ជាតិ
មន្ទីរបរិស្ថានឧត្តរមានជ័យ បង្ហាញពីយន្តការរបស់ខ្លួនក្នុងការគ្រប់គ្រងសំរាម 28, Aug 2020 , 9:29 pm
![](https://image.thmeythmey.com/pictures/2020/08/28/thumb2/front.png)
×![]()
ភ្នំពេញ៖ កំណើនប្រជាជន ទេសចរ និងកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថាន បានប្រាប់សារព័ត៌មានThmeythmey25ថាសំរាមទាំងនោះ ភាគច្រើនជាសំណល់ប្លាស្ទិក។ ដើម្បីសោភណភាពខេត្ត រដ្ឋបាលខេត្ត បានដាក់ចេញយន្តការមួយចំនួន គ្រប់គ្រងបញ្ហាសំរាមនៅក្នុងខេត្តនេះ។
សំណល់សំរាម នៅក្នុងខេត្តឧត្តរមានជ័យ បានកើនឡើងពីមួយឆ្នាំ ដោយសារតែការកើនឡើងនៃចំនួនប្រជាពលរដ្ឋក្នុង អ្នកចំណូលថ្មី និងកំណើនសេដ្ឋកិច្ច។ នេះបើតាមលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ដែលបានពន្យល់ប្រាប់ ThmeyThmey25 បន្ថែមដូច្នេះ៖«ពីមួយថ្ងៃទៅមួយថ្ងៃសំរាមមានការកើនឡើងជាលំដាប់»។ លើសពីចំនួនពលរដ្ឋ ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្ត ជាកត្តាចម្បងដែលធ្វើឲ្យសំរាមកើនឡើងរាល់ថ្ងៃ ពិសេសនៅតាមរមណីយដ្ឋាននានា និងតំបន់សក្ដានុពលទេសចរណ៍ផងដែរ។
ដើម្បីធានាបានសណ្តាប់ធ្នាប់ និងសោភណភាពខេត្ត យន្តការគ្រប់គ្រងសំរាម គឺជាការងារអាទិភាព ក្នុងចំណោមការងារអាទិភាពដទៃទៀត។ តាមលោក ភួង លីណា រដ្ឋបាលខេត្តឧត្តរមានជ័យ បានទទួលកញ្ចប់ថវិកាប្រមាណ៣០០លានរៀល ក្នុងឆ្នាំ២០២០ ពីក្រសួងបរិស្ថាន ដើម្បីផ្តោតលើការងារគ្រប់គ្រងសំរាម ដែលរួមបញ្ចូលទាំងការប្រមូល និងដឹកជញ្ជូនសំរាមនៅក្រុងសំរោង យកទៅចោលនៅទីលានចាក់សំរាមក្រុង។
ក្រៅពីនេះ រដ្ឋបាលក្រុងសំរោង ក៏មានកិច្ចសន្យា ជាមួយនឹងក្រុមហ៊ុនឯកជន លើសេវាប្រមូលសំរាម គ្រប់ដណ្ដប់នៅលើតំបន់ ដែលមានប្រជាជនរស់នៅច្រើន និងមានលទ្ធភាពបង់ថ្លៃសេវាផងដែរ។
![](https://image.thmeythmey.com/pictures/2020/08/28/thumb2/somram.jpg)
រូបភាពពីហ្វេសប៊ុក លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ
ចំណែកឯ តាមបណ្ដាស្រុកចំនួន៤ផ្សេងរបស់ខេត្តឧត្តមានជ័យ មានស្រុកចុងកាល់ ត្រពាំងប្រាសាទ អន្លង់វែង និងបន្ទាយអំពិលនោះ ក៏មានទីលានចាក់សំរាមរៀងៗខ្លួនដែរ។ ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យបញ្ជាក់ប្រាប់ thmeythmey25 ដូច្នេះ រួចបន្តថា ក្រៅពីទីលានចាក់សំរាម ខេត្តឧត្តរមានជ័យ ក៏មានឡដុតសំរាមមួយ នៅក្នុងក្រុងសំរោងដែរ ប៉ុន្តែមិនសូវបានប្រើប្រាស់សម្រាប់ដុតសំរាមឡើយ ដោយសារតែទីលានចាក់សំរាមនៅក្រុងសំរោង ដែលមានផ្ទៃដី ប្រមាណ៩ហិកតានោះ នៅអាចទទួលបរិមាណសំរាមបន្ថែមទៀតបាន។
«ឡដុតសំរាមមិនមែនជាគោលដៅសម្រាប់ដុតសំរាមគ្រប់ប្រភេទទេ ហើយសំរាមនៅទីលានក៏គ្មានការបែងចែកដែរ»។ នេះជាការលើកឡើងរបស់ លោក ប្រធានមន្ទីរបរិស្ថាន ដោយបន្ថែមពីការយល់ឃើញរបស់ខ្លួនថា ការញែកសំរាម មិនមែនជាយន្តការកាត់បន្ថយការកើនឡើងសំរាមទេ ប៉ុន្តែវាគ្រាន់តែអាចកាត់បន្ថយបរិមាណសំរាម ដែលត្រូវយកទៅបោះចោលនៅទីលានចាក់សំរាមប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com