​ទទួលបាន​ការបណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​បង្វឹក​សិស្ស​ពី​អ្នកជំនាញ​ជនជាតិ​អង់គ្លេស​លោក James Richards ដោយ លោក បង្រៀន​ពី​ប្រទេស​អង់គ្លេស​។ តាម​គម្រោង​អ្នកជំនាញ​រូបនេះ ត្រូវ​មក​បង្វឹក​ដោយផ្ទាល់​នៅ​កម្ពុជា តែ​ត្រូវ​អាក់ខាន​ដោយសារ​ស្ថាន​ភាពមិន​អំណោយផល បន្ទាប់ពី​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​ជាស​កល​។​
 
​គ្រូឧទ្ទេស​រូបនេះ ត្រូវបាន​ផ្តល់​ដោយ​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ ខណៈ​ថវិកា​រៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១-៤ ខែសីហា ឆ្នាំ​២០២០៕    
 

Tag:
 ហែល​ទឹក​
  ហែម គី​រី​
  James Richards
© រក្សាសិទ្ធិដោយ thmeythmey.com